ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋខណ្ឌទួលគោក ស្នើសុំឲ្យអាជ្ញាធរ ជួយអន្តរាគមន៍រឿងថវិកាឧបត្ថមអ្នក ស្លាប់ដោយជំងឺកូវីដ-១៩ មិនទាន់ទទួលបានសុំកម្មសិទ្ធដីធ្លី និងជួយសាងសង់អាគារ សិក្សាដែលកំពុងជួបកង្វះបន្ទប់

ចែករំលែក៖

 ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅមហោស្របចេនឡា សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក  នៅព្រឹកថ្ងៃទី២៥ តុលា ២០២២នេះ ប្រជាពលរដ្ឋបានស្នើឱ្យអាជ្ញាធរជួយ ដោះស្រាយជាសំណើ សំណូមពរមួយចំនួន មានទាំងការ ស្នើសុំឱ្យជួយអន្តរាគមន៍រឿងថវិកាឧបត្ថម្ភ អ្នកស្លាប់ដោយជំងឺកូវីដ-១៩ មិនទាន់ទទួលបានប្រាក់ ការស្នើសុំកម្មសិទ្ធដីធ្លី និងការសុំឱ្យជួយសាងសង់អគារ សិក្សាបន្ថែមជាដើម។ អ្វីដែលជាការកត់សំគាល់ បញ្ហាកកស្ទះសំរាម ការផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងការស្នើសុំផ្តល់សេវាសាធារណៈផ្សេងៗទៀត មិនត្រូវបានលើកឡើងក្នុងវេទិកា នេះទេ។

    វេទិកានេះធ្វើឡើងក្រោមវត្តមាន លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដា តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ម៉ាន់ ឈឿន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទួលគោក។

  វេទិកានេះមានប្រជាពលរដ្ឋចំនួន៣នាក់ប៉ុណ្ណោះដែលបានលើកឡើងជាសំណួរសំណើផ្ទាល់មាត់ ក្នុងនោះរួមមាន៖

ទី១. ស្នើសុំឱ្យអាជ្ញាធររាជធានីជួយអន្តរាគមន៍ចំពោះប្រជាពលរដ្ឋរស់នៅភូមិ១៣ សង្កាត់ផ្សារដើមគ ដែលមានក្រុមគ្រួសារ២នាក់បានស្លាប់ដោយជំងឺកូវីដ-១៩មិនទាន់ទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល។

ទី២. ប្រជាពលរដ្ឋរស់នៅសហគមន៍មិត្តភាព ជាប់របងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ស្នើសុំកម្មសិទ្ធដីធ្លី (ប្លង់រឹង) ។

ទី៣. អតីតលោកគ្រូបង្រៀន បានស្នើសុំឱ្យ ជួយសាងសង់អគារសិក្សានៅវិទ្យាល័យជា ស៊ីមសាមគ្គីបន្ថែម ខណៈដែលសិស្សានុសិស្សបានកើនឡើង៣ដង ។

  ចំពោះការលើកឡើងជាសំណើផ្ទាល់មាត់៣នាក់ខាងលើកនេះ ត្រូវបានលោកមាន ចាន់យ៉ាដា ដោះស្រាយជូនភ្លាមៗតែម្តង ដោយ លោកបញ្ជាក់ថា៖ ចំពោះ ការស្នើសុំឱ្យអាជ្ញាធររាជធានីជួយអន្តរាគមន៍ចំពោះប្រជាពលរដ្ឋរស់នៅភូមិ១៣ សង្កាត់ផ្សារដើមគ ដែលមាន២នាក់បានស្លាប់ដោយជម្ងឺកូវីដ-១៩មិនទាន់ទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលនោះ លោកស្នើឱ្យពលរដ្ឋក្នុងគ្រួសារសព សូមធ្វើសំណើមករដ្ឋបាលខណ្ឌទួលគោក ហើយរដ្ឋបាលខណ្ឌបន្តស្នើទៅរដ្ឋបាលរាជធានី ក្នុងរយៈពេលយ៉ាងយូ៤ថ្ងៃ ថវិកានោះនឹងបានមកដល់ដៃគ្រួសារនៃសពហើយ។ ប្រជាពលរដ្ឋរស់នៅសហគមន៍មិត្តភាព ជាប់របងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ស្នើសុំកម្មសិទ្ធដីធ្លី (ប្លង់រឹង ) លោកសន្យាថា នឹងឱ្យមន្ទីរជំនាញពាក់ព័ន្ធនិងអាជ្ញាធរ ចុះពិនិត្យជាក់ស្តែងនៅទីតាំងសហគមន៍ បើមានសម្បទាគ្រប់គ្រាន់ សមស្របទៅនឹងច្បាប់ អាជ្ញាធរមិនទុកនោះទេ គឺត្រូវប្រគល់ជូនប្រជាពលរដ្ឋហើយ។ ចំពោះការស្នើសុំឱ្យ ជួយសាងសង់អគារសិក្សានៅវិទ្យាល័យជា ស៊ីមសាមគ្គី បន្ថែមនោះ លោកបានស្នើឱ្យប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានី បន្តស្នើសុំទៅក្រសួងអប់រំ យុវជននិងកីឡា បន្ថែមទៀត ចំណែកលោកក៏នឹងស្នើសុំទៅលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញដើម្បីឱ្យជួយកសាងសាលានេះផងដែរ។

      ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន។

  វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើរបស់ប្រជាពលរដ្ឋ ។

ប៉ុន្តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះត្រូវបានខកខានដោយការរាតត្បាតជម្ងឺកូវីដ-១៩ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋជានិច្ច៕ 

ដោយ ៖ សំរិត


ចែករំលែក៖