ភ្នំពេញ ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ ចំណុះទីស្ដីការក្រសួងមហាផ្ទៃ ក្រោមការដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា បានអញ្ចើញចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្តនៅមន្ទីរពេទ្យ ១៦ ឧសភា ដែលមានទីតាំងស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ដើម្បីឲ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ដ្រីនគរបាលជាតិ មន្រ្តីរាជការស៊ីវិល ដែលបម្រើការងារនៅទីស្ដីក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅបានរលូនប្រកបដោយប្រសិទ្ធភាព និងមានសណ្ដាប់ធ្នាប់ល្អ ធានាបាននូវវិធានការដែលកំណត់ដោយក្រសួងសុខាភិបាលនោះ ក្រសួងមហាផ្ទៃបានណែនាំដល់ថ្នាក់ដឹកនាំ មន្ដ្រីនគរបាលជាតិ មន្រ្តីរាជការស៊ីវិលគ្រប់ជាន់ថ្នាក់ចូលរួម និងចាត់ចែងមន្ដ្រីក្រោមឱវាទ ដែលចំណុះទីស្ដីការក្រសួងមហាផ្ទៃ ឲ្យចូលរួមចាក់វ៉ាក់សាំង ផ្អែកតាមគោលការណ៍ស្ម័គ្រចិត្តនៅមន្ទីរពេទ្យ ១៦ ឧសភា ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ខាងមុខ។
សូមបញ្ជាក់ដែរថា តាមរយៈការរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ ១៦ ឧសភា តាមគោលការណ៍ស្ម័គ្រចិត្តនេះ គិតចាប់ពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ពោលគឺមានរយៈពេល០៥ថ្ងៃកន្លងមកនេះ គឺមានថ្នាក់ដឹកនាំ មន្ដ្រីនគរបាលជាតិ មន្រ្តីរាជការស៊ីវិល បានចូលរួមយ៉ាងច្រើនផុលផុស ហើយនិងបានអនុវត្តគោរពតាមវិធានការការពាររបស់ក្រសួងសុខាភិបាលដោយរក្សាគម្លាត ព្រមទាំងមានកន្លែងបាញ់អាកល់ និងវ៉ាស់កម្ដៅ ផងដែរ។
គួរជម្រាបជូនផងដែរថា សម្រាប់អ្នកដែលបានចូលរួមចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ លើកទី១ រួចហើយនោះ គឺត្រូវថែរក្សាសុខភាពតាមការណែនាំរបស់គ្រូពេទ្យ និងត្រូវត្រឡប់មកចាក់វ៉ាក់សាំងជាលើកទី២វិញ ឲ្យបានទាន់ពេលវេលាដែលបានកំណត់។ ជាពិសេស ត្រូវចងចាំថា វ៉ាក់សាំង គឺមិនមានប្រសិទ្ធភាព ១០០% នោះទេ តែវាអាចកាត់បន្ថយឱកាស នៃការឆ្លងជំងឺកូវីដ-១៩ ឲ្យនៅតិចបំផុត ដូច្នេះត្រូវតែរក្សាសុខភាព និងប្រុងប្រយ័ត្នបន្ថែមទៀត ហើយត្រូវតែបន្តអនុវត្តតាមគោលការណ៍ ៣កុំ ៣ការពារ របស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ។
ជាងនេះទៅទៀត ប្រការត្រូវចង់ចាំក្រោយពេលចាក់វ៉ាក់សាំង រួមមាន ៖ ទី១-ក្រោយពេលចាក់វ៉ាក់សាំងរួច ត្រូវបន្ដតាមដានឲ្យដិតដល់ក្នុងពេល៧២ម៉ោងចៀសវាងសកម្មភាពប្រើកម្លាំងធ្ងន់ធ្ងរធ្វើការគេងសម្រាក់ឲ្យបានគ្រប់គ្រាន់, ទី២-ក្រោយពេលចាក់វ៉ាក់សាំងរួចត្រូវបន្ថែមថាមពល ប្រូតេអ៊ីន វិតាមីន និងអាហារជីវជាតិ។ ក្នុងរយៈពេលមួយសប្ដាហ៍ចៀសវាងបរិភោគអាហារមានជាតិហឺល មិនត្រូវពិសារជាតិស្រវឹង ជាពិសេស អ្នកដែលមានប្រតិកម្មនឹងជាតិអាល់កុល ដែលអាការៈប្រតិកម្មជាតិអាល់កុលអាចនាំឲ្យមានប្រតិកម្មកាន់តែខ្លាំងក្រោយពេលចាក់វ៉ាក់សាំង ឬធ្វើឲ្យវ៉ាក់សាំងបាត់បង់ប្រសិទ្ធភាព និងទី៣-ក្រោយពេលចាក់វ៉ាក់សាំង ត្រូវយកចិត្តទុកដាក់បង្ការជំងឺផ្ដាសាយត្រូវបរិភោគទឹកឲ្យបានច្រើនក្នុងរយៈពេល១២ម៉ោង ពេលងូតទឹកត្រូវយកបង់បិទដំបៅ ឬបង់ស្អិតបិទការពារកន្លែងចាក់វ៉ាក់សាំង និងក្រោយ១២ម៉ោងពេលងូតទឹកមិនត្រូវប៉ះពាល់កន្លែងចាក់វ៉ាក់សាំង៕
ដោយ៖ សិលា