ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើប២គ្រឿងបុកគ្នាខូចខាតយ៉ាងដំណំនៅក្បែរផ្សារទំនើបសូរិយា

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត២គ្រឿងបានបើកខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវបែកជាបួន ខណះដែល​នារីម្នាក់ បើករថយន្តស៊េរីទំនើប​ម៉ាកតូយូតា ស៊ីណា ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកជាមួយនិងរថយន្តមួយគ្រឿង​ទៀតម៉ាក ម៉ាស្តា ដែលកំពុងបើកលឿនដូចគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃអាទិត្យ​ទី១៥ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបំបែកជាបួន មុខ​បណ្ណាគារ​ ហៀ សៀវខេង ម្ដុំផ្សាទំនើបសូរិយា តាមបណ្តោយផ្លូវ​ត្រសក់ផ្អែម(ផ្លូវលេខ៦៣) កែងផ្លូវ​លេខ១៥៤ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ​គេឃើញមានរថយន្តស៊េរីទំនើប​មួយគ្រឿង​ ម៉ាក​ស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-8299 បើកបរដោយនារីម្នាក់ ធ្វើដំណើរ​ពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុមុខ​បណ្ណាគារ​ ហៀ សៀវខេង ដែលជាចំណុចផ្លូវបែកជាបួននោះ ស្រាប់តែមានរថយន្តស៊េរីទំនើប មួយគ្រឿងទៀត ម៉ាក ម៉ាស្តា CX5 ពាក់ស្លាកលេខ ភ្នំពេញ​ 2AJ-0133 ធ្វើដំណើរតាមផ្លូវលេខ៦៣ ពីត្បូងទៅជើង​ ក្នុងល្បឿនយ៉ាងលឿន​ដូចគ្នា បានទៅបុកគ្នាពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្ត ស៊ីណា ខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង។ ចំណែករថយន្តរងគ្រោះ ម៉ាស្តា រងការខូចខាតចំហៀងខាងឆ្វេងយ៉ាងដំណំ។

ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នាអស់រយៈពេលមួយសន្ទុះ តែមិនត្រូវគ្នា ទើបសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកវាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុក នៅការិយាលយ័ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ស តារា


ចែករំលែក៖