ភ្នំពេញ ៖ ប្រកាសលេខ ១៨១ កយ.ប្រក/២២ របស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការបង្កើតក្រុមការងារដឹកនាំការត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេច :
ប្រការ១ .បង្កើតក្រុមការងារដឹកនាំការត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានា ដើម្បីដឹកនាំលើការពិនិត្យ ផ្តល់យោបល់ និងកែតម្រូវផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និង លិខិតបទដ្ឋានគតិយុត្តនានា តាមសំណើរបស់ក្រសួង-ស្ថាប័ននានា ដែលមានសមាសភាព ដូចខាងក្រោម៖
១-លោក កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ជាប្រធាន ,អនុប្រធាន ចំនួន៣រូប និងសមាជិក ៧រូប ។
ប្រការ២. ក្នុងការបំពេញការងារ ក្រុមការងារដឹកនាំការត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និង លិខិតបទដ្ឋានគតិយុត្តនានា ត្រូវបែងចែកជាអនុក្រុមការងារ ចំនួន ៣ ដែលមានសមាសភាព ដូចខាងក្រោម៖
ក-អនុក្រុមការងារទី១ ដឹកនាំដោយ លោក ជីវ សុងហាក់ ជាប្រធាន និងមានលោកស្រី ខៀវ សុផានី និងលោក ឌឹម ស៊ីផា ជាអនុប្រធាន។ អនុក្រុមការងារទី១ មានក្រុមការងារបច្ចេកទេសជាសេនាធិការបច្ចេកទេស។
ខ-អនុក្រុមការងារទី២ ដឹកនាំដោយ លោក កេង សុម៉ារិទ្ធ ជាប្រធាន និងមានលោក យឹម សារី និងលោកស្រី ម៉ឹង រីណា ជាអនុប្រធាន។ អនុក្រុមការងារទី២ មានក្រុមការងារបច្ចេកទេស ជាសេនាធិការ បច្ចេកទេស។
គ.អនុក្រុមការងារទី៣ ដឹកនាំដោយ លោក សូរ ចាន់ធី ជាប្រធាន និងមានលោក នាក់ សើគីរីន និងលោក ផូវ សំភី ជាអនុប្រធាន។ អនុក្រុមការងារទី៣ មានក្រុមការងារបច្ចេកទេស ជាសេនាធិការ បច្ចេកទេស។
ប្រការ៣ .អនុក្រុមការងារទាំង ៣ មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
-ពិនិត្យ ផ្តល់យោបល់ និងកែតម្រូវលើផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានា តាមការប្រគល់ភារកិច្ចពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សំដៅធានាសង្គតិភាព និង អនុលោមភាពនៃការរៀបចំខ្លឹមសារផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានា
-ដឹកនាំកិច្ចប្រជុំជាមួយក្រសួង-ស្ថាប័នសាមី ដើម្បីពិនិត្យ ផ្ដល់យោបល់ និងកែតម្រូវលើផ្នែក ទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា
រៀបចំសេចក្តីព្រាងលិខិតឆ្លើយតបទៅក្រសួង-ស្ថាប័នសាមី អំពីយោបល់របស់ក្រសួងយុត្តិធម៌ លើផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា
-អនុវត្តការងារផ្សេងៗដែលប្រធានក្រុមការងារដឹកនាំការត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាង ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ប្រគល់ឱ្យ។
ប្រការ៤ -អនុក្រុមការងារ ដែលត្រូវបានចាត់ឱ្យពិនិត្យ និងលើកយោបល់បច្ចេកទេសលើផ្នែកទោសប្បញ្ញត្តិនៃ សេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ត្រូវប្រជុំផ្ទៃក្នុងដើម្បីពិនិត្យពិភាក្សារកមតិឯកភាពរបស់ អនុក្រុមការងារ មុននឹងប្រជុំជាមួយក្រសួង-ស្ថាប័នសាមីនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។ ក្នុងករណីមិនអាចរកមតិឯកភាពបាន ប្រធានអនុក្រុមការងារអាចសម្រេច។ ក្នុងករណីចាំបាច់ ប្រធានអនុក្រុមការងារ អាចស្នើសុំការសម្រេច ឬគោលការណ៍ដឹកនាំបន្ថែមពីប្រធានក្រុមការងារដឹកនាំការ ត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា៕
ដោយ ៖ សិលា