ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនល្ងីល្ងើៈ ធ្វើបុណ្យភ្ជុំបិណ្ឌមិនល្អ ប្រយ័ត្នប្រេតនិយាយដើម!

ចែករំលែក៖

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ បងប្អូនប្រជាពលរដ្ឋខ្មែរដែលមានជំនឿបុណ្យបាបយ៉ាង ច្រើនលើសលប់នឹងនាំគ្នាប្រារព្ធបុណ្យតាមប្រពៃណីខ្មែរដ៏រុងរឿងដោយនាំគ្នាទៅកាន់ស្រុកកំណើតរៀងៗខ្លួនដើម្បីជួបជុំពុកម៉ែបងប្អូនញាតិមិត្តផៅសន្តានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ ឧទ្ទិស ដល់ជីដូន ជីតា និងបុព្វការីជនដែលចែកឋានទៅកាន់លោកខាងមុខហើយនោះ ។

ប្រពៃណីបុណ្យភ្ជុំបិណ្ឌនេះ ក៏បង្ហាញឲ្យឃើញពីទឹកចិត្តជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនាដែលបន្សល់ទុកដល់កូនចៅជំនាន់ក្រោយប្រតិបត្តិតាម ដោយសាងតែអំពើល្អ និងមានជំនឿបុណ្យបាប ត្រូវតែនាំគ្នាធ្វើបុណ្យ។

ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ នាយជាលបានកត់សម្គាល់ឃើញថា មានមនុស្សមួយចំនួន ជាពិសេសប្អូនៗស្ទាវៗបានយកឱកាសនេះទៅជាសាបព្រោះវប្បធម៌មិនល្អក្នុងវិស័យ ព្រះពុទ្ធសាសនា ដូចនារីៗស្លៀកខ្លីខើចលើខើចក្រោមសំពះព្រះសង្ឃ ប្អូនៗយុវជន ផឹកស៊ីស្រវឹងដេញកាប់ចាក់គ្នាពេញវត្ត បង្កគ្រោះថ្នាក់ចរាចរណ៍អន្តរាយជីវិតឬទ្រព្យសម្បត្តិក្រុមគ្រួ សារ និងជាពិសេសមានយុវជន យុវនារីខ្លះ យកទីអារ៉ាមធ្វើជាទីកម្សាន្តភ្លើនភ្លើននូវកាមគុណ និងធ្វើជាកន្លែងល្បែងស៊ីសង បៀអាប៉ោង ជល់មាន់ជាដើម ។ ទាំងនេះនៅមិនទាន់គិតជនខឹលខូចមួយចំនួន ឆ្លៀតឱកាសលួច ឆក់ ខ្វេះហោប៉ៅលួចទ្រព្យអ្នកទៅធ្វើបុណ្យនៅឡើយ។

វប្បធម៌ដែលចាត់ទុកថាប្រាសចាកនឹងពុទ្ធឱវាទទាំងនេះ ប្រសិនណាយើងជាកូនខ្មែរមិនប្រញាប់កម្ចាត់ចោលទេ វានឹងជះឥទ្ធិពលអាក្រក់ដល់ក្មេងៗស្រករក្រោយ ដោយចាត់ទុកអារ៉ាមជាទីសក្ការនៃពុទ្ធបរិស័ទជាកន្លែងពាលាអាវាសែមិនខាន ។

នាយជាលគិតថា បើមិនបានធ្វើបុណ្យ ឬលើកស្ទួយព្រះពុទ្ធសាសនាទេ សូមកុំជាន់ឈ្លី ទំនៀមទម្លាប់ប្រពៃណីបុណ្យភ្ជុំបិណ្ឌ ពោលគឺកុំនាំយកវប្បធម៌ពាលាអាវាសែទៅសាបព្រោះ នៅទីអារ៉ាមឲ្យសោះ យ៉ាងហោចណាស់គួរខ្មាសក្រុមប្រេតដែលយមបាលដោះលែង១៥ថ្ងៃ ឲ្យទៅទទួលបាយបិណ្ឌនៅតាមវត្តនានា នាំគ្នាទះដៃសើច ឬនិយាយដើមនៅពេលដែលយមបាលនាំទៅឋាននរកវិញដែរ ៕ នាយជាល

 


ចែករំលែក៖