ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក្រសួងបរិស្ថាន បានបញ្ជាក់ថា, យុទ្ធនាការអន្ទាក់សូន្យ៖ បញ្ឈប់ការជួញដូរសត្វព្រៃ ។
ក្រសួងបរិស្ថានបានលើកឡើងថា, តើអ្នកដឹងទេថា សកម្មភាពមួយចំនួនរបស់មនុស្ស ជាកត្តាដែលធ្វើនាំឲ្យចំនួនសត្វព្រៃថយចុះ និងនាំឲ្យបាត់បង់ជីវចម្រុះ? សត្វព្រៃនៅក្នុងប្រទេសកម្ពុជា កំពុងរងការគំរាមកំហែងពីការបរបាញ់ខុសច្បាប់ និង វិបត្តិអន្ទាក់ ដែលបណ្តាលមកពី តម្រូវការសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃខុសច្បាប់។
ជាក់ស្តែង បើគិតចាប់ពីឆ្នាំ២០២១ ក្នុងរយៈពេល១៨ខែចុងក្រោយនេះ ក្រុមអនុវត្តច្បាប់នៅក្នុងខេត្តមណ្ឌលគិរីរឹបអូសបានសាច់សត្វព្រៃសរុបចំនួន ១, ៣៥២គីឡូក្រាម ខណៈសាច់សត្វព្រៃទាំងនោះបានស្ថិតនៅក្នុងទីផ្សារការជួញដូរ។ ក្នុងនោះ ភាគច្រើនជាសាច់សត្វឈ្លូស ជ្រូកព្រៃ និងត្រកួត។
ស្របពេលជាមួយគ្នានេះដែរ ការសិក្សាមួយរបស់ក្រសួងបរិស្ថាន និងអង្គការ WWFកម្ពុជា បានបង្ហាញថា ក្នុងចន្លោះឆ្នាំ២០១០ ដល់ ឆ្នាំ២០២២ ចំនួនសត្វព្រៃប្រភេទក្រចកជើងចំពាម បានថយចុះគួរឲ្យកត់សម្គាល់ នៅតំបន់ទេសភាពភាគខាងកើតក្នុងប្រទេសកម្ពុជា។ ក្នុងនោះ សត្វទន្សោងថយចុះ៨៩% ឈ្លូសថយចុះ៦៥% និងជ្រូកព្រៃថយចុះ១៥%។
ក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើក្នុងខេត្តមណ្ឌលគិរី អង្គការ WWF កម្ពុជា និងដៃគូរសំខាន់ៗ បានសហការរៀបចំយុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃឡើងក្នុងគោលបំណងការពារធនធានសត្វព្រៃកម្ពុជាឲ្យបានគង់វង្ស និងរួមចំណែកដល់កិច្ចគាំពារសុខភាពសាធារៈណ។ យុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃជាផ្នែកមួយនៃយុទ្ធនាការធំគឺ៖ «យុទ្ធនាការអន្ទាក់សូន្យ»។
រួមគ្នា យើងអាចបញ្ចប់សោកនាដកម្មនេះបាន ដោយការបញ្ឈប់ការបរិភោគសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃ ហើយងាកមកចូលរួមអភិរក្សសត្វព្រៃកម្ពុជាវិញ។ សូមនិយាយថាទេចំពោះសាច់សត្វព្រៃ!
#បញ្ឈប់ការជួញដូរសត្វព្រៃ #បញ្ឈប់ការបរិភោគសាច់សត្វព្រៃ #និយាយថាទេចំពោះសាច់សត្វព្រៃ #យុទ្ធនាការអន្ទាក់សូន្យ ៕
ដោយ : សិលា