ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញថៃសម្រុកចូលទិញដំឡូងមីខ្មែររថយន្តស្ទះមាត់ច្រកទ្វារព្រំដែន ទន្ទឹមដែលកសិករខ្មែរអ្នកដាំដំឡូងមីនៅព្រំដែន ក្នុងខេត្តបាត់ដំបងត្អូញត្អែរតម្លៃដំឡូងមីចុះថោក

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្នុងរយៈពេលប្រមូលផលដំឡូងមីរបស់ប្រជាកសិករខ្មែរ នៅជាប់ព្រំដែនកម្ពុជា-ថៃក្នុងខេត្តបាត់ដំបងរយៈពេលជិត១ខែចុងក្រោយនេះ គេសង្កេតឃើញ ឈ្មួញថៃបានសម្រុកចូលមកទិញដំឡូងមីខ្មែរនៅជាយដែនបង្កឱ្យរថយន្តដឹកដំឡូងមីរបស់ឈ្មួញថៃជាច្រើនគ្រឿងចូលមកដឹកដំឡូងមី រហូតដល់មានកកស្ទះចរាចរណ៍យ៉ាងណែនតាន់តាប់ នៅច្រកតំបន់ភ្នំដី ស្ថិត ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ឈមនិងស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ។ ទន្ទឹមដែលប្រជាកសិករខ្មែរអ្នកដាំដំឡូងនៅជាយដែន បាននាំគ្នានិយាយពីការព្រួយបារម្ភនៃតម្លៃដំឡូងមីចុះថោក ដែលធ្វើឱ្យមានបញ្ហាប្រឈមចំពោះការខាតបង់និងប៉ះពាល់ជីវភាព ។

ប្រជាកសិករនៅស្រុកសំពៅលូនបានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ថា តម្លៃដំឡូងមីមានការធ្លាក់ចុះជាងឆ្នាំមុន នៅឆ្នាំនេះដំឡូងស្រស់ឈ្មួញបានទិញ១គីឡូក្រាមក្នុងតម្លៃជាង១០០រៀល ចំណែកដំឡូងហាលស្ងួត១គីឡូក្រាមតម្លៃជាង៥០០រៀល។ តម្លៃនេះជូនកាលឈ្មួញក៏មិនបានទិញតាមការកំណត់ត្រឹមត្រូវដូចខាងលើទៀតផង នៅពេលខ្លះឈ្មួញគេបង្អាប់ថាដំឡូងនឹងមិនសូវមានម៉្សៅ ដំឡូងជាំខ្មៅ ប្រឡាក់ដី គឺគេទិញតម្លៃថោកជាងនេះទៅទៀត អាស្រ័យទៅលើឈ្មួញជាអ្នកកំណត់តាមតែអំពើចិត្ត។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងថា នៅខេត្តបាត់ដំបងប្រជាកសិករដាំដំឡូងមីនៅឆ្នាំ២០១៦មានផ្ទៃជាង១០ម៉ឺនហិកតា លោកទទួលស្គាល់ថាដំឡូងមីពិតជាមានការធ្លាក់ចុះថ្លៃប៉ុន្មានខែមកហើយ ទៅលើដំឡូងនៅសេសសល់ ។

លោកបានប្រាប់ឱ្យដឹងទៀតថា ការទិញដំឡូងរបស់ឈ្មួញគេឱ្យតម្លៃថោកថ្លៃ អាស្រ័យលើគុណភាពដំឡូងនោះដែរជូនកាលដំឡូងប្រជាកសិករមិនល្អក៏ឱ្យតម្លៃតាមនឹងដែរ ហើយបើដំឡូងមានគុណភាពល្អ ហាលស្ងួតល្អ មិនត្រូវទឹកភ្លៀង ក៏គេឱ្យថ្លៃទៅតាមគុណភាពដំឡូង។ ប៉ុន្តែលោកមិនបានបដិសេដ្ឋនោះទេជាធម្មតាការរកស៊ីជូនកាលឈ្មួញខ្លះក៏មានការខិលខូចបង្អាប់គុណភាព ដើម្បីកេងចំណេញនៃការធ្វើជំនួញនោះផងដែរ។

សូមបញ្ជាក់ថា ទន្ទឹមដែលប្រជាកសិករមានការត្អូញត្អែរពីបញ្ហាដំឡូងមី និងដំណាំកសិផលមួយចំនួនទៀតមានការធ្លាក់ចុះ។ក៏ប៉ុន្តែ គេសង្កេតឃើញបែរជាឈ្មួញកណ្តាលកំពុងហាក់បីជាមានការកាក់កបជាខ្លាំង ក្នុងមុខរបរប្រមូលទិញផលិតផលកសិផលប្រជាកសិករក្នុងតម្លៃថោកបែបនេះ។គេមើលឃើញថា ឈ្មួញកណ្តាល បាននិងពង្រីកមុខរបររបស់ខ្លួនបើកទីលាន សាខាក្រុមហ៊ុន ប្រមូលទិញ កសិផល កាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំនោះ៕ សំ វិច្ឆិកា

img_8837 img_8838 img_8840 img_8841 img_8842 img_8843 img_8844 img_8845 img_8848 img_8849 img_8850


ចែករំលែក៖