ខេត្តរតនគិរី ៖ មន្ត្រីមានសមត្ថកិច្ចដែលឈរជើងនៅតំបន់ព្រំដែនស្រុក អូរយ៉ាដាវខេត្តរតនគិរី បានឲ្យដឹងថា ៖ មួយរយៈចុងក្រោយនេះសកម្មភាពនៃការនាំបារីគេចពន្ធឆ្លងដែន ពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម តាមច្រករបៀងភ្នំក្រហមបានកើតឡើងគួរឲ្យកត់សម្គាល់។ ប្រភពខ្លះបង្ហើបឲ្យដឹងថា ៖ បារីគេចពន្ធឆ្លងដែនទាំងនេះស្ថិតក្រោមការដឹកនាំនិងគ្រប់គ្រងផលប្រយោជន៍ដោយផ្ទាល់ពីលោក អាន អង្គារ៉ា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដែលសហការជាមួយឈ្មួញប្រទេសកម្ពុជានិងវៀតណាម។
លោក អាន អង្គា រ៉ា មេគយច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ បានឃុបឃិតជាមួយឈ្មួញ បើក ឱ្យមាន ប្រភេទ ជាឡាន គោយន្ត កែច្នៃជាច្រើន គ្រឿងដឹកបារីរត់ពន្ធ ឆ្លងដែន ទៅលក់ឱ្យ ពួកឈ្មួញនៅប្រទេសវៀតណាម ដោយខុសច្បាប់ ។ ករណីនៃការអនុញ្ញាតឲ្យនាំបារីឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងភ្នំក្រហម ស្ថិតក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរីនេះ គឺក្រោមសមត្ថកិច្ចចាត់ចែងផលប្រយោជន៍ដោយលោក អាន អង្គារ៉ា ផ្ទាល់តែម្ដង។
ប្រភពដាក់ការសង្ស័យទៀតថា ៖ អាចមានការលួចផលិតបារីក្លែងក្លាយនៅក្នុងភូមិសាស្ត្រខេត្តរតនគិរី ឬក៏នាំចេញពីខេត្តត្បូងឃ្មុំ ឆ្លងដែនទៅប្រទេសវៀតណាម។ ឈ្មួញជនជាតិចិនត្រូវគេអះអាងថា ជាអ្នកដែលលូកដៃ ក្នុងការផលិតបារីក្លែងក្លាយនាំចេញទៅប្រទេសវៀតណាម។
ករណី ដឹកជញ្ជូន បារី ឆ្លងដែន តាមច្រករបៀង ចំណុចប៉ុស្តិ៍នគរបាលការពារ ព្រំដែនគោក ភ្នំក្រហមនេះ ប្រជាពលរដ្ឋសម្គាល់ឃើញថា មានឡាន គោយន្ត កែច្នៃ ជាច្រើន គ្រឿងបានលួច ដឹកជញ្ជូន បារីគេចពន្ធឆ្លងដែន ទៅប្រទេស វៀតណាម ទាំងយប់ ទាំងថ្ងៃ ដោយគេពុំមាន មន្ត្រី ជំនាញពាក់ព័ន្ធ ចុះទៅទប់ស្កាត់ ឡើយ ។ សកម្មភាពនៃការដឹកទំនិញគេចពន្ធប្រភេទបារីនេះ បានធ្វើឡើងជាចំហរ ទាំងពេលយប់ពេលថ្ងៃ ពីព្រោះថានៅច្រករបៀងភ្នំក្រហមនេះ មិនសូវមានចរាចរណ៍មមាញឹក ហើយធ្វើឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍អ្វីនោះដែរ ។ ក្រុមមន្ត្រីមានសមត្ថកិច្ច ក៏ទើបតែចាប់អារម្មណ៍ចំពោះសកម្មភាពនៃការរកស៊ីដឹកបារីគេចពន្ធនៅពេលនេះដែរ។ នៅពេលដែលមានការស្រាវជ្រាវទើបដឹងថា បារីគេចពន្ធទាំងនោះស្ថិតក្រោមការដឹកនាំរបស់លោក អាន អង្គារ៉ា ដោយផ្ទាល់។
ប្រជាពលរដ្ឋ បានឱ្យដឹងផងដែរថា ៖ ការដឹកជញ្ជូនបារីឆ្លងដែន តាមរយៈ ឡាន គោយន្ត កែច្នៃ ទាំងនេះ ចាប់ពីដើមខែ តុលា ឆ្នាំ ២០២៣ រហូតដល់ ដើមខែ មករា ឆ្នាំ ២០២៤ នេះ ត្រូវបានគេឃើញ មានសកម្មភាព ដឹកជញ្ជូនទំនិញ គេចពន្ធ តាមរយៈ គោយន្ត កែច្នៃទាំងនេះ យ៉ាងហូរហែរ តែពាក់ព័ន្ធ មន្ត្រីជំនាញវិញ បែរជារក្សាភាពស្ងៀមស្ងាត់ហាក់ដូចជា បានស្គាល់ចិត្តគ្នាអស់ទៅហើយ។
ករណីនេះត្រូវគេព្រលយថា ពួកឈ្មួញធ្វើសកម្មភាព នៃការផលិតបារីនៅទីអាថ៌កំបាំងណាមួយនៅក្នុងភូមិសាស្ត្រខេត្តរតនគិរីដើម្បីងាយស្រួល នៅក្នុងការនាំគេចពន្ធឆ្លងទៅប្រទេសវៀតណាម។ ការងារដឹកនាំបារីគេចពន្ធនេះ បានកើតមាននៅក្នុងខេត្តកណ្ដាលនិងខេត្តត្បូងឃ្មុំ រួចហើយ។
បើតាមរបៀបរបបនៃការរកស៊ីនាំបារីគេចពន្ធ គឺប្រហាក់ប្រហែលគ្នា ជាមួយពួកឈ្មួញលើកមុនៗនោះដែរ។ នៅខេត្តកណ្ដាលមានទីតាំងផលិតបារី១កន្លែង នៅម្ដុំសិត្បូ ក្រុងតាខ្មៅ ដើម្បីនាំទៅប្រទេសវៀតណាម តាមច្រកស្រុកកោះធំនិងក្អមសំណ។ រីឯនៅខេត្តត្បូងឃ្មុំ ក៏មានកន្លែងផលិតបារីដើម្បីនាំ ទៅប្រទេសវៀតណាមដូចគ្នា នឹងករណីនៅខេត្តកណ្ដាលនោះដែរ។ សមត្ថកិច្ចជំនាញគួរស្រាវជ្រាវក្នុងករណីនេះ ដើម្បីផលប្រយោជន៍ទប់ស្កាត់ការរត់ពន្ធ ខាតបង់ថវិកាពន្ធរបស់រដ្ឋ ។ ដូច្នេះការនាំបារីគេចពន្ធ ឆ្លងដែននៅខេត្តរតនគិរី ក៏មិនខុសពីនៅខេត្តត្បូងឃ្មុំនិងខេត្តកណ្ដាល នោះដែរ ហើយក៏ពិបាកនិយាយដែរថាថ្នាក់ដឹកនាំខេត្តមិនដឹងរឿងនេះ ឬមួយដឹងដែរ ? ។
សូមបញ្ជាក់ថា ៖ កន្លងទៅកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃធ្លាប់ស្រាវជ្រាវ ឃាត់រថយន្តដឹកបារីចេញពីរាជធានីភ្នំពេញ ទាំងយប់ ប៉ុន្តែមានអ្នកធំច្រើនចេញមុខអន្តរាគមន៍ គម្រាម ម្នាក់ៗដកខ្លួនយ៉ាងរហ័ស ។ ចំពោះករណីលួចនាំបារីផលិតខុសច្បាប់ នាំឆ្លងដែនខុសច្បាប់តាមច្រករបៀងភ្នំក្រហម ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អាចនឹងមានវិធានការក្តៅពី កម្លាំងគយចល័ត ក្នុងការពន្លាតដែនសមត្ថកិច្ចបង្ក្រាប ដើម្បីអោយគយច្រកភ្លឺភ្នែកផង ។
ពាក់ព័ន្ធករណីនេះ លោក អាន អង្គារ៉ា ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកអន្តរជាតិអូរយ៉ាដាវ បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមប្រព័ន្ធ Telegram ថា ៖ បារីនាំចូលមានពន្ធរបស់គេ ! ចឹងនាំចេញទៅវិញ គេធ្វើម៉េចឱ្យលក់ដាច់បានច្រើន បានយើងមានពន្ធទៀត ។ ចំពោះច្រករបៀងវៀតណាម ជាធម្មតាខាងវៀតណាមគេហាមឃាត់បារី មិនឲ្យចូលស្រុកគេ ចឹងកាលណាយកទៅផ្លូវត្រង់ គេម៉េចឱ្យចូលរួច។ ដូច្នេះបងប្អូនយើងដែលយកទៅលក់ហ្នឹង ត្រូវទៅតាមច្រករបៀងអីចឹង ។
លោកបន្តថា ៖ បារីមិនមែនអត់ពន្ធទេ គេនាំចូលសុទ្ធតែមានពន្ធរបស់គេ ដោយមានបិទតែមរបស់គេត្រឹមត្រូវ ដូច្នេះបារីនាំចូលដែលលក់ក្នុងស្រុក ឬអាចនាំចេញទៅក្រៅនោះ ខាងគយយើងអត់ហាមឃាត់ទេ រាល់ការលក់ចេញទៅក្រៅ។ ពីព្រោះខាងវៀតណាមទេ ដែលគេហាមឃាត់មិនឲ្យបារី ចូលប្រទេសរបស់គេ ។ លោកបានលើកហេតុផលថា, បើខាងទឹកដីកម្ពុជា មិនមែនជាបារីគេចពន្ធទេ បើថាគេចពន្ធមានតែខាងទឹកដីវៀតណាម ចំពោះនៅទឹកដីយើងបើបារីមានបិទតែមហ្នឹងគឺបានបង់ពន្ធ បើអត់មានបិទតែមគឺខុសច្បាប់។
លោកបានបញ្ជាក់ទៀតថា ៖ គយអត់មានយកពន្ធទៀតទេនៅពេលនាំបារីចេញនោះ ពីព្រោះបង់ពន្ធនាំចូលរួចហើយ ដូច្នេះអត់ត្រូវជាប់កាតព្វកិច្ចពន្ធអីទៀតទេ ។
លោកចាត់ទុកថា, រឿងលក់នៅតាមច្រករបៀងនោះជារឿងរបស់សមត្ថកិច្ចទេ គេអនុញ្ញាតអោយបោះស្តង់ ខាងគយខ្ញុំ ពិនិត្យមើលទៅបើគេមានពន្ធអត់ហ៊ានធ្វើអ្វីគេទេ គេលក់ដូរដើម្បីដាច់ បើមិនដាច់ធ្វើម៉េចគេ អាចនាំចូលបានមកទៀត ! ព្រោះករណីបារីនេះ មានឧកញ៉ាធំៗ បង់ពន្ធ រាប់លានដុល្លារ ក្នុងមួយឆ្នាំមួយឆ្នាំ យើងបានចំណូលពីពន្ធបារី បើយើងមិនសម្រួលឱ្យគេទេតើធ្វើម៉េចទៅ ! លោកបានបញ្ជាក់ទៀតថា ៖ ច្រកអន្តរជាតិយើងអត់ហាមឃាត់ទេ តែបារីគេហាមឃាត់ បារីគេមិនឲ្យនាំចូលស្រុកគេទេ ដូចជាទំនិញមួយចំនួនចូលស្រុកយើង ដែលមានរត់ពន្ធ ទំនិញណាដែលមាន រដ្ឋយើងហាមឃាត់ យើងមិនអនុញ្ញាតឲ្យបំពេញប្រតិវេទន៍គយនាំចូលបានទេ លុះណាមានច្បាប់គឺយើងអនុញ្ញាតឲ្យចូលបាន អញ្ចឹងហើយមានទំនិញគេចពន្ធមួយចំនួន ដោយសារមានរូបភាពអញ្ចឹង !
លោក អាន អង្គារ៉ា បានបន្តថា ៖ រឿងបារីនេះខ្ញុំគ្រាន់តែជម្រាបឲ្យដឹងថា, វាមិនមែនឆ្លងកាត់តាមច្រកអន្តរជាតិរបស់ខ្ញុំទេ គឺមានខាងសាខា មានខាងគយចល័ត របស់ខាងអគ្គ មាននៅតាមដងផ្លូវ។ ដោយឡែកខាងខ្ញុំមានតែជិះទៅមើលផ្ទាល់តែម្ដង មានន័យថាគេចេញតែពីខេត្តគេឆ្លងកាត់តាមតែផ្លូវ តាមកន្លែងគេដែលគេយកទៅដាក់ ។
សូមជម្រាបថា, ការលើកឡើងរបស់លោក ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកអន្តរជាតិអូរយ៉ាដាវ ដែលចាត់ទុកថាឈ្មួញនាំចូលបង់ពន្ធ នោះជារឿងមួយដែលត្រូវបានគាំទ្រដើម្បីពន្ធជូនរដ្ឋ។ ប៉ុន្តែសមត្ថកិច្ចត្រូវបង្ហាញការពិត ស៊ើបអង្កេត ស្រាវជ្រាវ ថាតើបារីទាំងនោះត្រូវបានលួចផលិតនៅក្នុងស្រុក ឬនាំចូលពីខាងក្រៅបានបង់ពន្ធចូលរដ្ឋត្រឹម រឿងវាត្រង់ហ្នឹង ? នេះជាបញ្ហាមួយដែលត្រូវរួមគ្នាត្រួតពិនិត្យឲ្យបានល្អិតល្អន់ ជៀសវាង ខាតបង់ចំណូលពន្ធរបស់រដ្ឋ ក្លាយជាប្រភពសេដ្ឋកិច្ចផលប្រយោជន៍បុគ្គល នឹងបក្ខពួក ? ។
លោក សែ សុឃន អគ្គនាយករង និងជាអ្នកនាំពាក្យ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអោយដឹងថា ៖ សូមជម្រាបថា តាមតារាងពន្ធគយកម្ពុជា បារីជាប្រភេទមុខទំនិញដែលមិនជាប់កាតព្វកិច្ចអាករនាំចេញទេ។ ម៉្យាងវិញទៀត បណ្តាប្រទេសនានាតែងលើកទឹកចិត្តនិងសម្រួលដល់ការនាំចេញផលិតផលពីប្រទេសរបស់ខ្លួនដើម្បីផលប្រយោជន៍នៃសេដ្ឋកិច្ចជាតិ។
ដោយឡែកលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី មិនអាចធ្វើការទំនាក់ទំនងបានទេនៅថ្ងៃនេះ ខណៈខលមិនចូល ហើយតាមប្រព័ន្ធ Telegram លោកអត់បើកមើល។
រឿងបារីនាំចេញតាមច្រករបៀងនេះ គេសង្ស័យជាបារី ដែលលួចផលិតក្នុងស្រុក ទើបនាំឆ្លងទៅវៀតណាមតាមច្រករបៀង ហើយ អាចកើតឡើងបាន ដោយកត្តាត្រូវរ៉ូវគ្នា ក៏អាចថាបាន៕
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”