ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរា រៀបចំដំឡើងបង្កាន់ដៃជណ្តើរឈើចំនួន៣កន្លែងនៅប្រាសាទអង្គរវត្ត ដើម្បីសម្រួលការឡើង-ចុះ និងសុវត្ថិភាពភ្ញៀវទេសចរ

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានអោយដឹងថា ៖ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍(TSC) របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានដំឡើងបង្កាន់ដៃជណ្ដើរឈើចំនួនបីទីតាំង នៅប្រាសាទអង្គរវត្តក្នុងគោលបំណង ជួយសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរឱ្យងាយស្រួល និងសុវត្ថិភាពផង។ កន្លែងទាំងបី ដែលក្រុមការងារដំឡើងបង្កាន់ដៃជណ្ដើរនោះ គឺនៅរួតព្រះពាន់ នៅចំណុចកណ្តាល និងនៅអមសងខាង នៃរួតព្រះពាន់ឡើង-ចុះរួតបាកាណ(កំពូលកណ្ដាល)របស់ប្រាសាទអង្គរវត្ត។

ប្រធានក្រុមការងារពលករនៅនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ លោក ប៊ូ ផានេត ឱ្យដឹងថា ការដំឡើងបង្កាន់ដៃជណ្ដើរឈើទាំងនេះ ក្នុងគោលបំណងជួយសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរផង និងក៏ជួយការពារគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ដែលអាចនឹងកើតឡើងជាយថាហេតុណាមួយផង។ ប្រការទី២ គឺជួយបង្ការកុំឱ្យភ្ញៀវទេសចរចាប់តោង ឬក៏ប៉ះផ្ទាល់ទៅលើថ្មប្រាសាទ ដែលអាចនាំឱ្យសឹករឹករិលក្បាច់ចម្លាក់ជាដើម ជាពិសេសជួយសម្រួលបានច្រើនដល់ភ្ញៀវទេសចរនៅរដូវធ្លាក់ភ្លៀងបង្ការកុំឱ្យរអិលទៀតផង។ លោក ផានេត បន្ថែមទៀតថា ការដំឡើងបង្កាន់ដៃនេះ បានប្រើឆ្អឹងដែកស្រោបឈើលើដើម្បីការពារកុំឱ្យច្រេះ និងមិនឱ្យប៉ះពាល់ដល់សោភ័ណភាពនៃប្រាសាទនោះទេ។ ក្រុមទេសចរចម្រុះជាតិសាសន៍ ព្រមទាំងមគ្គទេសក៍ទេសចរណ៍ជាច្រើន បានសម្តែងការសប្បាយចិត្តនៅពេលឃើញអាជ្ញាធរជាតិអប្សរាដំឡើងបង្កាន់ដៃជណ្ដើរទាំងនេះ។

មគ្គទេសក៍ទេសចរណ៍ ភាសាជប៉ុន លោក យ៉ែម រ៉ូហ្សា បានបង្ហាញក្តីរំភើប នៅពេលដែលរូបលោកបាននាំភ្ញៀវមកទស្សនាប្រាសាទអង្គរវត្ត ចំពេលដែលក្រុមការងារ នៃអាជ្ញាធរជាតិអប្សរាបានរៀបចំដំឡើងបង្កាន់ដៃជណ្ដើរនេះរួចរាល់ហើយ។ មគ្គទេសក៍រូបនេះនិយាយថា កាលពីមុនជណ្ដើរទាំងនោះ ពិបាកឡើងចុះ ហើយនៅកន្លែងខ្លះដែលងងឹតបន្តិចផងនោះ តែងធ្វើឱ្យភ្ញៀវទេសចរមួយចំនួន ដែលមានវ័យចាស់ៗ ពិតជាពិបាកឡើងចុះ ប៉ុន្តែពេលនេះ វាពិតមានភាពងាយស្រួលជាងកាលពីមុនឆ្ងាយណាស់។ លោក យ៉ែម រ៉ូហ្សា គិតថា នេះជាគំនិតល្អ ដែលអាជ្ញាធរជាតិអប្សរាបានគិតគូរដល់សុវត្ថិភាពរបស់ភ្ញៀវទេសចរជាចម្បង ពីព្រោះតែប្រាសាទខ្ពស់ៗ ជណ្តើរក៏ច្រើនហើយកន្លែងខ្លះក៏ងងឹតថែមទៀតនោះ៕

ដោយ ៖ សហការី


ចែករំលែក៖