ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២២ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WWF បានបើកកិច្ចប្រជុំបណ្ដាញសហគមន៍អភិរក្សធនធានធម្មជាតិនៅថ្នាក់មូលដ្ឋាន និងការរៀបចំសមាសភាពគណៈកម្មការគ្រប់គ្រងបណ្ដាញថ្នាក់មូលដ្ឋាន ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពតួនាទីរបស់បណ្ដាញសហគមន៍អភិរក្សធនធានធម្មជាតិ ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមាន លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោក គឹម សារិន អនុប្រធាននាយកដ្ឋានជីវភាពសហគមន៍ និង លោក ម៉ី ផល្លា ប្រធានអង្គការ WWF ប្រចាំខេត្តមណ្ឌលគិរី ព្រមទាំងមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ លោកអភិបាលរងក្រុង-ស្រុក ប្រជាសហគមន៍ជនជាតិដើមភាគតិច ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសណ្ឋាគារពេជ្រដា ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត តំណាងលោកថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា តាងនាមថ្នាក់ដឹកនាំខេត្ត ពិតជាមានមោទកភាព និងសូមថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន និងអង្គការដៃគូពាក់ព័ន្ធនានា ដែលបានរួមសហការគ្នារៀបចំឲ្យការចូលរួមគ្រប់គ្រង ការពារ ធនធានធម្មជាតិ និងបង្កើតអោយមានបណ្ដាញសហគមន៍អភិរក្សធនធានធម្មជាតិនៅតាមមូលដ្ឋាន ក្នុងដែនជម្រកសត្វព្រៃទាំង៥ របស់ខេត្តមណ្ឌលគិរី ។
លោកអភិបាលរងខេត្តបានបន្ថែមថា ខេត្តមណ្ឌលគិរីគ្របដណ្ដប់ទៅដោយធនធានធម្មជាតិសម្បូរបែប ធនធានព្រៃឈើ វាលស្មៅ អាកាសធាតុបរិសុទ្ធ និងធនធានរ៉ែ បានផ្ដល់សក្ដានុពលយ៉ាងធំធេងដល់វិស័យអេកូទេសចរណ៍ ការដាំដុះបន្លែ និង ការចិញ្ចឹមសត្វ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។
លោកក៏បានបញ្ជាក់ដែរថា បណ្ដាញសហគមន៍អភិរក្សធនធានធម្មជាតិនៅមូលដ្ឋាន ពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងថែរក្សា ការពារ និងអភិរក្ស ធនធានព្រៃឈើ សត្វព្រៃ ដូច្នោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តការគាំទ្រ និងពង្រឹងកិច្ចសហការជាមួយបណ្ដាញសហគមន៍ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍លើការងារគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសរួមគ្នាទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅតាមមូលដ្ឋាន សំដៅរួមចំណែកថែរក្សា ការពារ ធនធានធម្មជាតិអោយនៅគង់វង្ស ប្រកបដោយនិរន្តភាព ។
លោក ម៉ី ផល្លា ប្រធានអង្គការ WWF ប្រចាំខេត្តមណ្ឌលគិរី បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋបាលខេត្តមណ្ឌលគិរី ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ដែលបានចូលរួមសហការនិងគាំទ្រដល់អង្គការ WWF លើកម្មវិធី តំបន់ការពារទេសភាពខាងកើតកម្ពុជា ជាពិសេស ការអភិរក្ស និងអភិវឌ្ឍន៍កំរិតជីវភាពសហគមន៍នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ។
លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នសហគមន៍តំបន់ការពារធនធានធម្មជាតិ ចំនួន ១៨ បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន ដែលមានផ្ទៃដីសរុបចំនួនជាង ៥ម៉ឺន ហិកតា និងមានសមាជិកគ្រួសារសរុប ១៥៦០០នាក់ ដោយទទួលបានថវិកាពីមូលនិធិហិរញ្ញប្បទានខ្នាតតូច ដើម្បីអភិវឌ្ឍផែនការគ្រប់គ្រងធនធានធម្មជាតិ និងគាំទ្រដល់ការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ តាមរយៈការដាំដំណាំស្រូវ ម្រេច កៅស៊ូ និងអនុផលព្រៃឈើ មានដូចជាសហគ្រាសឫស្សី និងទឹកឃ្មុំព្រៃមណ្ឌលគិរីជាដើម ៕
ដោយ៖ សូរិយា