(តពីលេខមុន)
វារៈដំបូង: អ្នកមហាត្រូវជម្រាបមេបាឲ្យត្រួតត្រាមើលបណ្តាការ បើខ្វះខាតនឹងបន្ថែមជូន។ មេបាត្រូវត្រួតត្រាមើល កាលបើឃើញត្រឹមត្រូវស្ពានគ្រប់ដូចការបង្គាប់ខាងដើមហើយ ត្រូវទទួលយកពីអ្នកមហាហើយចាត់ការទៅតាមរឿង គឺគ្រឿងបណ្តាការធំត្រូវប្រគល់ឱ្យ មាតាបិតា ឬអ្នកអាណាព្យាបាលកូនស្រីយកទៅសម្រាប់ទទួលភ្ញៀវ ស្លាព្រះពរត្រូវទុកយកទៅថ្វាយព្រះរតនត្រ័យក្នុងវេលាដែលព្រះសង្ឃមកចម្រើនព្រះបរិត្តក្នុងវេលាតទៅ។ គ្រឿងស្លាជ័យលោកថា ត្រូវបានមេបាធំដែលនិយាយការគ្រប់ជំពូក តែយកទុកថា មេបាដែលត្រូវបានស្លាជ័យនោះត្រូវឱ្យមានប្រាក់ដួងមួយដើម្បីនឹងបញ្ចប់ព្រលឹងអ្នកសាមីខ្លួនវិញកុំខាន សម័យនេះមានប្រាក់ឌួងនឹងប្រើប្រាស់ប្រាក់រៀលប្រាក់កាក់ជំនួសក៏បាន។ ខ្ពរផ្កាស្លាឲ្យរៀបក្នុងពិធីសូត្រមន្ត ក្នុងវេលានេះត្រូវលេងភ្លេងនគររាជ ស្ដេចផ្ទុំ ភ្លេងកងសោយ។
វារៈទី២:ត្រូវអនុញ្ញាតកាត់សក់កូនប្រុសស្រី តែបើកូនស្រីនោះចងសក់ភ្នួង ត្រូវសូមអនុញ្ញាតតែកាត់សក់កូនប្រុស។ របៀបកាត់សក់នោះ ខណៈនឹងផ្ដើមកាត់ ជាងអ្នកកាត់ត្រូវកាត់កន្ត្រៃកាន់ក្រាស់ច្រៀងរាំគងកិរិយាហាក់ដូចជានឹងកាត់បានបីបទហើយ ទើបកាត់ទៅទាល់តែហើយ។ បើជាងកាត់មិនចេះច្រៀងមិនចេះរាំ ត្រូវរកអ្នកឯណាច្រៀងរាំជំនួស ធ្វើកិរិយាដូចពោលមកហើយ កាលគ្រប់វារៈហើយ ជាងត្រូវទទួលកាត់តទៅ។ ក្នុងខណៈកាត់សក់នោះអ្នកលេងភ្លេងបទស្រីស្ទើរ ទើបលេងបទសារិកាកែវ ភ្លេងកាត់សក់។
វារៈទី៣: ត្រូវសុំអនុញ្ញាតពលីកាដល់អ្នកតាចាស់ស្រុកនិងក្រុងពិលី។ របៀបពលិកា អ្នកតាចាស់ស្រុកនោះ ត្រូវហែកូនប្រុសទៅកាន់ខ្ទមអ្នកតា បើគ្មានអ្នកតាដែលនៅជិត គប្បីទៅកាន់ទីដើមឈើធំឬទីរបស់ណាមួយដ៏សមគួរ ដែលនៅជិតផ្ទះនោះព្រមដោយគ្រឿងដង្វាយ គឺក្បាលជ្រូក១ មាន់ស្ងោរ១ ចង្អាប១ បង្អែម១ថាស ទឹក១ផ្តឹល និងប្រអប់ស្លា១ កាលការទៅដល់ហើយអ្នកមហាត្រូវប្ដឹងជម្រាបថា ដ្បិតវេលានេះយើងខ្ញុំរៀបមង្គលការកូនប្រុសស្រីសូមជម្រាបអ្នកតាចាស់ស្រុកកុំឲ្យប្រកាន់ថាជាអ្វី សូមឱ្យសុខសប្បាយទាំងអស់គ្នារហូតទៅកុំឱ្យមានមោះថ្លស់ការអ្វីឡើយ។ ហេតុដែលមានរបៀបពិលិកាដល់ក្រុងពលីនោះ ត្រូវមានតែពែរមួយដាក់គ្រឿងសំណែន គឺបាយសម្ល ហើយត្រូវរៀបសែននៅទីដីក្បែរផ្ទះការត្រង់ល្វែងច័នទាំងសងខាង ប្រុស ស្រីត្រូវរួមគ្នាសែន ឬតែខាងឯណានីមួយដែលសែនជំនួសក៏បាន វីនាសែនហើយត្រូវឱ្យជីកដីកប់ពេលនោះជម្រៅប្រមាណជាមួយចំអាមតែអ្នកខ្លះគេមិនគេគ្រាន់តែយកអាចម៍ដីមករោយពីលើខ្សែនោះអ្នកភ្លេងត្រូវលេងភ្លេងក្លោង ភ្លេងនារី ភ្លេងស្ដេចដើរ។
រឿងសែនក្រុងពាលីនេះមានពោលពិស្តាក្នុងតម្រាដោយឡែកផ្សេង។
វារៈទី៤: ត្រូវសូមអនុញ្ញាតសូត្រមន្ត។ ទំនៀមដើមខាងប្រុសគេសូត្រ ឯរោងផ្កាស្លា ខាងស្រីគេសូត្រនៅផ្ទះការ តែសព្វថ្ងៃនេះគេច្រើនតែធ្វើរួមគ្នា សូត្រនៅផ្ទះតែម្ដងដើម្បីកាត់កង្វល់ឱ្យតិចចុះ សូត្រញែក ឬសូត្ររួមគ្នា អ្នកមហាត្រូវសូមអនុញ្ញាតតាមនោះ។
ក្នុងវេលាសូត្រមន្តសាមីខ្លួនទាំងពីរ ត្រូវចេញមកស្ដាប់ព្រះសង្ឃដែលសូត្រមុនកំណត់យកប៉ុន្មានរូប សព្វថ្ងៃនេះឃើញគេច្រើនយក ៥រូបដូចកិច្ចសូត្រមន្តក្នុងរឿងដទៃ តែបើកំណត់ឲ្យគួរតាមរឿងការនេះ ត្រូវយកឱ្យគន់គូរគឺ ៤ រូប ៦រូប ៨ រូប ១០ រូបទើបត្រូវតាមរឿងផ្សំផ្គុំ ។ គ្រឿងស្លាព្រះពរត្រូវយកមកប្រគេនព្រះសង្ឃដែលសូត្រមន្តនេះ។
ដល់ពេលព្រលប់ក្នុងរវាងម៉ោង ៦ អ្នកមហាត្រូវឡើងទៅនិយាយការនិងមេបាទៀត។ (នៅមានត)
ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ ÷ ចៅតាជេត