ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានលើកឡើងថា ៖ នៅពាក់កណ្តាល ឆ្នាំ ១៩៨៦ ក្រោយដែលសម្តេចតេជោ ឡើងជានាយករដ្ឋមន្ត្រីមួយឆ្នាំ រដ្ឋសភាបានធ្វើសម័យប្រជុំដើម្បីពិនិត្យរបាយការណ៍ការងារសកម្មភាព ៦ ខែដើមឆ្នាំ ដែលរដ្ឋាភិបាលបានដាក់ជូន ។ សម័យនោះ ខ្ញុំជាតំណាងរាស្ត្រខេត្តកណ្តាល ( សម័យបោះឆ្នោតទី ១ ឆ្នាំ ១៩៨១ ) និង ជាលេខាធិការគណៈកម្មការវប្បធម៌ សង្គមកិច្ច សុខាភិបាល និង ព័ត៌មាន របស់រដ្ឋសភា ។ អ្វីដែលជាកង្វល់របស់យើងនៅពេលនោះ គឺ ផលិតកម្មស្បៀង ពិសេសស្រូវ ។ ក្នុងទសវត្សរ៍ ៨០ ទិន្នផលស្រូវនៅកម្ពុជាយើង ជាទិន្នផលទាបជាងគេបំផុតក្នុងតំបន់ គឺ បានត្រឹមតែ ១,៥ ទៅ ១,៧ តោនក្នុងមួយហិកតា តែប៉ុណ្ណោះ ។ ហេតុនេះសម័យប្រជុំសភាគឺផ្តោតធំទៅលើបញ្ហាដែលថាតើត្រូវធ្វើយ៉ាងណាជំរុញទិន្នផលស្រូវអោយឡើងខ្ពស់ ដោយថានៅពេលនោះមូលដ្ឋានសេដ្ឋកិច្ចធំរបស់យើងមានតែកសិកម្មមួយមុខគត់ ។ ទាំងអស់គ្នាលើកពីគំនិតពង្រឹងក្រុមសាមគ្កី លើកពីការបំពាក់បំប៉នស្មារតី «លក់ស្រូវជូនរដ្ឋគឺស្នេហាជាតិ» លើកពីវិធានការនានាលើកទឹកចិត្តមូលដ្ឋានអោយលក់ស្រូវជូនរដ្ឋតាមរយៈការដោះដូរស្រូវជាមួយមុខទំនិញឧស្សាហកម្មចាំបាច់មួយចំនួនក្នុងតម្លៃរដ្ឋ …. នៅពេលនោះ ខ្ញុំបានឡើងមានយោបល់ថា គេមិនអាចជំរុញទិន្នផលស្រូវបានទេ បើមិនមានវិនិយោគលើគុណភាពដី និង កម្លាំងពលកម្ម ។ ប៉ុន្តែយើងមិនអាចបង្ខំអោយប្រជាជនថែទាំដីស្រែ ថែទាំស្រូវ បានទេ ព្រោះប្រជាជនមិនមានអារម្មណ៍ថាដីនោះ ផលិតផលនោះ មិនមែនជារបស់គាត់ តែត្រឹមតែជារបស់រួម ( សម័យនោះ ដីជាកម្មសិទ្ធិរដ្ឋដែលបែងចែកទៅតាមក្រុមសាមគ្គី ផលិតផលក៏បែងចែកស្មើគ្នាក្នុងចំណោមសមាជិកក្រុម ) ។
លោកបន្តថា ៖ នៅពេលខ្ញុំនិយាយចប់ភ្លាម នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ឡើងនិយាយថា «នេះជាអ្វីដែលខ្ញុំចង់ឮយូរហើយ…. យើងត្រូវកែប្រែចំណុចនេះ ហើយខ្ញុំចង់ខ្ចីដៃរដ្ឋសភាដើម្បីបង្ខំគណកម្មាធិការមជ្ឈឹមបក្សអោយទទួលយកលើបញ្ហាកម្មសិទ្ធិឯកជនលើដីធ្លីផលិតកម្មកសិកម្មនេះ» ។ បន្ទាប់មកសភាបានបង្កើតជាគណកម្មការចំពោះកិច្ចមួយដែលមាន ៥ នាក់ ដោយមាន បង ចែម ស្ងួន ជាប្រធាន និង មាន វ៉ាន់ឌី កាអុន មានរូបខ្ញុំអ្នកលើកគំនិត និង ពីរនាក់ដែលខ្ញុំមិនច្បាស់ តែម្នាក់គឺតំណាងក្រសួងកសិកម្ម ( ដូចជាបង នុត ថន ) ។
សភាសម្រាកមួយម៉ោង ដើម្បីគណកម្មការយើងរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយប្រកាសទទួលស្គាល់កម្មសិទ្ធិឯកជនលើដីធ្លីផលិតកម្មកសិកម្ម ( តែមិនបញ្ចូលចម្ការកៅស៊ូទេ ) ហើយសភាបានអនុម័តជាឯកច្ឆន្ទលើវិសោធនកម្មនេះភ្លាមក្នុងព្រឹកនោះ ។
ខ្ញុំមិននិយាយពីការស្មុគស្មាញក្រោយយើងទទួលស្គាល់កម្មសិទ្ធិឯកជនលើដីធ្លីកសិកម្មនេះទេ តែមិត្តយើងសាកស្រមៃមើលថាតើបែងចែកដីទៅគ្រប់ប្រជាជននៅជនបទដោយវាស់ទំហំដីស្មើៗគ្នាតើឈឺក្បាលបែបណា ( កន្លែងខ្លះម្នាក់បានក្បាលដីត្រឹមតែ ៥ ម៉ែត្រ ) ។ តែនៅលើផ្នែកនយោបាយ យើងទទួលស្គាល់ថានេះជាការចាំបាច់ចំពោះកម្ពុជា ហើយគណបក្សទាំងមូលបានគាំទ្រជំហរនេះ គ្រាន់តែអ្នកខ្លះអន់ចិត្តថារឿងនេះគួរឆ្លងមជ្ឈិមបក្សសិន ហើយ រហូតមានទាំងអ្នកខឹងនឹងខ្ញុំដែលជា«អ្នកហួចហៅខ្យល់»ទៅវិញទៀត ។
អ្វីដែលខ្ញុំចង់វិភាគគឺយុទ្ធសាស្ត្រ «មួយចានទឹកមួយចានគោក»របស់សម្តេចតេជោនៅក្នុងរឿងនេះ ពិសេសការរើស «ពេល» និង «ទីកន្លែង» ដើម្បីវាយសន្លឹកបៀផ្តាច់ ។
នៅមានត…..ភាគទី៤ ៕
ដោយ ៖ សិលា