ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ ខេត្តក្រចេះមានបើកសិក្ខាសាលាស្តីពី “ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់”ក្រោមអធិបតីភាពលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក គង់ គឹមនី អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្ត និងមានការចូលរួមពីសមាជិក សមាជិកា សភាពាណិជ្ជកម្ម ពាណិជ្ជករអាជីវករប្រមាណ១០០នាក់ ដែលអង្គសិក្ខាសាលានេះសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)និងក្រសួងពាណិជ្ជកម្មគាំទ្រដោយរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ ស្ទឹងត្រែង និង ខេត្តរតនគិរី ។
សម្រាប់គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័ យពាណិជ្ជកម្ម ជំរុញការយល់ដឹងអោយកាន់តែទូលំទូលាយជូនដល់ភាគីពាក់ព័ន្ធដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ដល់ធុរកិច្ចជនដែលកំពុងប្រកបអាជីវកម្មដើម្បីស្វែងយល់អំពីច្បាប់ និងបទដ្ឋានគតិយុត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោក គង់ គឹមនី អភិបាលរងខេត្ត បានបញ្ជាក់ឱ្យដឹងថា វិស័យពាណិជ្ជកម្មខេត្តមានក្រុមហ៊ុន ពាណិជ្ជកម្មចំនួន១១៩ក្រុមហ៊ុន សាខាក្រុមហ៊ុនចំនួន៣៨សាខា សហគ្រាសពាណិជ្ជកម្ម ចំនួន ១១១សហគ្រាស និងអាជីវករលក់ដូរចំនួន១.៦២៣មូលដ្ឋាន ក្នុងនោះមានច្បាប់អនុញ្ញាត ៥៥៥ មូលដ្ឋាន បច្ចុប្បន្នកំពុងជំរុញដល់អាជីករលក់ដូរដែលពុំទាន់មានច្បាប់អនុញ្ញាត ត្រូវមកបំពេញ បែបបទដើម្បីចុះបញ្ជីពាណិជ្ជកម្មជាសហគ្រាសក្រុមហ៊ុន ចុះបញ្ជីម៉ាក និងសុំវិញ្ញាបនបត្របញ្ជាក់ប្រភព ដើមទំនិញដើម្បីបង្កលក្ខណៈងាយស្រួលដល់ការប្រកបរបអាជីវកម្ម។ វិស័យឧស្សាហកម្ម និងសិប្បកម្ម ខេត្តមានរោងចក្រចំនួន ១១កន្លែងសហគ្រាសផលិតទឹកសុទ្ធចំនួន ៤៥កន្លែងសហគ្រាសផលិត ទឹកត្រីទឹកស៊ីអ៊ីវចំនួន ០១កន្លែង សិប្បកម្មឡឥដ្ឋក្បឿងចំនួន២៥កន្លែង ។
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា សិក្ខាសាលានាពេលនេះធ្វើឡើង ក្នុងគោលបំណងឱ្យម្ចាស់ឧស្សាហកម្ម សិប្បកម្ម ក្រុមហ៊ុន រោងចក្រ សហគ្រាស សណ្ឋាគារ ភោជនី ដ្ឋាន ពាណិជ្ជករ អាជីវករ និងសេវាករនៅក្នុងខេត្តក្រចេះ ក៏ដូចទូទាំងប្រទេសទទួលបានការយល់ដឹងកាន់តែច្បាស់មានភាពងាយស្រួល និងមានទំនុកចិត្តធ្វើអាជីវកម្មរបស់ខ្លួន ។ សិក្ខាសាលានេះបានបញ្ជ្រាបការយល់ដឹងបន្ថែម អំពីខ្លឹមសារច្បាប់ ស្តីពីការវិនិយោគ ច្បាប់កិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ការប្រកួតប្រជែង និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវាកម្មដែលជាច្បាប់ដ៏មានសារៈសំខាន់បំផុត សម្រាប់អ្នកវិនិយោគគ្រប់ៗរូបត្រូវយល់ដឹង និងអនុវត្តឱ្យបានត្រឹមត្រូវ ក្នុងការគ្រប់គ្រងធុរកិច្ច ចៀសវាងការរងពិន័យ ឬទោសទណ្ឌជាដើម ។
លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានរំពឹងទុកថា ការធ្វើសិក្ខាសាលានេះ ពិតជាបានរួមចំណែក ផ្តល់នូវចំណេះដឹងបន្ថែមទៀត ព្រោះថាបច្ចុប្បន្នការធ្វើធុរកិច្ចពាណិជ្ជកម្ម មានការផ្លាស់ប្តូរ ដូចនេះទាមទាឱ្យអាជីវករ ពាណិជ្ជករយើងមានការយល់ច្បាស់ និងអនុវត្តទៅតាមគោលការណ៍ ដែលបានចែងក្នុងច្បាប់ ដើម្បីជាប្រយោជន៍សម្រាប់យើងទាំងអស់គ្នាក្នុងការធ្វើធុរកិច្ច ។
ក្នុងនោះដែរលោករដ្ឋលេខាធិការ បានស្នើសុំឱ្យក្រុមវាគ្មិន និងសភាពាណិជ្ជកម្មទាំងអស់ ជួយសម្រួលនិងធ្វើការផ្សព្វផ្សាយច្បាប់ទាំង៤នេះឱ្យកាន់តែផុលផុសដើម្បីបង្កើនប្រសិទ្ធិភាព បរិយាកាសពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រទេសកាន់តែមានវឌ្ឍនភាពទៅមុខជានិច្ច ៕
ដោយ៖សហការី