ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អំពី ចម្លើយរបស់ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងវគ្គសំណួរចម្លើយនៃ «បាឋកថាអាស៊ានលើកទី២៣៖ ភាពជាប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា» រៀបចំដោយវិទ្យាស្ថាន ISEAS-Yusof Ishak នៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ។
អ្នកសម្របសម្រួល៖ តើឯកឧត្តមរំពឹងបែបណាចំពោះការរីកចំរើននៃកិច្ចចរចាក្រមប្រតិបត្តិនៃភាគីក្នុង សមុទ្រចិនខាងត្បូង? តើឯកឧត្តមជឿជាក់ថា អាចធ្វើបានទេ ក្នុងការបញ្ចប់ការចរចាស្ដីពីសមុទ្រចិនខាងត្បូង ក្នុងឆ្នាំនេះ ហើយតើឯកឧត្ដមយល់ថា អ្វីជាបញ្ហាដែលទាមទារពេលវេលាបន្ថែមទៀត?
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី៖
・ជាបឋម ខ្ញុំអាចនិយាយបានថា វាជាក្តីប្រាថ្នារបស់រាល់ប្រទេសសមាជិកអាស៊ាន ដែលចង់សម្រេច ឱ្យបាននូវក្រមប្រតិបត្តិនៃភាគីក្នុងសមុទ្រចិនខាងត្បូង(COC) ឱ្យបានឆាប់។ ឆ្នាំនេះ យើងអបអរសាទរខួប ២០ឆ្នាំនៃសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដែលត្រូវបានអនុម័តនៅក្នុងប្រទេសកម្ពុជា កាលពី២០ឆ្នាំមុន។ ប្រសិនបើយើងអាចបញ្ចប់ coc ក្នុងឆ្នាំនេះ វាគឺជារឿងដ៏ល្អ មិនមែនសម្រាប់តែកម្ពុជាទេ តែគឺសម្រាប់តំបន់ទាំងមូល។
. ប៉ុន្តែ ខ្ញុំសូមលើកអំពីចំណុចមួយចំនួនពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង។ ខ្ញុំយល់ថា អ្នកទាំងអស់គ្នាក៏ឯកភាពជាមួយខ្ញុំដែរ បញ្ហានេះមានលក្ខណៈស្មុគស្មាញណាស់ ដោយសារមានរដ្ឋ ទាមទារអធិបតេយ្យច្រើន ដែលមានជំហរផ្សេងៗគ្នាពាក់ព័ន្ធនឹងគោលជំហរប្រវត្តិសាស្ត្រ និងផ្លូវច្បាប់។ ហើយយើងទាំងអស់គ្នាដឹងថា សមុទ្រចិនខាងត្បូងមានទីតាំងជាចំណុចយុទ្ធសាស្ត សំខាន់យ៉ាងខ្លាំង ដែលបានធ្វើឱ្យតំបន់នេះក្លាយជាប្រធានបទចំបងក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ។
. ចាប់តាំងពីដើមទស្សវត្សឆ្នាំ៩០ តាំងពីពេលមុនពេលដែលកម្ពុជាចូលជាសមាជិកអាស៊ានទៅទៀត អាស៊ាននិងចិនបានខិតខំគ្រប់គ្រងភាពតានតឹងតាមរយៈការពិគ្រោះយោបល់ និងកិច្ច សន្ទនា ហើយជាលទ្ធផល សេចក្តីថ្លែងការណ៍ DOC ត្រូវបានអនុម័តនៅទីក្រុងភ្នំពេញក្នុងឆ្នាំ ២០០២ សេចក្តីថ្លែងការណ៍នេះបានដើរតួនាទីសំខាន់ក្នុងការបង្កើតនូវបរិយាកាសអំណោយផល សម្រាប់កិច្ចសហប្រតិបត្តិការ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ព្រមទាំងបានលើកកម្ពស់ការជឿជាក់ និងការកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ទោះបីជាមានបញ្ហាប៉ះទង្គិច គ្នាបន្តិចបន្តួចក្តី។
ដូច្នេះ យើងចង់ឃើញការបញ្ចប់ COC ក្នុងឆ្នាំនេះ ប៉ុន្តែខ្ញុំអាចនិយាយបានថា ជាមួយនឹងល្បឿន បច្ចុប្បន្ននេះ ការបញ្ចប់អាចមានការលំបាក ទោះបីជាមានការរីកចំរើនខ្លះជាមួយនឹងការឯកភាពជា បណ្តោះអាសន្នលើបុព្វកថា និងការវិវឌ្ឍរីកចំរើននៅក្នុងផ្នែកកម្មវត្ថុ នៃជំពូកបទប្បញ្ញត្តិទូទៅក៏ ដោយ។
. យើងនៅតែមិនទាន់បោះជំហានលឿនគ្រប់គ្រាន់ ដើម្បីសម្រេចបាននូវក្តីសង្ឃឹមនៃការបញ្ចប់ coc ក្នុងឆ្នាំនេះ។ ដូចដែលយើងបានដឹងហើយថា ក្នុងរយៈពេល ២ឆ្នាំនេះ ជំងឺកូវីដ១៩បានរំខានដល់ ដំណើរការនៃការចរចារបស់យើង ដែលការចរចាបែបនេះទាមទារឱ្យមានការជួបគ្នាទល់មុខ ឬក៏ ត្រូវធ្វើឡើងក្នុងទម្រង់ជាការជួបប្រជុំចង្អៀត។ យើងក៏បានឯកភាពគ្នាថា យើងត្រូវតែបង្កើនការជួប ជុំគ្នាឱ្យបានញឹកញាប់ និងបន្ថែមរយៈពេលនៃកិច្ចប្រជុំនិមួយៗឱ្យបានវែងជាងមុន។
– ខ្ញុំយល់ថា មានកត្តា២យ៉ាង ដែលចាំបាច់សម្រាប់ការបញ្ចប់ឯកសារនេះឱ្យបានឆាប់ ទី១ គឺ ទាមទារនូវឆន្ទៈនយោបាយ និងភាពស្មោះត្រង់ពីគ្រប់ភាគីក្នុងការបញ្ចប់ក្រមប្រតិបត្តិនេះឱ្យបាន ឆាប់ ដោយមិនបោះបង់នូវខ្លឹមសារ និងប្រសិទ្ធិភាពនៃឯកសារនេះ។ ទី២ យើងត្រូវតែលើកកម្ពស់ បរិយាកាសសន្តិភាពក្នុងតំបន់។ នេះមានន័យថា យើងត្រូវតែចៀសវាងនូវភាពតានតឹង ដែលកើត ចេញមកពីការបញ្ចេញសាច់ដុំដាក់គ្នាពីភាគីផ្សេងៗ ហើយយើងមានការបារម្ភថា សកម្មភាពមួយ ចំនួនដែលធ្វើឡើងដោយភាគីខាងក្រៅ អាចធ្វើឱ្យដំណើរការចរចាកាន់តែមានភាពស្មុគស្មាញ។
យើងយល់ថា ក្រុមប្រតិបត្តិនេះត្រូវតែរក្សាឱ្យបាននូវគោលបំណងដើមរបស់វា នោះគឺត្រូវគ្រប់គ្រង ស្ថិរភាព រក្សាសន្តិភាព ការពារមិនឱ្យមានការយល់ច្រលំ ឬសកម្មភាពណាមួយដែលធ្វើឱ្យប៉ះពាល់ ដល់សមុទ្រចិនខាងត្បូងដែលជាសមុទ្រនៃសន្តិភាព កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងវិបុលភាព។ វាជាការពិតដែលក្រមប្រតិបត្តិនេះគ្រាន់តែជាក្រមខណ្ឌច្បាប់ ដើម្បីណែនាំអំពីការប្រតិបត្តិ និង ឥរិយាបទនៃភាគីពាក់ព័ន្ធនៃសមុទ្រចិនខាងត្បូង ប៉ុន្តែយើងមិនអាចប្រៀបធៀបក្រមប្រតិបត្តិនេះ ទៅនឹងច្បាប់អន្តរជាតិបានទេ។
. វាមិនមែនជាសន្ធិសញ្ញាព្រំដែននោះទេ។ វាមិនមែនជាលិខិតតុបករណ៍សម្រាប់ការដោះស្រាយ ជម្លោះដែនដី ឬយុត្តាធិការនោះដែរ។ មានសំណួរដែលពាក់ព័ន្ធថាតើ COC មានអំណាចចាប់បង្ខំ អនុវត្តឬយ៉ាងណា។ ខ្ញុំយល់ថា នេះជាអ្វីដែលយើងកំពុងចរចា ហើយភាគច្រើននៃចំណុចនេះគឺ អាស្រ័យទៅលើការព្រមព្រៀងគ្នារវាងរដ្ឋទាមទារអធិបតេយ្យ។
សូមអានចម្លើយរបស់ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងវគ្គសំណួរចម្លើយនៃ «បាឋកថាអាស៊ានលើកទី២៣៖ ភាពជាប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា» រៀបចំដោយវិទ្យាស្ថាន ISEAS-Yusof Ishak នៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ ទាំងស្រុងដូចខាងក្រោម ៕
ដោយ ៖ សុខ ខេមរា