ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ទូច ប្រទះឃើញបង្គោលព្រំដែនក្នុងសម័យបារាំងជាច្រើននៅខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ លោកបណ្ឌិត សុខ ទូច ប្រធានក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភាបានលើកឡើងថា ក្រុមការងារបានសិក្សាស្រាវជ្រាវបញ្ហាព្រំដែនមកដល់ខេត្តតាកែវ ហើយបានជួបប្រទះ ឃើញប្រភេទបង្គោលព្រំដែនក្នុងសម័យអាណានិគមនិយមបារាំងច្រើនកន្លែង។ នេះបើយោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់លោកបណ្ឌិត សុខ ទូច កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរ៥ចំណុចណែនាំឲ្យថែរក្សាការពារបង្គោលព្រំដែនចាស់ដែលបានបោះដោយគណៈកម្មការកំណត់ព្រំដែនរវាងកម្ពុជា នឹងកូសាំងស៊ីននៅមុននិងក្រោយទសវត្សរ៍ ឆ្នាំ១៨៧០ឲ្យបានឋិតថេរគង់វង្សនិងទុកឲ្យកូនចៅក្រោយៗបានឃើញទាំងអស់គ្នា។

សារាចរ៥ចំណុចនោះរួមមាន ១- គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចាំ បាច់ត្រូវរក្សាបង្គោលព្រំដែនចាស់ទាំងឡាយ ឲ្យបានគង់វង្ស, ២-ត្រូវសហការជាមួយនឹង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវរក្សា ទុកបង្គោលព្រំដែនចាស់ដែលបាក់ចេញពីគ្រឹះរបស់វានៅកន្លែងមានសុវត្ថិភាព, ៣- ក្នុងករណីដែលបង្គោលចាស់ទាំងនោះបាក់ចេញពីគ្រឹះគណៈកម្មាធិការត្រូវធ្វើការចរចា ជាមួយភាគីវៀតណាមស្នើយកបង្គោលព្រំដែនទាំងនោះមករក្សាទុកនៅកម្ពុជា, ៤- អាជ្ញាធរនិងពលរដ្ឋត្រូវសហការគ្នាស្វែងរក បង្គោលព្រំដែនចាស់ និង៥-អាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋត្រូវសហ ការជាមួយនឹងគណៈកម្មាធិការចម្រុះកិច្ច ការព្រំដែនដើម្បីរក្សានិងការពារបង្គោលព្រំដែនដែលប្រទេសទាំង២ត្រូវឯកភាពគ្នាបោះលើដីជាក់ស្ដែងរួចហើយឲ្យបានស្ថិតស្ថេរគង់វង្សតរៀងទៅ ។

សូមបញ្ជាក់ថា កម្ពុជា-វៀតណាមធ្លាប់ បានអះអាងរួមគ្នាថា នឹងប្ដេជ្ញាពង្រឹងសន្តិភាពតាមព្រំដែនរវាងប្រទេសទាំង២ហើយឲ្យមានការជឿនលឿនទៅមុខក្នុងកិច្ចការបោះបង្គោលព្រំដែនគោកដែលមានប្រវែង១.២៧០គីឡូម៉ែត្រ ៕ ហេង សូរិយា

btvnews12-10-20162


ចែករំលែក៖