ខេត្តបន្ទាយមានជ័យ៖ សត្វជ្រូករស់ដែលក្រុមឈ្មួញលួចដឹកពីប្រទេសថៃនាំចូលតាមច្រករបៀងចំនួន៣០ក្បាល ត្រូវបានមន្ត្រីជំនាញស្ទាក់ចាប់និងយកទៅពិសោធន៍ហើយបានរកឃើញជំងឺប៉េស្តអាហ្វ្រិករួចក៏យកទៅដុតកម្ទេចចោលកាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នៅចំណុច ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ។
ពិធីនេះមានការចូលរួមដោយលោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារត្រួតពិនិត្យ និងបង្ក្រាបបទល្មើសចលនាសត្វ លោកហ៊ុយទូច ប្រធានការិយាល័យបសុពេទ្យ លោកតេង សាម៉ៃ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។
គួររំលឹកថានៅយប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាល ស្រុកស្វាយចេក និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានចុះឆ្មក់ស្ទាក់ចាប់បទល្មើសផលិតកម្មសត្វបាន២ករណីករណីទី១បង្ក្រាបរថយន្តម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥ កៅអី ពាក់ស្លាកលេខភ្នំពេញ2Q-2123 ដឹកសត្វជ្រូករស់ចំនួន២០ក្បាល។ ដែលរថយន្តខាងលើនេះ បាននាំចូលសត្វជ្រូករស់មកពីប្រទេសថៃ តាមច្រករបៀងអូរបីជាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ។
ការនាំចូលសត្វជ្រូកនិងការដឹកជញ្ជូននោះ គ្មានលិខិតអនុញ្ញាតអ្វីទេ ។ចំណែកករណីទី២ កាលពីម៉ោង៧និង៣២នាទី ព្រឹកថ្ងៃទី៧មខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់គោយន្ត១គ្រឿងដឹកសត្វជ្រូករស់ចំនួន១០ក្បាលគោយន្ត ខាងលើបាននាំចូលសត្វជ្រូករស់មកពីប្រទេសថៃ តាមច្រករបៀងចំការគក្នុងភូមិចម្ការគ ឃុំចម្ការគ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។បទល្មើសទាំង២ករណីខាងលើនេះសមត្ថកិច្ចយកទៅ រក្សាទុកនៅទីតាំងចត្តាឡីស័កសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។
បន្ទាប់ពីមន្ត្រីជំនាញយកសំណាកឈាមជ្រូកទៅពិនិត្យនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មនៃអគ្គនាយកដ្ឋានសុខភាពនិងផលិតកម្មសត្វ លទ្ធផលថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២១ឃើញថា វិជ្ជមានជំងឺប៉េស្តជ្រូកអាហ្វ្រិក ។ករណីនេះ អគ្គនាយកដ្ឋាន សូមជម្រាបជូនដល់សាធារណជន អ្នកចិញ្ចឹមសត្វពិសេសអ្នកចិញ្ចឹមជ្រូកនិងអ្នកពិឃាតសត្វនូវវិធានការបន្ទាន់ដូចខាងក្រោម៖១/-អគ្គនាយកដ្ឋានសុខភាពនិងផលិតកម្មសត្វនឹងចុះសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីកម្ទេចវត្ថុតាងបទល្មើសជាក់ស្តែងទៅតាមវិធានបសុព្យាបាល។ ២/-ការិយាល័យផលិតកម្មនិងបសុព្យាបាលរាជធានី-ខេត្ត ត្រូវពង្រឹងការគ្រប់គ្រងត្រួតពិនិត្យនិងបង្ក្រាបបទល្មើសចលនាសត្វខុសច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់ ៣/-កសិករ ពាណិជ្ជករ ជាអ្នកចិញ្ចឹមជ្រូកត្រូវមានវិធានការជីវសុវត្ថិភាពកន្លែងចឹញ្ចឹមសត្វជាប្រចាំដើម្បីជៀសវាងការចម្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនិងជំងឺផ្សេងទៀត ។៤/-គ្រប់សត្តឃាតដ្ឋានរាជធានី ខេត្តត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចធ្វើជីវសុវត្ថិភាពជាប្រចាំនិងត្រូវទិញជ្រូករស់ពីក្រុមហ៊ុនស្របច្បាប់ដែលចេញដោយក្រសួងកសិកម្មមកធ្វើពិឃាត។៥/-អាជីវករ ពណិជ្ជករឬក្រុមហ៊ុននាំចូលសត្វរស់ទាំងអស់ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំនិងវិធានការអនាម័យសត្វរបស់អគ្គនាយកដ្ឋាននូវគោលការណ៍បច្ចេកទេស១២ចំណុចសម្រាប់អ្នកនាំចូលនិងនាំឆ្លងកាត់ ជាពិសេសចំណុចទី១២ ដែលតម្រូវឲ្យក្រុមហ៊ុនមានទីតាណងធ្វើចត្តាឡីស័កនៅចុងទីនៃប្រទេសនាំចេញដើម្បីងាយស្រួលដល់មន្ត្រីបច្ចេកទេសត្រួតពិនិត្យមុននាំចូលឬនាំឆ្លងកាត់ទៅប្រទេសផ្សេងទៀត ដែលបច្ចុប្បន្នមានតែក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះ ដែលបានបំពេញលក្ខ័ខ័ណ្ឌនេះ។លក្ខខ័ណ្ឌទាំងអស់នេះគឺដើម្បីជៀសវាងនូវការនាំជំងឺសត្វឆ្លងដែនមកបំផ្លាញសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសហគមន៍អ្នកចិញ្ចឹមសត្វនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។៦/-ប្រសិនបើសាធារណជនបានដឹងឬបានឃើញជាក់ស្តែងនូវការនាំចូលសត្វខុសច្បាប់ សូមជូនដំណឹងមកលោកហ៊ុន សារ៉ាត់ ប្រធានក្រុមការងារត្រួតពិនិត្យនិងបង្ក្រាបបទល្មើសចលនាសត្វតាមរយៈទូរស័ព្ទ ០១២ ៨២៨ ២០៩ ៕
ដោយ៖ វណ្ណា