ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​មួយគ្រឿងមិនចាំម៉ាក​បើក​បុក ម៉ូតូចំពីមុខពេញទំហឹង បណ្ដាលឲ្យបុរស​ម្នាក់ ស្លាប់ភ្លាមៗនៅ​និង​កន្លែងកើតហេតុ ​

ចែករំលែក៖

ភ្នំពេញ៖ បុរស​ម្នាក់ បានស្លាប់ភ្លាមៗនៅ​និង​កន្លែងកើតហេតុ ​ខណះដែរកំពុងបើកម៉ូតូ ស្រាប់តែត្រូវរថយន្ត​មួយគ្រឿងមិនចាំម៉ាក​បើក​បុក ម៉ូតូចំពីមុខពេញទំហឹង កាលពីវេលា​ម៉ោង៥និង១០នាទី​ទៀបភ្លឺ​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ តាម​បណ្តោយ​មហាវិថី ព្រះស៊ីសុវត្ថិ ម្តុំ​មាត់ទន្លេ ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

តាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា សាកសពជនរងគ្រោះ​ឈ្មោះ ថា ទិន ភេទ​ប្រុស អាយុ១៨ឆ្នាំ មុខរបរ​ជាអ្នកដឹកសាច់​មាន់ ។

សមត្ថកិច្ច បានបន្តទៀតថា មុន​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកហុងដា RSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DE-0346 ធ្វើដំណើរ​តាម​បណ្តោយ​ ព្រះស៊ីសុវត្ថិ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះជិះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​មួយគ្រឿង ពណ៌​ស មិន​ចាំ​ម៉ាកនិងស្លាក​លេខ បើកបរ ​បញ្ច្រាសទិស​គ្នា បាន​បើក​បុក​ម៉ូតូ​ជនរងគ្រោះ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​បោក​ក្បាល​និង​ថ្នល់ ដេកស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាងអាណោចអាធម៍ ។ចំណែកឯ​រថយន្ត​បង្ក​បាន​បើក​រត់គេចខ្លួនបាត់​ពី​កន្លែងកើតហេតុដោយបន្សល់ទុក​តែ​ម៉ូតូ និង​ជនរងគ្រោះដេកស្លាប់កណ្ដាលផ្លូវ ។

ក្រោយ​កើតហេតុ ​សមត្ថកិច្ច​ជំនាញចុះ​ដល់​កន្លែងកើតហេតុ​ធ្វើកា វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​បណ្ដោះអាសន្ន ចំណែក​សាកសពត្រូវ​ក្រុមគ្រួសារ​បាន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ស តារា


ចែករំលែក៖