ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីសងគុណឪពុក ម្តាយ, នាយចឺម សង់ផ្ទះវីឡា ចំណាយលុយខ្ទង់១៤ម៉ឺនដុល្លារនោះ រួចរាល់ជាង៧០ភាគរយហើយ

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាកំប្លែងវិវត្តខ្លួនជាតារាចម្រៀង គឺនាយ ចឺម លេចមុខមាត់កាន់តែខ្លាំងក្រោយពីស្នាដៃចម្រៀងរបស់តារារុបនេះថ្មីៗជាបន្តបន្ទាប់ទទួលបានការគាំទ្រ។ ក្រោយពីមានឱកាសកើបលុយពីការច្រៀងតាមឆាកតន្ត្រីនានា នាយចឺមបានសម្រេចចិត្តសង់ផ្ទះវីឡាប្រណីតស្កឹមស្កៃមួយនៅលើទឹកដីកំណើត ដែលរហូតមកដល់ពេលនេះ រួចរាល់ជាង៧០ភាគរយទៅហើយ។

ផ្ទះវីឡារបស់នាយចឺម ដែលប្រកាសថា ចាយលុយប្រមាណ១៤ម៉ឺនដុល្លារ អាមេរិកសាងសង់ឲ្យឪពុកម្តាយនៅលើទឹកដីកំណើតនាខេត្តកំពង់ស្ពឺ ។

តារាចម្រៀងមានឈ្មោះ ពិត សុខ មេសា ហៅនាយចឺម បានលើកឡើងថា ផ្ទះដែលខ្លួនបានចំណាយលុយសង់ជូនអ្នកមានគុណ គឺសម្រេចប្រមាណ៧៥ភាគរយហើយ ប៉ុន្តែលោកក៏មានអារម្មណ៍សោកស្តាយ ដែលជីដូនបង្កើតរបស់លោកបានទទួលមរណភាព មុនពេលដែលផ្ទះនេះសាងសង់រួច។ ផ្ទះនេះមានទទឹងប្រវែង ១០ ម៉ែត្រ និងបណ្តោយប្រវែង ២០ ម៉ែត្រ មាន ២ ជាន់។

តារាចម្រៀងដែលល្បីរឿងលេងម៉ូដរថយន្ត និងរកលុយបានខ្ទង់ម៉ឺនដុល្លារអាមេរិកក្នុងមួយខែៗពីការច្រៀងរូបនេះ ធ្លាប់លើកឡើងថា ដោយសារគិតថា ខ្លួនមិនទាន់មានអ្វី ដើម្បីសងគុណឪពុកម្តាយជាដុំកំភួននៅឡើយ ហើយនៅចូលឆ្នាំថ្មី ចង់ឲ្យពួកគាត់សប្បាយចិត្ត ក៏មានគំនិតគិតសង់ផ្ទះមួយជុងទុកជូនគាត់សម្រាប់ពេលចាស់ទៅ ។ ទោះជាយ៉ាងណា តារារូបនេះនៅមិនទាន់សម្លឹងមើលផ្ទះនៅផ្ទាល់ខ្លួននៅភ្នំពេញនៅឡើយ ដែលតារារូបនេះ លើកឡើងថា នឹងទិញនៅជំហ៊ានបន្ទាប់ក្រោយពីសង់វីឡាថ្មីនេះរួច។ តាមគម្រោងវីឡាប្រណីតស្កឹមស្កៃរបស់នាយចឺម អាចនឹងរួចរាល់នៅដំណាច់ឆ្នាំ២០១៨នេះ។

នាពេលកន្លងមកសង្កេតឃើញថា នាយ ចឺម ឧស្សាហ៍ដូរស៊េរីរថយន្តទំនើបណាស់ដូចជាដូរចេញពីម៉ាក Lexus 300 មកជិះម៉ាក Hammer តម្លៃរាប់ម៉ឺនដុល្លារ បានធ្វើឲ្យមហាជន និងមិត្តអ្នកសិល្បៈបើកភ្នែកធំៗ និងជាចុងក្រោយនេះដូរមកជិះឡានម៉ាក Tundra វិញ ខណៈឯខាងប្រភពចំណូលវិញគឺនាយធ្លាប់ប្រាប់ថាបានពីកម្លាំងញើសឈាមក្នុងវិស័យសិល្បៈ។ ទោះជាយ៉ាងណានាយចឺមប្រកាសផ្អាកដោះដូររថយន្តទំនើបៗដោយងាកមកសន្សំលុយកាក់សម្រាប់ទិញ ឬសាងផ្ទះវីឡាផ្ទាល់ខ្លួនវិញ ៕ វឌ្ឍនា


ចែករំលែក៖