ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ស្ថានភាពសន្តិសុខនយោបាយសំខាន់ៗលើពិភពលោក ១សប្តាហ៍កន្លងមក

ចែករំលែក៖

ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង ទាំងនយោបាយនិងសន្តិសុខ ក្រោយការបាញ់ប្រហារជាប្រវត្តិសាស្ត្រនៅទីក្រុងឡាសវេហ្គាសសហអាមេរិក សម្លាប់មនុស្សដល់ទៅ៥៩នាក់និង៥៨០នាក់រងរបួស។ ក្រៅ ពីនេះនៅមាន ការបោះឆ្នោតប្រជាមតិផ្តាច់ខ្លួនរបស់ពលរដ្ឋកាតាឡូនៀ នៅប្រទេស អេស្បា៉ញថែមទៀត។

ស្ថានភាពសន្តិសុខពិភពលោកៈ

ការបាញ់ប្រហារនៅអាមេរិក កាលពី ថ្ងៃទី១ខែតុលា សម្លាប់មនុស្ស ៥៩នាក់និង ៥៨០នាក់រងរបួស នៅទីក្រុងឡាស វេហ្គាស ដោយជនដៃដល់មានតែម្នាក់ឯង ប្រើប្រាស់កាំភ្លើងយន្ត បាញ់ប្រហារពី លើអគារ ជាន់ទី៣២ ទៅលើហ្វូងមនុស្សដែលដែលកំពុងទស្សនាការប្រគំតន្ត្រី កណ្តាលវាល នៅខាងក្រោម។ ក្រោយការ ស្រាវជ្រាវ ប៉ូលិសបានរកឃើញកាំភ្លើង គ្រប់ប្រភេទនៅក្នុងផ្ទះជនដៃដល់ឈ្មោះStephen Paddoc និងគ្រាប់រំសេវរាប់ពាន់គ្រាប់រក្សាទុកក្នុងផ្ទះ។ ចំណុចទាំងនោះបាន បង្ហាញយ៉ាងច្បាស់ថា អាមេរិកអសមត្ថភាព នៅក្នុងការគ្រាប់គ្រងពលរដ្ឋខ្លួនឯង ក្នុង នោះ ពាក់ព័ន្ធនិងការប្រើប្រាស់ និងរក្សា ទុកកាំភ្លើងដោយសេរីរហូតឈានដល់ការបាញ់បោះសមា្លប់មនុស្សយ៉ាងច្រើនបែបនេះ។

រុស្ស៊ីចោទប្រកាន់អាមេរិកជួយដល់ក្រុមភេរវកម្មISៈ

កាលពីថ្ងៃទី៤ខែតុលា ក្រសួងការពារជាតិរុស្ស៊ីបានចោទប្រកាន់ អាមេរិកថា បានជួយដល់ក្រុមភេរវកម្ម IS ក្នុងការវាយបកទៅលើកម្លាំងរុស្ស៊ីនិង ស៊ីនៅតំបន់ភាគខាងត្បូងប្រទេសស៊ីរី។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បញ្ជាក់ថា «អាមេរិកបានជួយដល់ក្រុម IS នៅក្នុងប្រទេសស៊ីរី ទើបធ្វើឲ្យក្រុម នេះមានសមត្ថភាព តទល់ជាមួយកម្លាំង ទាហានស៊ីរីនិងរុស្ស៊ីក្នុងការវាយបកវិញ។

ស្ថានភាពនៅកូរ៉េខាងជើងៈ

ស្ថានភាពកូរ៉េខាងជើងនៅតែតានតឹងដដែល ហើយក្រុមចារកិច្ចអាមេរិកនិងកូរ៉េខាងត្បូង បានប្រកាសថា កូរ៉េខាងជើង បានបញ្ជូនមីស៊ីលឆ្លងទ្វីប ទៅកាន់ទីតាំង ត្រៀមសាកល្បងជាថ្មីហើយការសាកល្បងអាចនឹងធ្វើឡើងនៅក្នុងខែតុលានេះ ក្នុង ទិវាបង្កើតបក្សពលករកូរ៉េខាងជើង នៅថ្ងៃ ទី១០ ខែតុលា។

អាមេរិក នៅតែមានបំណងប្រើប្រាស់ កម្លាំងយោធាទៅលើកូរ៉េខាងជើងដដែល ដើម្បីលុបចោលកម្មវិធីបរមាណូ ។ប៉ុន្តែ ប្រធានាធិបតីរុស្ស៊ីបានព្រមានថា ការវាយប្រហារនឹងបង្កឲ្យមានសោកនាដកម្មកើតឡើង។ លោកពូទីនបានបញ្ជាក់ថា គ្មាន អ្នកណាម្នាក់ ដឹងពីកូរ៉េខាងជើង ១០០% នោះឡើយ នៅទីតាំងយោធា អាវុធរបស់ ប្រទេសនេះ។ ទាំងនោះហើយការវាយ ប្រហារមិនអាចយកឈ្នះកូរ៉េខាងជើងភ្លាមៗ នោះទេគឺអាចធ្វើឲ្យប្រទេសនេះវាយបកដោយបរមាណូ ទៅលើទីតាំងអាមេរិកនិងប្រទេសជិតខាង។

ស្ថានភាពនយោបាយពិភពលោកៈ

ចំណុចដែលចាប់អារម្មណ៍បំផុតនៅលើពិភពលោក មួយសប្តាហ៍កន្លងមក គឺការបោះឆ្នោតប្រជាមតិផ្តាច់ខ្លួន របស់ពល រដ្ឋតំបន់កាតាឡូនៀ ចេញពីប្រទេស អេស្បា៉ញ។ មេដឹកនាំក្នុងតំបន់ លោក Carles Puigdemont បានប្រកាសថានឹង ផ្តាច់ខ្លួន ប្រកាសឯករាជ្យនៅថ្ងៃទី៩ ខែ តុលា ខាងមុខ។ រដ្ឋាភិបាលអេស្បា៉ញបានច្រានចោលការបោះឆ្នោតប្រជាមតិខាងលើ ដោយចាត់ទុកថាជាអំពើខុសច្បាប់ ។ ការចង់ផ្តាច់ខ្លួនគឺចាំបាច់ត្រូវតែបោះឆ្នោតប្រជាមតិទូទាំងប្រទេស មិនមែនតែតំបន់ មួយប៉ុណ្ណោះនោះទេ។ កម្លាំងប៉ូលិស អេស្បា៉ញ ក៏បានខិតខំរារាំងពលរដ្ឋទៅបោះឆ្នោត បង្កឲ្យមានអំពើហិង្សាកើតឡើង ។ លទ្ធផលបោះឆ្នោតប្រជាមតិ ពលរដ្ឋកាតា ឡូនៀ ជាង៩០ភាគរយគាំទ្រឯករាជ្យចាកចេញពីអេស្បា៉ញ។

បោះឆ្នោតប្រជាមតិផ្តាច់ខ្លួនចេញពីអីុរ៉ាក់ របស់ជនជាតិឃើដៈ

ការបោះឆ្នោតប្រជាមតិដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ជនជាតិ ឃើដ(គួដ ឌីស្ថាន)នៅក្នុងប្រទេសអីុរ៉ាក់ទាមទារឯករាជ្យចេញពីប្រទេសអីុរ៉ាក់។ការបោះឆ្នោតធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ដោយមាន ពលរដ្ឋ ៩២.៧៣ភាគរយគាំទ្រចាកចេញពីអីុរ៉ាក់ ទៅជាប្រទេសឯករាជ្យ។ ប្រទេស ជាច្រើន ក្នុងតំបន់ដូចជាអីុរ៉ង់ និងទួរគី ជាដើម ដែលមានជនជាតិឃើដរស់នៅ ច្រើន បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ខ្លាចមានការក្រោកឈរឡើងទាមទារឯករាជ្យដូចជាប្រទេសអីុរ៉ាក់។ ទាំងនោះហើយ បាន ជាអីុរ៉ង់ ប្រកាសសហការជាមួយអីុរ៉ាក់ទប់ស្កាត់ ការទាមទារឯករាជ្យ របស់ក្រុមជន ជាតិឃើដ ដោយចាត់ទុកថា ក្រុមជនជាតិឃើដនឹងបង្កគ្រោះថ្នាក់ដល់តំបន់ទាំងមូល។

ស្ថានភាពនយោបាយពិភពលោក នឹងមានការប្រែប្រួលខ្លាំង ប្រសិនបើកាតា ឡូនៀ និង គួដឌីស្ថាន ទទួលបានឯករាជ្យផ្តាច់ខ្លួនចេញជាប្រទេសមួយថ្មីនោះ និង មានតំបន់ជាច្រើន ផ្សេងទៀត អាចនឹង ដើរតាម គន្លងតំបន់ទាំងនោះទាមទារឯក រាជ្យ ទាំងនៅអឺរ៉ុបនិងអាស៊ី ។ នៅពេល នោះ ចលនាផ្តាច់ខ្លួននឹងកើនឡើង បង្កឲ្យមាន អសន្តិសុខនយោបាយ ទូទាំង ពិភពលោក។

នៅតំបន់អាស៊ីវិញ ក៏មានតំបន់ជាច្រើនចង់ផ្តាច់ខ្លួនចេញពីប្រទេស ចិន ក្នុងនោះ មាន តៃវ៉ាន់ ទីបេ ស៊ីនជាំង(មានអ៊ិស្លាមភាគច្រើនរស់នៅ) ហុងកុង ជាដើម៕ ម៉ែវ សាធី


ចែករំលែក៖