ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ អ៊ុំ វណ្ណេត ប៉ះ គឹម វាសនា រីឯ ង៉ែត្រ រដ្ឋា ជួប សៅ វណ្ណានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ចែករំលែក៖

ភ្នំពេញ៖ កម្មវិធីប្រកួតនៅលើសង្វៀនប្រដាល់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ព្រែកកំពិសការប្រកួតគុនខ្មែរដណ្តើមពានរង្វាន់ជើងឯក TV5 Boxing Knock Out by K. Cement ក្នុងទម្ងន់៦៥ គីឡូក្រាម បានឈានមកដល់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រហើយនាយប់ថ្ងៃសៅរ៍ ១៣កើត ខែបុស្ស នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ២០១៧ ចុងសប្ដាហ៍នេះ ។

កីឡាករ អ៊ុំ វណ្ណេត មកពីក្លិបមរតកយុទ្ធគុនខ្មែរជួបជាមួយ កីឡាករ គឹម វាសនា អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១។ រីឯកីឡាករ ង៉ែត្រ រដ្ឋា អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ ជួបនឹងកីឡាករ សៅ វណ្ណា មកពីក្លិបយុវវាលស្បូវ ខណ្ឌច្បារអំពៅ ។ តាមរយៈប្រវត្តិប្រកួតកន្លងមក រវាង អ៊ុំ វណ្ណេត នឹង គឹម វាសនា នេះ ត្រូវបានអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរដាក់ការសង្ស័យថា អ៊ុំ វណ្ណេត ទំនងមិនអាចទទួលបានជម្រើសទី១សម្រាប់វគ្គផ្តាច់ព្រ័ត្រឡើយ ។

ប្រពភខាងលើនេះបានអះអាងថា កីឡាករ គឹម វាសនា ឆ្លងកាត់ការប្រកួតជម្រុះចំនួន៣លើកកន្លងមកគឺ វាសនា វាយឈ្នះ កីឡាករ ធា នុរាជ មកពីក្លិបពោធិ៍សែនជ័យដោយពិន្ទុ, ពោលគឺឈ្នះ រិន សារ័ត្ន មកពីក្លិបកងទ័ពជើងទឹកក្នុងទឹកទី១ និង ឈ្នះ កីឡាករសំអាង ឌុន មកពីក្លិបអេភូថងកីឡា ក្នុងទឹកទី១ផងដែរ។

ចំណែកកីឡាករ អ៊ុំ វណ្ណេត លក្ខណៈពិសេសរបស់គេគឺកាយសម្បទាល្អ និង មានកម្ពស់ខ្ពស់ កម្លាំងវាយចេញមិន ខ្លាំងដូច គឹម វាសនាទេ នេះជាចំណុចគួរឲ្យចាប់អារម្មណ៍។ ក្នុង៣ប្រកួតវគ្គជម្រុះ កន្លងមករបស់ អ៊ុំ វណ្ណេត បានវាយឈ្នះ អ៊ុំ កំសត់ មកពីក្លិបព្រៃទទឹងខេត្តបាត់ដំបងដោយពិន្ទុរួចបន្តយកឈ្នះ កីឡាករភុន សោភ័ណ្ឌ មកពីក្លិបនាគរាជមានជ័យត្រឹមទឹកទី២ និង ឈ្នះ កីឡាករវ៉ែន ហុងជីវ៉ុង មកពីក្លិបកងកេងមានរិទ្ធ ដោយពិន្ទុ ។

ទោះជាយ៉ាងណាការសន្និដ្ឋានខាងលើគ្រាន់តែជាការយល់ឃើញក្រៅបច្ចេកទេសប៉ុណ្ណោះ អ្វីដែលអាចកំណតច្បាស់លាស់ នោះគឺមានតែរងចាំទស្សនា ការប្រកួត របស់កីឡាករទាំង២នាក់ នៅចុងសប្តាហ៍នេះ រវាងគឹម វាសនា នឹង អ៊ុំ វណ្ណេត ថា តើនរណាជាអ្នកឈ្នះឡើងទៅវគ្គផ្តាច់ព្រ័ត្រ?

ចំណែកការជួបប្រកួតរវាង ង៉ែត្រ រដ្ឋា និង សោ វណ្ណា វិញ សុទ្ធតែជាកីឡាករដែលមានកម្លាំងវាយចេញខ្លាំងដូចគ្នា។ គ្រាន់តែសមត្ថភាពកម្រិតបច្ចេកទេសរបស់ រដ្ឋាមានលក្ខណៈប្រសើរជាង វណ្ណាបន្តិច ហើយពីរនាក់នេះមិនដែលជួបគ្នាទេកន្លងមក។ តែយ៉ាងណា ង៉ែត្រ រដ្ឋា គេមានប្រៀបលើ សៅ វណ្ណា លើកម្លាំងកាយសម្បទា ហើយ រដ្ឋា ធ្លាប់វាយជាមួយថៃច្រើននាក់ហើយដែរ។ ចំណោម៣ប្រកួត កន្លងមក ង៉ែត្រ រដ្ឋា វាយឈ្នះ ជា សំណាង ក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុ, ឈ្នះ ទី ពន្លែត ក្លិបអង្គរមានជ័យខេត្តសៀមរាប ដោយពិន្ទុ និងឈ្នះ ផន ប៊ុនម៉ៅ ក្លិបបូរីរាជសីហ៍មានរិទ្ធក្នុងទឹកទី១។

ទោះបី ង៉ែត្រ រដ្ឋា មានប្រៀបឈ្នះយ៉ាងនេះ ក៏ដោយក៏គេមិនអាចមើលស្រាល សៅ វណ្ណា បានដែរ។ សៅ វណ្ណា ប្រកួតជម្រុះបីលើកកន្លងមកគេវាយឈ្នះ ណាម ម៉ូរិន ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ដោយពិន្ទុ, ឈ្នះ វុត្ថា ប៊ុនឃាង ក្លិបអង្គរធំគុនខ្មែរ ដោយពិន្ទុ និង ឈ្នះ ពុយ វណ្ណះ ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ដោយពិន្ទុ។ ចាំមើល រវាង ង៉ែត្រ រដ្ឋា និង សៅ វណ្ណា ជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រនេះ តើនរណាជាអ្នកឈ្នះ អ្នកណាចាញ់?

គួរបញ្ជាក់ថា ការប្រកួតដណ្តើមពានរង្វាន់ជើងឯក TV5 Boxing Knock Out by K. Cement ទម្ងន់ ៦៥ គីឡូក្រាមនេះ អ្នកដែលទទួលបានតំណែងជើងឯកនោះ ក្រៅពីពានជើងឯក នឹងទទួលបានប្រាក់រង្វាន់ចំនួន៤.០០០ដុល្លារ ចំណាត់ថ្នាក់លេខ២ទទួលបាន២.០០០ដុល្លារ និង លេខ៣ទទួលបាន៧៥០ដុល្លារ ៕ សារីម


ចែករំលែក៖