ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃ យ៉ាន់ វណ្ណធឿន ចៅអធិការវត្តសំរោងធំ បួសជាសង្ឃ តែមិនគោរពច្បាប់ប្រទេស ប្រឆាំងសាលដីកាតុលាការកំពូល ដែលចូលជាស្ថាពរ និងមិនគោរពតាមការត្រាស់បង្គាប់ពីព្រះមហាក្សត្រ(មានវីដេអូ​)

ចែករំលែក៖

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋបានលើកឡើងថា ព្រះសង្ឃ យ៉ាន់ វណ្ណធឿន ចៅអធិការវត្តសំរោងធំ នៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បួសជាសង្ឃ តែមិនគោរពច្បាប់ប្រទេស ប្រឆាំងសាលដីកាតុលាការកំពូល ដែលចូលជាស្ថាពរ និងមិនគោរពតាមការត្រាស់បង្គាប់ពីព្រះមហាក្សត្រ។

សូមបញ្ជាក់ថា, ក្នុងរឿងក្តីនេះជាប្រជាពលរដ្ឋ អតីតជាសេនាជនចំនួន ១៥គ្រួសារ ឈ្នះក្តី មានសាលដីកាចូលជាស្ថាពរ ហើយបានដំណើរការសុំអនុវត្តសាលដីកា តាមនីតិវិធីតាំងពីអំឡុងឆ្នាំ២០១៦ មកម្ល៉េះ ប៉ុន្តែការស្នើសុំអនុវត្តសាលដីកានេះ តែងតែមានការរាំងស្ទះអូសបន្លាយរហូត មិនព្រមឱ្យអនុវត្ត មើលស្រាលយ៉ាងធ្ងន់ធ្ងរដល់សាលដីកាតុលាការកំពូល។ ដូច្នេះប្រជាពលរដ្ឋ អតីតជាសេនាជនចំនួន ១៥គ្រួសារ ដែលឈ្នះក្តី មានចម្ងល់ថា, មានសាលដីកាស្ថាពរហើយ ដល់ពេលស្នើសុំអនុវត្តទាល់តែតុលាការក្នុងសំណុំរឿងអនុវត្ត ស្នើសុំមកអភិបាលខេត្ត ហើយលុះណាអភិបាលខេត្តឯកភាពទើបចេញសេចក្តីជូនដំណឹងឲ្យអនុវត្ត អនុវត្តបាន បើអភិបាលខេត្តមិនឯកភាពទេអនុវត្តមិនបានជារៀងរហូត។

សូមជម្រាបជូនថា, ករណីនេះកើតឡើងតាំងពីសម័យ លោក ម៉ៅ ភិរុណ ធ្វើជាអភិបាលខេត្តកណ្ដាល ហើយវប្បធម៌នេះបន្តដល់បច្ចុប្បន្ន។

ប្រជាពលរដ្ឋ អតីតជាសេនាជនចំនួន ១៥គ្រួសារ ដែលឈ្នះក្តី បានលើកឡើងថា, ការដែលអនុវត្តមិនបាននេះ គឺតាំងពីជំនាន់លោក ម៉ៅ ភិរុណ នៅធ្វើជាអភិបាលខេត្តរហូតមកដល់បច្ចុប្បន្ន។

ប្រជាពលរដ្ឋបានរៀបរាប់ទៀតថា នៅអំឡុងឆ្នាំ១៩៧៩ អតីតកងសេនាជនទាំង១៥គ្រួសារ បានបង្កបង្កើនផលលើដីដែលមានទំហំ ២ហិកតាជាក្រុមសាមគ្គីទី១៦។ ក្រោយមកនៅឆ្នាំ១៩៨៨ គណៈកម្មការភូមិ សំរោងក្អែរ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានធ្វើការបែងចែកដីទំហំ ២ហិកតា ដែលមានទទឹង ៤០ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រ ដែលមានព្រំប្រទល់ខាងជើងទល់ក្រុមហ៊ុន ចំរើនចំកាត់ ខាងត្បូងទល់ផ្លូវលំទៅទន្លេ ខាងកើតទល់ទន្លេមេគង្គ ខាងលិចទល់ផ្លូវលំក្នុងភូមិ ឱ្យមកកងសេនាជនឃុំសំរោងធំទាំង១៥គ្រួសារ បង្កបង្កើនផល ដោះស្រាយជីវភាពក្នុងគ្រួសារ។

នៅឆ្នាំ១៩៩០ អង្គភាពសេនាជនបានដាក់ពាក្យសុំកាន់កាប់ប្រើប្រាស់ដីធ្លីទៅរដ្ឋអំណាចភូមិឃុំ តាមចំណារលេខៈ ៤៩៩១ ចុះថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ១៩៩០ របស់លោក ទេព ឈួន ជាមេឃុំសំរោងធំ។

នៅឆ្នាំ១៩៩៧ គណៈកម្មការវត្តសំរោងធំ និងព្រះសង្ឃព្រះនាម យ៉ាន់ វណ្ណធឿន បានមកបង្កទំនាស់ជាមួយ ប្រជាពលរដ្ឋដែលជាកងសេនាជនទាំង១៥គ្រួសារ ដោយអះអាងថាជាដីរបស់វត្តសំរោងធំ។ ដោយពុំអាចរកដំណោះស្រាយបាន កងសេនាជនទាំង១៥គ្រួសារបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ឱ្យជួយដោះស្រាយ ពេលនោះមានគណៈកម្មការដោះស្រាយវិវាទដីធ្លី បានចុះទៅដោះស្រាយដល់ទីតាំងដីទំនាស់រួមមានៈ ឯកឧត្តម ប៉ុល លឹម តំណាងក្រសួងមហាផ្ទៃ, ឯកឧត្តម ប្រាក់ សាវុធ តំណាងសាលាខេត្តកណ្ដាល, លោក គាត ហូរ តំណាងសាលាស្រុកកៀនស្វាយ និងតំណាងអាជ្ញាធរពាក់ព័ន្ធបានចូលរួមដោះស្រាយករណីវិវាទនេះផងដែរ។ បន្ទាប់ពីធ្វើការដោះស្រាយរួចរាល់មកលទ្ធផលចុងក្រោយ សាលាខេត្តកណ្ដាលបានចេញលិខិតលេខៈ ០២៥ ស..ណ ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ១៩៩៨ បានសម្រេច ប្រគល់ដីទំនាស់នេះមកឱ្យប្រជាពលរដ្ឋ១៥គ្រួសារ ជាអតីតសេនាជនឃុំសំរោងធំបន្ដគ្រប់គ្រងប្រើប្រាស់ដូចពលរដ្ឋដ៏ទៃទៀត។ ក្រោយមកទៀតសាលាស្រុកកៀនស្វាយបានចេញលិខិតលេខៈ ០៥៣ ស..ណ ចុះថ្ងៃទី ២០ ខែ តុលា ឆ្នាំ១៩៩៨ បានសម្រេច រក្សាដីទំនាស់នោះទុកឱ្យប្រជាពលរដ្ឋចំនួន១៥គ្រួសារជាអតីតសេនាជនឃុំសំរោងធំ បន្តគ្រប់គ្រងប្រើប្រាស់ដូចប្រជាពលរដ្ឋដ៏ទៃទៀតដែរ

ចំពោះដីវត្តពិតប្រាកដក្នុងបរិវេណវត្តសំរោងធំ មានប័ណ្ណសំគាល់សិទ្ធិប្រើប្រាស់ដីធ្លីត្រឹមត្រូវ មិនមានការរំលោភបំពានពីពលរដ្ឋណាម្នាក់ឡើយ។

ចាប់តាំងពីឆ្នាំ ១៩៩៩ រហូតដល់ឆ្នាំ២០០៣ កងសេនាជនបានជួលទីតាំងដីខាងលើឱ្យទៅឈ្មោះ ឃឹម វ៉ា និងប្រពន្ធឈ្មោះ​ អ៊ូ ចុច ក្នុងតម្លៃ ៧ម៉ឺនរៀលក្នុងមួយឆ្នាំ។

ស្រាប់តែនៅឆ្នាំ២០០៥ គណៈកម្មការវត្ត និងព្រះសង្ឃព្រះនាម យ៉ាន់ វណ្ណធឿន បានទៅឃុបឃិតជាមួយមន្រ្តីខិលខូចលួចធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខៈ ០១១៧៧១ ដោយពុំឱ្យម្ចាស់ដីបានដឹង និងបានយកដីដែលអាជ្ញាធរខេត្តកណ្ដាល បានប្រគល់ឱ្យកងសេនាជនទាំង១៥គ្រួសារកំពុងគ្រប់គ្រង ទៅធ្វើជាកម្មសិទ្ធិរបស់វត្ត (ជាក់ស្ដែងដាក់ឈ្មោះ ជា យ៉ុន ពុំបានបញ្ជាក់ថា តំណាងឱ្យវត្តទេ) ដោយបំភ្លៃការពិត និងបំភាន់ដល់មន្រ្តីសុរិយោដី និងអាជ្ញាធរដើម្បីឱ្យអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិជូនដល់វត្តសំរោងធំ។

បន្ទាប់ពីចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខៈ ០១១៧៧១ ចុះថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០០៥ ដែលកំណត់ថាដីទំហំ២ហិកតា ស្ថិតនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលកងសេនាជនទាំង១៥គ្រួសារកំពុងកាន់កាប់ និងអាស្រ័យផលនោះជាកម្មសិទ្ធិរបស់វត្តសំរោងធំរួចមក ភិក្ខុសង្ឃ យ៉ាន់ វណ្ណធឿន បានប្ដឹងប្រជាពលរដ្ឋ១៥គ្រួសារ ដែលជាអតីតសេនាជនទៅតុលាការមានទាំងរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ក្រោយមកប្រជាពលរដ្ឋក៏ចាប់ផ្ដើមប្ដឹងតបវិញដោយមាន ឈ្មោះ ឈុំ មុន្នី ជាតំណាងឱ្យប្រជាពលរដ្ឋ១៥គ្រួសារដែលជាអតីតសេនាជន ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានដាក់ពាក្យបណ្ដឹងមកតុលាការ ប្ដឹងសុំឱ្យតុលាការលុបប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខៈ ០១១៧៧១ ចុះថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០០៥ របស់វត្តសំរោងធំ ដែលគណៈកម្មការវត្តភិក្ខុសង្ឃព្រះនាម យ៉ាន់ វណ្ណធឿន បានលួចធ្វើប័ណ្ណយក និងសុំឱ្យតុលាការប្រគល់ដីនោះ ដែលមានទំហំ ២ហិកតា ស្ថិតនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ឱ្យមកអតីតសេនាជន ឃុំសំរោងធំទាំង១៥គ្រួសារវិញ។

ក្រោយដាក់ពាក្យបណ្ដឹងរួចមកតុលាការគ្រប់ជាន់ថ្នាក់ទាំងសាលាដំបូងខេត្តកណ្ដាល, សាលាឧទ្ធរណ៍ និងតុលាការកំពូលបានសម្រេចសេចក្ដីៗដូចគ្នាគឺ ប្រគល់ដីក្នុងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខៈ ០១១៧៧១ ចុះថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០០៥ ឱ្យទៅឈ្មោះ ឈុំ មុន្នី ជាតំណាងឱ្យប្រជាពលរដ្ឋ១៥គ្រួសារដែលជាអតីតសេនាជន ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាន់កាប់ជាកម្មសិទ្ធិ ប៉ុន្ដែត្រូវរក្សាផ្លូវទុកជាសម្បត្តិសាធារណៈទំហំ ៥.៥​​​​ម X បណ្ដោយ៥០០ម ខាងលិចទល់ផ្លូវលំ ខាងកើតទល់នឹងច្រាំងទន្លេ ខាងជើងជាប់ដីទំនាស់ ខាងត្បូងជាប់ដីរបស់ឈ្មោះ ព្រុំ សុវណ្ណ។ កាលដែលតុលាការគ្រប់ជាន់ថ្នាក់វិន្និឆ័យសេចក្ដីឱ្យប្រជាពលរដ្ឋ១៥គ្រួសារ ឈ្នះក្ដីនេះ គឺតុលាការបានធ្វើការស៊ើបសអង្កេត ចុះស្រាវជ្រាវដល់ទីតាំងដី និងសាកសួរសាក្សីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធយ៉ាងល្អិតល្អន់ និងមានភស្តុតាង ទឡ្ហីករណ៍គ្រប់គ្រាន់ដូចមាននៅក្នុងសំអាងហេតុនៃសាលក្រម សាលដីកាហូរហែជាក់ស្ដែងសាលក្រមសាលាដំបូងខេត្តកណ្ដាល។

សំណុំរឿងរដ្ឋប្បវេណីចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០០៧ នៃសាលក្រមលេខ: ១៤”ន”ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០០៩ បានបញ្ជាក់ថា,

១- ភាគីប្រជាជន១៥គ្រួសារជាចុងចម្លើយនិងជាដើមបណ្តឹងតបធ្លាប់មានទំនាស់គ្នាម្ដងរួចហើយជាមួយភាគីភិក្ខុសង្ឃ យ៉ាន់ វណ្ណធឿន ជាដើមចោទនិងជាចុងបណ្តឹងតប នៅក្នុងឆ្នាំ១៩៩៨ ហើយទំនាស់នោះ បានដោះស្រាយចប់សព្វគ្រប់ហើយនៅថ្នាក់ខេត្តអំពីដីទំនាស់ខាងលើ ដោយសាលាខេត្តកណ្ដាល សំរេចប្រគល់ដីទំនាស់ឱ្យទៅភាគីដើមបណ្តឹងតបជាកងសេនាជនទាំង១៥គ្រួសារបន្តប្រើប្រាស់និងកាន់កាប់ដីទំនាស់ខាងលើរហូតមក

២-ការអះអាងរបស់ភាគីភិក្ខុសង្ឃ យ៉ាន់ វណ្ណធឿន ចុងបណ្តឹងតបដែលថាមានកិច្ចសន្យាដែលអតីតសេនាជនឈ្មោះ៖ ឡុង ឡេង , អាន នី, . ផល ភូន,វ៉ង់ ចន្ថា, ឃុំ សាវឿន, ឃី បូរ, យី វិន, និង ឈ្មោះ ហ៊ីង សុខុន បានធ្វើកិច្ចសន្យាប្រគល់ដីទំនាស់ ឱ្យទៅ វត្តវិញនោះពិតជាមានមែន ប៉ុន្តែអតីតសេនាជនទាំងអស់ខាងលើយល់ព្រមប្រគល់ឱ្យភាគីភិក្ខុសង្ឃ យ៉ាន់ វណ្ណធឿន ជាចុងបណ្តឹងតប លុះត្រាតែចុងបណ្តឹង តប ប្រគល់ ប្រាក់៩០០ដុល្លារ ថ្លៃទិញដីទំនាស់នោះ នៅពេលដែលប្រជាជន១៥គ្រួសារជាដើមបណ្តឹងតបទៅយកប្រាក់បែជាមិនបានទៅវិញ។ ចំពោះកិច្ចសន្យាខាងលើគឺបានធ្វើមុនពេលទទួលបានប្រាក់ ។

៣-ស្តីពីកិរិយាកាន់កាប់ដីទំនាស់របស់ប្រជាជន១៥គ្រួសារជាដើមបណ្តឹងតប ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៨ ជាដីរបស់ក្រុមសាមគ្គីទី១៦ ពីឆ្នាំ១៩៨៨ កងសេនាជនទាំង១៥ គ្រួសារ បានកាន់កាប់អាស្រ័យផលលើដីទំនាស់នោះ រហូតដល់ឆ្នាំ១៩៩០ កងសេនាជន បានដាក់ពាក្យសុំកាន់កាប់ដីទំនាស់នោះ ហើយបានទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។ នៅឆ្នាំ ១៩៩២ វត្តសំរោងធំបានធ្វើប័ណ្ណកម្មសិទ្ធិលើដីរបស់វត្តសំរោងធំ នៅក្នុងប័ណ្ណនោះគ្មានដីទំនាស់ដាក់ជាកម្មសិទ្ធិរបស់វត្តទេ ព្រោះអាជ្ញាធរ និងចៅអធិការវត្តព្រមទាំងគណៈកម្មការវត្ត នៅពេលនោះសុទ្ធសឹងដឹងថាដីទំនាស់ជាដីរបស់កងសេនាជន។

ដូច្នេះកិរិយាកាន់កាប់ដីរបស់ភាគីប្រជាពលរដ្ឋ១៥គ្រួសារជាចុងចម្លើយនិងជាដើមបណ្តឹងតបមានរហូតមកតាំងពីឆ្នាំ១៩៧៩មក ដោយសន្តិវិធីគ្មានការរំខានពីជនណាម្នាក់ឡើយ រហូតដល់ឆ្នាំ២០០៨ ទើបមានការបង្កជំលោះពីភាគីភិក្ខុសង្ឃ យ៉ាន់ វណ្ណធឿនដើមចោទជាចុងបណ្តឹងតប ។

៤-ស្ដីពីនីតិវិធីនៃការចុះបញ្ជីដីដាច់ដោយដុំដើម្បីស្នើធ្វើប័ណ្ណកាន់កាប់អចលវត្ថុលេខកណ០១១៧៧១ ចុះថ្ងៃ០២ ខែកុម្ភៈ ឆ្នាំ២០០៥ មានលក្ខណៈខ្វះចន្លោះមិនបានបំពេញតាមនីតិវិធីនៃការចុះបញ្ជីដី ក្នុងអនុក្រិត្យស្តីពីការចុះបញ្ជីដីធ្លីមាន លក្ខណៈដាច់ដោយដុំលេខ៤៨អនក្រ/បកចុះថ្ងៃទី៣១-០៥-២០០២។ ម្យ៉ាងវិញទៀតផ្អែកតាមកំណត់ហេតុពិនិត្យ និងវាស់វែងទីតាំងដីទំនាស់របស់សាលាដំបូងខេត្តកណ្ដាល ចុះថ្ងៃទី២០-០២-២០០៩ បានលទ្ធផលដូចតទៅៈ

-ប្រវែងទទឹងក្បាលដី : គិតចាប់ពីរបងថ្មក្រុមហ៊ុនសហគ្រាសចំរើនចំកាត់ដោយគិតទាំងផ្លូវចុះទៅទន្លេ (ពីជើងទៅត្បូង) ទៅទល់នឹងបង្គោលថ្មព្រំដីឈ្មោះ ព្រុំ សុវណ្ណ ៤៩.២០ម ។ និងសាក្សីគ្រប់គ្រាន់សមស្របតាមច្បាប់ គប្បីតុលាការច្រានចោលការអះអាង និងការទាមទាររបស់ភិក្ខុសង្ឃ យ៉ាន់ វណ្ណធឿន ដើមចោទនិងជាចុងបណ្តឹងតប។

យោងតាមអង្គហេតុ និងស្ថានភាពទាំងអស់ខាងលើតុលាការសម្រេចទទួលស្គាល់ នូវអត្ថិភាពនៃសិទ្ធិទាមទាររបស់ប្រជាជន១៥គ្រួសារចុងចម្លើយ និងជាដើមបណ្ដឹងតប។ ដូច្នេះការទាមទារបស់ដើមបណ្ដឹងតប មានមូលដ្ឋានគ្រប់គ្រាន់ក្នុងការទទួលស្គាល់នូវការទាមទារនេះ និងច្រានចោលការទាមទាររបស់ភិក្ខុសង្ឃ យ៉ាន់ វណ្ណធឿន ជាដើមចោទនិងជាចុងបណ្តឹងតប។

បន្ទាប់ពីចៅអធិការវត្តសំរោងធំចាញ់ក្តីនៅសាលាដំបូង ក៏បានសម្រេចបន្តប្តឹងទៅសាលាឧទ្ទរណ៍ ក៏សាលាឧទ្ទរណ៍វិនិច្ឆ័យសេចក្តី

-តម្កល់សាលក្រមរដ្ឋប្បវេណីលេខ១៤”ន”ចុះថ្ងៃទី០៣-១២-២០០៩ របស់សាលាដំបូងខេត្តកណ្តាល ទុកជាបានការ។

សូមបញ្ជាក់ថា, ដោយសារតែភាពលោភលន់របស់ចៅអធិការវត្តសំរោងធំ នៅតែបន្តប្ដឹងទៅតុលាការកំពូលទៀត ប៉ុន្តែតុលាការកំពូលបានចេញសាលដីកាឲ្យសេនាជនទាំង ១៥ គ្រួសារនោះឈ្នះជាស្ថាពរដដែល។

ក្នុងនោះតុលាការកំពូល :

-យល់ឃើញថា ភិក្ខុសង្ឃ យ៉ាន់ វណ្ណធឿន ជាចៅអធិការវត្តសំរោងធំជាចុងចម្លើយបានរំលោភបំពានយកដីវត្ត សំរោងធំ ដែលជាដីសម្បត្តិគរុភណ្ឌ ហើយដីនេះតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ៤២ សសរ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៣ បានប្រគល់ដីវត្តទុកឱ្យវត្តវិញ រហូតដល់វត្ត បានធ្វើប្លង់កាន់កាប់ដីជាកម្មសិទ្ធិរបស់វត្តទៀតផង ប៉ុន្តែនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០០៩ ដើមចោទព្រះនាម យ៉ាន់ វណ្ណធឿន បានសុំដកពាក្យបណ្ដឹងទាំងអស់ចេញពីសំណុំរឿងក្តីនេះ ដោយសំអាងហេតុថា មិនចង់ប្តឹងផ្តល់ពុទ្ធបរិស័ទ្ធណាមួយឡើយ ម្យ៉ាងទៀត ដោយសាររឿង នេះ ពុំទាន់មានបញ្ហាអ្វីប៉ះពាល់ធ្ងន់ធ្ងរដល់ដីវត្តនៅឡើយដែរ។ ដូច្នេះ តុលាការកំពូលអាច កំណត់បានថាប្រជាជន១៥គ្រួសារជាចុងចម្លើយពុំបានប៉ះពាល់ដល់ដីរបស់វត្តឡើយ។

-យល់ឃើញថា ពិនិត្យតាមលិខិតលេខ ០២៥ សជណ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៩៨ របស់សាលាខេត្តកណ្តាល ក្រោយពីបានស្រាវជ្រាវដល់មូលដ្ឋានជាក់ស្តែង ខេត្តបានសម្រេច ឯកភាពជាគោលការណ៍ រក្សាដីទំនាស់នេះទុកជូនប្រជាពលរដ្ឋចំនួន ១៥ គ្រួសារ ជាអតីត សេនាជន ឃុំសំរោងធំ ខេត្តកណ្តាលគ្រប់គ្រង ប្រើប្រាស់ដូចពលរដ្ឋដ៏ទៃទៀតដែរ ព្រមទាំង បញ្ជាក់បន្ថែមថា ដីបរិវេណវត្តសំរោងក្អែរ មិនមានការរំលោភបំពានពីពលរដ្ឋណាម្នាក់ ឡើយ។ ដូច្នេះ ការលើកឡើងរបស់ភិក្ខុសង្ឃ យ៉ាន់ វណ្ណធឿន ជាដើមចោទក្នុងពាក្យសុំដកបណ្ដឹងថា មិនមានការបំពាន ដីវត្ដនោះ ជាការត្រឹមត្រូវ។

-យល់ឃើញថា ភាគីប្រជាពលរដ្ឋ១៥គ្រួសារជាចុងចម្លើយបានកាន់កាប់ដីទំនាស់នេះ ជាអង្គភាពសេនាជន ដែលមានសមាជិក ១៥ គ្រួសារ ហើយបានដាក់ពាក្យសុំកាន់កាប់ ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៩០។ នៅលើពាក្យសុំនេះ មានការបញ្ជាក់ពីប្រធានគណៈកម្មការភូមិ សំរោងក្អែរ និងប្រធានគណៈកម្មាធិការប្រជាជនឃុំសំរោងធំលេខ ៤៩៩១ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩០ មុនប័ណ្ណសំគាល់សិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លីលេខ G, ១៨២៦ ចុះថ្ងៃ ទី២៤ ខែសីហា ឆ្នាំ១៩៩២ របស់វត្តសំរោងធំទៅទៀត។

-យល់ឃើញថា ពិនិត្យតាមប័ណ្ណសំគាល់សិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លីលេខ G៨ ១៨២៦ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៩២ ព្រំប្រទល់ដីវត្តសំរោងធំផ្នែកខាងកើត គឺទល់នឹង ដីផ្នូរ ហើយពាក្យសុំកាន់កាប់ដីរបស់ប្រជាជន១៥គ្រួសារជាចុងចម្លើយ ព្រំប្រទល់ខាងលិច គឺទល់ផ្លូវភូមិ ឃើញថា ដីវត្ត និងដីដែលចុងចម្លើយសុំកាន់កាប់ គឺខណ្ឌចែកដាច់ពីគ្នាដោយផ្លូវភូមិ។

-យល់ឃើញថា នៅក្នុងអំឡុងឆ្នាំ១៩៩៨ បន្ទាប់ពីមានលិខិតលេខ ០២៥ សជណ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៩៨ របស់សាលាខេត្តកណ្ដាលរួចមកភិក្ខុសង្ឃ យ៉ាន់ វណ្ណធឿន ជាដើមចោទបានសុំបិណ្ឌ បាតដីនេះ (ទិញដីទំនាស់នេះ) នៅក្នុងតម្លៃ ៩០០ ដុល្លារអាមេរិក ពីចុងចម្លើយទាំង ១៥ គ្រួសារ ក៏ប៉ុន្តែពុំបានប្រគល់ប្រាក់ទេ។ ដូច្នេះ អាចបញ្ជាក់បានថាភិក្ខុសង្ឃ យ៉ាន់ វណ្ណធឿន ជាដើមចោទទទួលស្គាល់ សិទ្ធិជាម្ចាស់របស់ប្រជាជន១៥គ្រួសារចុងចម្លើយលើដីទំនាស់នេះ។

-យល់ឃើញថា ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ០១១៧៧១ ចុះថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០០៥ ដែលធ្វើលើដីទំនាស់នេះ ពុំត្រឹមត្រូវទេ ពីព្រោះពុំមានលទ្ធកម្មសិទ្ធពីភាគីប្រជាជន១៥គ្រួសារជាចុងចម្លើយ។

និយាយជារួមទៅភិក្ខុសង្ឃឈ្មោះ យ៉ាន់ វណ្ណធឿន ចៅអធិការវត្តសំរោងធំ បួសជាសង្ឃ តែមិនគោរពច្បាប់ប្រទេស ប្រឆាំងសាលដីកាតុលាការកំពូល ដែលចូលជាស្ថាពរ និងមិនគោរពតាមការត្រាស់បង្គាប់ពីព្រះមហាក្សត្រ ។

ក្នុងនោះព្រះចៅអធិការវត្តថែមទាំងបានប្តឹងប្រជាពលរដ្ឋដាក់គុក ទាំងបំពានដោយមិនបានគិតអំពីបុណ្យបាប មានចេតនាលោភលន់រំលោភយកដីប្រជាពលរដ្ឋសុទ្ធតែជាអ្នកក្រីក្រ ពិការ ដើម្បីចង់បានដី សុខចិត្តឱ្យតាអាចារ្យឈរឈ្មោះជំនួស រួចហើយលួចសាងសង់សំណង់ ជារូបព្រះពុទ្ធចូលនិព្វាន ក្នុងន័យបន្លំភ្នែកមហាជនថា, ព្រះអង្គគិតគូរលើវិស័យព្រះពុទ្ធសាសនា តែធាតុពិតក្នុងគោលបំណងចង់បានដីប្រជាពលរដ្ឋដែលដឹងថា , មានសាលដីកាស្ថាពរទៅហើយ ដោយដី២ហិកតា សង់រូបព្រះពុទ្ធចូលព្រះនិព្វានលើដីមិនបាន១ពាន់ម៉ែត្រការ៉េផង ។

ក្នុងរឿងនេះ សូម្បីតែអាជ្ញាសាលាក៏មិនបានចុះអនុវត្តសាលដីកាឱ្យដែរ ដោយរង់ចាំការអនុញ្ញាតពីប្រធានតុលាការ , បើខាងសាលាដំបូងខេត្តកណ្ដាលវិញ មិនព្រមអនុវត្តសាលដីកា ដោយសាររង់ចាំការអនុញ្ញាតឬការចេញសេចក្តីជូនដំណឹងរបស់សាលាខេត្ត សុទ្ធតែផ្ទុយអំពីនីតិវិធីទាំងស្រុង ។

បញ្ហានេះ, ត្រូវបានលេចឮថា មានអ្នកធំនៅខេត្តកណ្ដាលនៅពីក្រោយខ្នង ដើម្បីឃុបឃិតជាមួយនឹងចៅអធិការវត្ត ក្នុងគោលបំណងយកដីនេះទៅលក់ឱ្យក្រុមហ៊ុន ។ ប៉ុន្តែខាងក្រុមហ៊ុនបដិសេធមិនព្រមទិញ ដោយយល់ឃើញថា, ដីទាំងនោះជាដីស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋអតីតជាសេនាជន ចំនួន១៥គ្រួសារ ដែលមានសាលដីកាស្ថាពរ។

ថ្មីៗនេះ ចៅអធិការវត្តខាងលើ បានរៀបចំធ្វើកម្មវិធីអភិសេក ទាំងរូបព្រះពុទ្ធចូលនិព្វានមិនទាន់សាងសង់ហើយជាស្ថាពរ ហើយស្ថិតក្នុងបរិបទនៃការហាមឃាត់ក្នុងការជួបជុំធ្វើបុណ្យទានក្នុងសម័យកូវីដ-១៩នេះដោយមិនគោរពតាមការណែនាំរបស់អាជ្ញាធរឡើយ

ពាក់ព័ន្ធករណីនេះលោក សៀក សារឿន ប្រធានមន្ទីរធម្មការ និងសាសនា នៅព្រឹកថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២១ មិនបានធ្វើការបកស្រាយទេ តាមទូរស័ព្ទជាមួយអង្គភាពនគរវត្ត លោកបញ្ជាក់ថា កំពុងជាប់រវល់ការងាររួចក៏បិទទូរស័ព្ទ។ ដោយឡែកលោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ដែលជាអតីតជាអភិបាលខេត្តកណ្ដាល ជាមួយនឹងការលើកជាសំណួរថា កាលពីអតីតកាលពីឯកឧត្តមនៅកាន់តំណែងជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល គឺមានដីការក្សាការពារចេញមកមិនឱ្យភិក្ខុសង្ឃ យ៉ាន់ វណ្ណធឿន ចៅអធិការវត្តសំរោងធំ សាងសង់រូបព្រះពុទ្ធចូលនិព្វានលើដីមានទំនាស់នេះទេ។ ប៉ុន្ដែខាងអាជ្ញាធរខេត្តអត់ដែលឃាត់ទេ គឺអនុញ្ញាតឱ្យសាងសង់រហូត។ ក្រោយមកប្រជាពលរដ្ឋជាអតីតសេនាជនទាំង១៥គ្រួសារ ស្នើសុំអនុវត្តសាលដីកាស្ថាពរពីតុលាការកំពូល មិនអនុញ្ញាតឱ្យអនុវត្តទៀត។ ក្រោយមកព្រះចៅអធិការវត្តបានរៀបចំធ្វើអភិសេកមានពាក្យចចាមអារ៉ាមថា មានការសម្របសម្រួលពីឯកឧត្តមដើម្បីឱ្យព្រះអង្គចៅអធិការវត្តរៀបចំធ្វើបុណ្យក្នុងសម័យបរិបទកូវីដ-១៩នេះ តើជាការពិត ឬមួយយ៉ាងណា? លោកបានបញ្ជាក់តាម Telegram ថា​ “ខ្ញុំមិនដែលណែនាំឱ្យ ឬអនុញ្ញាតឱ្យព្រះចៅអធិការវត្ត និងគណៈកម្មាការវត្តធ្វើពិធីបុណ្យក្នុងសម័យបរិបទ កូវីដ-១៩ដូចខាងសារព័ត៌មាននគរវត្តរបស់លោកលើកមកនិយាយនោះទេ”។ ចំពោះលោក ជិន ម៉ាលីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ចំពោះសំនួរសួរថាៈ មានប្រជាពលរដ្ឋលើកឡើងថានៅខេត្តកណ្ដាលរាល់ការអនុវត្តសាលាដីកាស្ថាពរ ឬសាលក្រមស្ថាពរ គឺទាល់តែស្នើសុំទៅអភិបាលខេត្ត ហើយបើមានសេចក្ដីជូនដំណឹងពីអភិបាលខេត្តឯកភាពឱ្យអនុវត្ត ទើបអនុវត្តបាន។ មានន័យថាបើអភិបាលខេត្តមិន​ឯកភាពទេ គឺអនុវត្តមិនបាន ខុសប្លែកពីខេត្តដ៏ទៃ ឬមួយអាជ្ញាសាលាដែលត្រូវអនុវត្តសាលដីកាស្ថាពរ សាលក្រមស្ថាពរ ចំណុះនៅក្រោមអភិបាលខេត្ត ហើយបើអភិបាលព្រមទើបអនុវត្តបាន ឬមួយយ៉ាងណា? លោកបានធ្វើការបកស្រាយថា “ការជូនដំណឹងទៅអាជ្ញាធរដែនដីគឺដើម្បីស្នើសុំកម្លាំង និងកិច្ចសហការ មិនមែនសុំការអនុញ្ញាតនោះទេ។

ករណីព្រះសង្ឃ យ៉ាន់ វណ្ណធឿន ចៅអធិកាវត្តសំរោងធំ បួសជាសង្ឃតែមិនគោរពច្បាប់ប្រទេស ប្រឆាំងសាលដីកាតុលាការកំពូល ដែលចូលជាស្ថាពរ និងមិនគោរពតាមការត្រាស់បង្គាប់ពីព្រះមហាក្សត្រ គឺអង្គភាព នគរដ្រេហ្គន មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបាននៅឡើយទេ នៅរសៀលថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២១ ដោយទូរស័ព្ទខលមិនចូល ឬត្រូវបិទទូរស័ព្ទ។

ដោយឡែកនៅរសៀលថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២១ នេះផងដែរ អង្គភាពនគរដ្រេហ្គន មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺពីលោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ដោយទូរស័ព្ទរបស់គាត់ស្ថិតនៅក្រៅតំបន់សេវា៕

ដោយ ៖ សិលា


ចែករំលែក៖