ព័ត៌មានទាន់ហេតុការណ៍៖

លោកលី ហួរ កសិករចិញ្ចឹមឃ្មុំ រកប្រាក់ចំណូលបាន១ខែ ៥ពាន់ដុល្លារ

ចែករំលែក៖

        ខេត្តសៀមរាប៖ វិស័យកសិកម្មនៅតែជាវិស័យមួយ ដែលជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតំបន់ជន បទ ឱ្យមានភាពល្អប្រសើរតាមរយៈការចិញ្ចឹមសត្វ ការដាំដំណាំគ្រប់ប្រភេទ បើទោះបីជាប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងស្ថានភាពនៃការរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក៏ដោយ។
      ជាក់ស្តែងមួយរយៈចុងក្រោយនេះ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប យើងសង្កេតឃើញថា វិស័យកសិកម្មមានសន្ទុះកើនឡើង ជាពិសេសការដាំបន្លែ និងការចិញ្ចឹមសត្វ។ ពាក់ព័ន្ធនឹងវិស័យកសិកម្មនេះដែរ យុវជនម្នាក់បានចាប់របរចិញ្ចឹមឃ្មុំដោយទទួលបានប្រាក់ចំណូលប្រចាំខែខ្ពស់។
        លោក លី ហួរ ជាប្រជាពលរដ្ឋម្នាក់នៅឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀម រាប បានបញ្ជាក់ ឲ្យដឹងនៅថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២១នេះថា៖  លោកបានចិញ្ចឹមឃ្មុំជាមួយអ៊ំរបស់លោកនៅខេត្តរតនគិរី រយៈចំនួន៤ឆ្នាំមកហើយ។ បន្ទាប់ពីទទួលបានជំនាញច្បាស់លាស់ពីការចិញ្ចឹមឃ្មុំនេះ លោក បានសម្រេចចិត្តមកចិញ្ចឹមនៅស្រុកកំណើតរបស់លោកវិញជាមួយនឹងធុងសម្រាប់ចិញ្ចឹមឃ្មុំចំនួន ១០០ សម្រាប់ជំហានដំបូង។
      លោកបានបន្តថា ការចិញ្ចឹមឃ្មុំនេះ គឺមាន ភាពងាយស្រួលជាងការចិញ្ចឹមសត្វ និងដាំដំណាំផ្សេងៗ ដោយការចិញ្ចឹមឃ្មុំនេះ ដំបូងត្រូវមានធុង បង្គង ក្រមួន និងមេឃ្មុំ ដែលទិញមកពីអ្នកចិញ្ចឹមមុនៗ។ លោកបន្ដថា សម្រាប់ស្រុកបន្ទាយស្រីនេះ គឺជាទីតាំងល្អមួយក្នុងការចិញ្ចឹមឃ្មុំ ដោយសារទីនេះមានផ្កាព្រៃ និងផ្កាដែលគេដាំច្រើន ស្រួលដល់មេឃ្មុំទៅក្រេបយកលម្អងមក។
       លោក លី ហួរ ពន្យល់ថា ឃ្មុំដែលចិញ្ចឹមនេះ គឺទឹករបស់វាមានលក្ខណៈធម្មជាតិដូចឃ្មុំព្រៃដែរ ព្រោះមេឃ្មុំដែលលោកចិញ្ចឹមនេះវាចេញទៅក្រេបផ្កាព្រៃ ឬផ្កាដែលគេដាំយកមកដូចគ្នា ដោយពុំមានដាក់សារធាតុអ្វីផ្សេងទេ។ លោកបានបញ្ជាក់ថា សម្រាប់ការងារចិញ្ចឹមឃ្មុំរបស់លោកគឺមានការបែងចែងជាពីររដូវកាល គឺនៅរដូវប្រាំង ចាប់ពីខែមករាដល់ឧសភា គឺលោកចិញ្ចឹមឃ្មុំយកទឹក។ ចាប់ពីខែមិថុនា ដល់ខែកញ្ញា គឺលោកចិញ្ចឹមឃ្មុំយកកូនលក់វិញ។ សម្រាប់ផលិតផលដែលទទួលបានសម្រាប់ឃ្មុំចំនួន ១០០ធុងនេះ ក្នុង១ខែលោកអាចប្រមូលទឹកឃ្មុំបានចំនួន៣ដង ក្នុងមួយដងបាន ១៥កាន ស្មើ នឹង៤៥០លីត្រ ហើយតម្លៃនៃការលក់ចេញទៅកាន់ទីផ្សារក្នុងមួយលីត្រ១០ម៉ឺនរៀល។ ប៉ុន្តែសម្រាប់តម្លៃនៃការលក់ដុំគឺមានតម្លៃផ្សេងទៅតាមការចរចាគ្នា។ ដូច្នេះក្នុងមួយខែលោកអាចរកប្រាក់ចំណេញពីការលក់ទឹកឃ្មុំទៅឱ្យអ្នកលក់ដុំបានជាង ៥ពាន់ដុល្លារអាមេរិក។
     ទៅថ្ងៃអនាគត លោកមានគម្រោងដាក់ធុងចិញ្ចឹមឃ្មុំនេះឱ្យបានច្រើន និងរៀបចំកន្លែងចិញ្ចឹមឃ្មុំនេះ ដើម្បីអាចឱ្យភ្ញៀវទេសចរចូលទស្សនាឈ្វេងយល់ពីរបៀបនៃការចិញ្ចឹមឃ្មុំ ហើយនឹងអាចក្លាយជាផលិតផលទេសចរណ៍មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅខេត្តសៀមរាបបានយូរ និងទាញយកចំណូល ពីវិស័យទេសចរណ៍សម្រាប់ ប្រជាពលរដ្ឋ នៅជនបទដោយផ្ទាល់៕ ដោយ៖សំរិត

ចែករំលែក៖