ព័ត៌មានទាន់ហេតុការណ៍៖

ប្រាក់ឈ្នួលអប្បរមា សម្រាប់វិស័យកាត់ដេរ និងវាយនភណ្ឌ រំពឹងកើនដល់ជាង ២០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ មួយខែទៀតការជជែកអំពីប្រាក់ឈ្នួលកាត់ដេរនិងចាប់ផ្ដើមហើយ ។ យ៉ាងណាក៏ដោយក្រុមសហជីពនិងកម្មកររំពឹងថាពួកគេអាចនឹងទទួលបានប្រាក់ឈ្នួលអប្បបរមាយ៉ាងហោចណាស់២០០ដុល្លារក្នុងមួយខែទើបអាចសមាមាត្រទៅនឹងការចំណាយប្រចាំថ្ងៃ។ រីឯខាងសមាគមរោងចក្រកាត់ដេតវិញមើល ឃើញថាការខិតខំប្រឹងប្រែងរបស់ក្រុមកម្មករម្នាក់ៗក៏ជាកត្តាសំខាន់ផងដែរ។

កម្មករក៏ដូចជានិយោជិតក្នុងវិស័យកាត់ដេរនៅកម្ពុជា ចង់ឃើញការតម្លើងប្រាក់ឈ្នួលកើនឡើង​បន្ថែមទៀត ប្រមាណជាង ២០០ដុល្លារ ក្នុង១ខែដើម្បីឲ្យសមាមាត្រទៅនឹងការចំណាយប្រចាំថ្ងៃក្នុងការ​រស់នៅ និងសេដ្ឋកិច្ចបច្ចុប្បន្ន  ខណៈការចចារប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣ បានឈាន​មកដល់ចាប់ពីខែកក្កដានេះតទៅ។ វិបត្តិសេដ្ឋកិច្ចសកលកំពុងជះឥទ្ធិពលដល់ការរស់នៅនិងជីវភាពប្រចាំថ្ងៃរបស់កម្មករ-កម្មការិនីផងផងដែរ។

កម្មករកម្មការិនីជាច្រើនប្រាថ្នាចង់ឃើញមានការដំឡើងប្រាក់បៀវត្សឲ្យសមស្របទៅនឹងតម្លៃទំនិញនាពេលសព្វថ្ងៃនេះ។ កម្មការិនី ឆ ហុងមួយ និងកម្មករ សាំង សុធា បច្ចុប្បន្នបម្រើការងារក្នុងរោងចក្រកាត់ដេរមួយកន្លែង ស្ថិតនៅ​តំបន់វេងស្រេង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​បាននិយាយថា ប្រាក់ឈ្នួលត្រូវបាន​ដំឡើង​ជាបន្ត បន្ទាប់រហូត ១៩៤ដុល្លារ ក្នុង១ខែៗ ​ប៉ុន្តែការចំណាយក៏កើនដូចគ្នា ​ដូចជាថ្លៃបន្ទប់ជួល និងថ្លៃអាហារហូបចុកជាដើម។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរកម្ពុជា ​(GMAC) បាន​លើក​ឡើងថា ការចចារប្រាក់ឈ្នួល​អប្បបរមា ​ត្រូវផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង៧ ដែលមាន​លក្ខណៈវិទ្យាសាស្រ្ត​ជាក់ស្តែង ​និងត្រូវពឹងផ្អែកលើតួលេខផ្លូវការរបស់រាជរដ្ឋាភិបាល ដើម្បីយកមកធ្វើជាមូលដ្ឋាន។

លោកបន្ថែមថា ចំពោះមុខ សូមឲ្យកម្មករនិយោជិត​ទាំងអស់ ព្យាយាមសហការជាមួយភាគី​និយោជក ​ធ្វើយ៉ាងណាលើកកម្ពស់ផលិតភាពការងារ ព្រោះ ​មានតែផលិតភាពការងារទេ ដែលជួយ​ធ្វើឲ្យកម្រិតប្រាក់ ចំណូលរបស់សហគ្រាស រោងចក្រកើនឡើង។ ប្រសិនបើការងារមិនល្អហើយព្យាយាមទាមទារប្រាក់ខែឡើងច្រើននោះក៏មិនសមរម្យដែរ។

លោក ងុយ រិទ្ធ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានបញ្ជាក់ថា ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ ​កាត់ដេរ ​ផលិតស្បែកជើង និងផលិតផលិតផល​ធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៣ ​នៅខែកក្កដានេះ​ ជាការចាប់ផ្តើមពិភាក្សា ជា​លក្ខណៈផ្ទៃ​ក្នុង​របស់ភាគីនីមួយៗ ​ហើយនៅខែសីហា ​ជាការចាប់ផ្តើមពិភាក្សា ​ជាលក្ខណៈទ្វេភាគី​ និងត្រីភាគី។ នៅខែកញ្ញា ក្រសួងនឹងបើកកិច្ចប្រជុំរួម ​ដើម្បីសម្រេច និងបញ្ចប់ផ្លូវការ៕

ដោយ៖ សូរិយា


ចែករំលែក៖