ខេត្តសៀមរាប៖ ការប្រែប្រួលអាកាសធាតុ កំពុងក្លាយជាបញ្ហាកាន់តែលេចធ្លោឡើងទាំងនៅក្នុងកម្រិតអន្តរជាតិ តំបន់ និងនៅប្រទេសកម្ពុជា នេះជាការលើកឡើងរបស់ លោក ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងពេលអញ្ជើញជាអធិបតីបើកសិក្ខាសាលាចែករំលែកចំណេះដឹងរបស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) ចាប់ពីថ្ងៃចន្ទ-អង្គារ ទី៦-៧ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តសៀមរាប ដើម្បីចែករំលែកបទពិសោធន៍ បង្ហាញអំពីការអនុវត្តល្អៗ និងកិច្ចប្រឹងប្រែងនានារបស់អ្នកពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិលើការអនុវត្គម្រោងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
លោកបានបន្ថែមថាឆ្លើយតបនឹងបញ្ហានេះ ជំនួយឥតសំណងរបស់ CCCA3 មានគោលបំណងបង្កើតវិធីសាស្រ្ត និងផ្តល់បច្ចេកវិទ្យាដែលសមស្របនឹងបរិបទប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងអាទិភាពនានាដែលបានរំលេចនៅក្នុងរបាយកាណ៍បច្ចុប្បន្នភាពការរួមចំណែករបស់ជាតិ (Updated NDC) និងផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ល។ លោកបានបញ្ជាក់អំពីសារសំខាន់នៃការចូលរួមពីវិស័យឯកជន ឧទាហរណ៍ការអនុវត្តថាមពលកកើតឡើងវិញ១០០ (Renewable 100)និងការអនុវត្តយន្តការកែសម្រួលកាបូនឆ្លងដែន ។ ជាមួយគ្នានេះ លោក ទិន ពន្លក ក៏បានស្នើឲ្យក្រុមការងារ CCCAធ្វើការសិក្សាអំពីសមិទ្ធផល (Outcome) និងផលប៉ះពាល់ (Impact) នៃការអនុវត្តគម្រោងជាងមួយទស្សវត្សរ៍កន្លងមកទាក់ទងនឹងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងសកម្មភាពនានា ដោយយើងមិនគិតត្រឹមតែកម្រិតលទ្ធផល (Output) នោះទេ។
លោកអនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍រួមមាន សហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រទេសស៊ុយអែត ដែលបានគាំទ្រ CCCA អស់រយៈពេលជាងមួយទសវត្សរ៍នេះ ហើយបានបង្ហាញលទ្ធផលល្អប្រសើរនៃការងារនៃការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា។
ក្នុងឧកាសនេះដែរ លោកបណ្ឌិត វ៉ាន់ មុនីនាថ អគ្គលេខាធិការ ក.ជ.អ.ច. បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានចូលរួមនិងផ្តល់ឱកាសដល់ស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងអង្គការមិនមែនរដ្ឋាភិបាលដែលបានទទួលជំនួយពី CCCA3 ដើម្បីចែករំលែកបទពិសោធន៍លើការអនុវត្តសកម្មភាពប្រែប្រួលអាកាសធាតុជាអាទិភាព និងពិភាក្សាអំពីយុទ្ធសាស្ត្រនានា ដើម្បីធានាថា ជំនួយទាំងនេះនឹងរួមចំណែកដល់ការបង្កើនសមត្ថភាពផ្នែកស្ថាប័ន និងការបង្កើតគម្រោងជោគជ័យនានាដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ រាល់បញ្ហាប្រឈម មតិកែលម្អ និងការអនុវត្តល្អៗរបស់គម្រោងនីមួយៗ ជាធាតុចូលយ៉ាងសំខាន់ក្នុងការពង្រឹងឱ្យការអនុវត្តបានល្អត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់គម្រោង និងដើម្បីជួយគាំទ្រឱ្យមានភាពប្រសើរជាងមុន៕
ដោយ៖ចន្ទ លីហ្សា