ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងនាំយកអនុសាសន៍ ៣៨ចំណុចទៅកាន់អង្គការសហប្រជាជាតិ

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នឹងនាំយកអនុសាសន៍ចំនួន ៣៨ចំណុច ពាក់ព័ន្ធ នឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីធ្វើរបាយការណ៍ទៅអង្គការសហប្រជាជាតិ (UN) ដែលជារបាយការណ៍ ពាក់កណ្ដាលអាណត្តិរបស់រាជរដ្ឋាភិបាល ដែលត្រូវបានបញ្ចប់ការពិនិត្យជាសាកលនៅឆ្នាំ២០១៩។

ក្នុងកិច្ចពិគ្រោះយោបល់លើរបាយការណ៍ពាក់កណ្ដាលអាណត្តិ នៃការត្រួតពិនិត្យជាសាកលតាម កាលកំណត់ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីត្រួតពិនិត្យវដ្ដទី៣ កាលពីទី ២៣ ខែមីនាឆ្នាំ២០២២ លោក កត្តា អ៊ន សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាឱ្យដឹងថា នៅឆ្នាំ២០១៩ រាជ​រដ្ឋាភិបាលកម្ពុជា បានទទួលអនុសាសន៍ចំនួន ១៧៣ចំណុច ​ក្នុង ចំណោម ១៩៨ចំណុច ផ្ដល់​ដោយ​ប្រទេសចំនួន ៧៣ ក្នុងការត្រួតពិនិត្យ​ និងបានកត់សម្គាល់អនុសាសន៍ចំនួន២៥ ដែល​កក្នុងរយៈពេល២ឆ្នាំមកនេះ បាន​បែង ចែក​អនុសាសន៍ទៅក្រសួង​ស្ថាប័នពាក់ព័ន្ធ ​និងបានប្រមូលចងក្រងធ្វើ​របាយ​កាណ៍​ពាក់​កណ្ដាលអាណត្តិ ។

លោកបានបន្តថា របាយការណ៍ពាក់កណ្ដាលអាណត្តិនេះ ​ជាការផ្សព្វផ្សាយទៅក្រសួងស្ថាប័ន ពាក់ព័ន្ធ ​អំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ​បានអនុវត្តកន្លងមក ​ក៏ដូចជាសាធារណជន អង្គការ​សង្គមស៊ីវិល និងតំណាងអង្គទូតនានា ​ដែលជាម្ចាស់ផ្ដល់អនុសាសន៍ ​បានយល់ បានឃើញ​នូវ​សមិទ្ធផល​ក្នុងការ ​អនុវត្តអនុសាសន៍សិទ្ធិមនុស្ស ​ដែលកម្ពុជា​ទទួលយក ​រយៈពេលពីរឆ្នាំមកនេះ។

លោក ​កត្តា អ៊ន ​បានបញ្ជាក់ថា​ រាជរដ្ឋាភិបាល ​បានអនុវត្តនូវអនុសាសន៍ទាំង១៧៣ ដោយ មួយ​ចំនួន​សម្រេចបានជោគជ័យ​ និងមួយចំនួន​ កំពុងបន្តបំពេញនូវភាពខ្វះខាត ​ហើយកម្ពុជា នឹងធ្វើ របាយ​ការណ៍​អនុសាសន៍ចំនួន ៣៨ចំណុច ទៅUN ។

ឧទាហរណ៍​ កិច្ចសហប្រតិបត្តិការជាមួយUN ពាក់ព័ន្ធនឹងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ បញ្ហាដីធ្លី ស្ត្រី កុមារ ជនមានពិការភាព​ ជនជាតដើមភាគតិច ​គ្រោះមហន្តរាយ ប្រឆាំង​អំពើ​ពុករលួយជាដើម ​ហើយនឹងធ្វើការបកស្រាយទៅលើចំណុចទាំងអស់នោះ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បញ្ជាក់ថា ​ការធ្វើរបាយការណ៍នេះ​ គឺជាតួនាទីភារកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល​ជា​សមាជិក នៃកតិការសញ្ញា ជាសមាជិកUN ​ចាំបាច់ត្រូវតែឡើងទៅការពារ ឬផ្ញើរបាយការណ៍​ជារៀងរាល់​៤ឆ្នាំឬ៥ឆ្នាំម្ដង។ ​សម្រាប់ការទៅការពារនេះ​ គឺធ្វើនៅមុខក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងក្រុងសឺណែ​វ ហើយការធ្វើនេះ មិនមែនតែកម្ពុជាទេ ​គឺគ្រប់ប្រទេសទាំងអស់ ខណៈកម្ពុជា បានឡើងការពារដល់ជុំទី៣​ ដែលលើកទី១​ នៅឆ្នាំ ២០០៩ លើកទី២ ឆ្នាំ២០១៤ និងជុំទី៣ នៅឆ្នាំ២០១៩ ៕

ដោយ៖ សូរិយា


ចែករំលែក៖