ទោះជា ៣៩ ឆ្នាំបានកន្លងផុតទៅហើយក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរនៅតែចងចាំមិនភ្លេច ខួបកំណើតទី២របស់ខ្លួន គឺថ្ងៃ ៧ មករា ១៩៧៩ ដែលយើងទាំងអស់គ្នាបានរួចរស់ពីសេចក្តីស្លាប់ ប្រៀបដូចជាបានចាប់កំណើតសារជាថ្មី។ ខណៈដែលពលរដ្ឋខ្មែរពេញនគរតែងប្រារព្ធទិវាចងចាំ នៃថ្ងៃ៧ មករា មិនដែលភ្លេច ថ្ងៃ៧មករានេះក៏ជាទិវាអន្ទងព្រលឹងពួកប្រឆាំងក្រៅច្បាប់ដែលមាន ឈាមពួកមេដឹកនាំប្រល័យពូជសាសន៍ឲ្យចេញមុខបង្ហាញសាធារណៈជនខ្មែរ ក៏ដូចជាសហគមន៍ អន្តរជាតិឲ្យឃើញយ៉ាងច្បាស់ក្រឡែតពោលគឺ ៧មករា បរាមុខពួកខ្មែរដែលមានឈាមប្រល័យ ពូជសាសន៍នៅសេសសល់។ ឲ្យតែទិវា ៧មករា មកដល់ ពួកនេះដែលបង្កប់ខ្លួននៅក្នុងសង្គមខ្មែរ តែងតែនៅមិនសុខឡើយ ហើយចេញមុខមកអួតប្រាប់គេឯងដោយមិនដឹងខ្លួនថា ពួកគេមាន ឈាមជ័រជាជនក្បត់ជាតិ និងមានកំហឹងខ្លាំងណាស់ចំពោះអ្នកដែលបានវាយផ្តួលរំលំរបបដឹកនាំ របស់ពួកគេ។ កំហឹងឈឺចាប់របស់ពួកនេះកើតឡើងដោយសារមានអ្នកមករារាំងមិនឲ្យពួកគេ សម្រេចបាននូវមហិច្ចតាដ៍គ្រោះថ្នាក់បំផុតរបស់ពួកគេចំពោះប្រជាជាតិនិងប្រជាជនខ្មែរ។
ដោយសារតែឈាមជ័រពណ៌ខ្មៅកខ្វក់របស់ពួកមេដឹកនាំនៃរបបប្រល័យពូជសាន៍ដុតរោល ខ្លួនប្រាណពួកគេខ្លាំងពេក បានជាពួកជនទាំងអស់នោះមិនអាចទ្រាំបានហើយហារមាត់និយាយ ប្រឆាំងថ្ងៃ ៧មករា ទាំងទទឹងទិសបើទោះបីជាពួកគេដឹងថា ពលរដ្ឋខ្មែរទូទៅស្អប់ខ្ពើមរបបនេះ យ៉ាងណាក៏ដោយ។ ពួកដែលបៀមឈាមឃាតករប្រល័យពូជសាសន៍បាននិងកំពុងធ្វើសកម្មភាព យ៉ាងគឃ្លើនប្រឆាំងថ្ងៃ ៧ មករា និងប្រឆាំងអ្នកដែលនាំមកនូវថ្ងៃ ៧ មករាជារៀងរហូតមក។ បង ប្អូនប្រជាពលរដ្ឋខ្មែរទូទៅច្បាស់ជាអាចយល់បានថាពួកនោះជាអ្នកណា? គឺពួកអតីតបក្សប្រឆាំង ដែលទើបត្រូវបានតុលាការកំពូលរំលាយចោល ហើយកំពុងធ្វើសកម្មភាពក្រៅច្បាប់។
អ្វីដែលពួកនេះបានធ្វើរហូតមក ដល់បច្ចុប្បន្នបានបង្ហាញច្បាស់ណាស់ថាជាអំពើសងសឹក ចំពោះអ្នកដែលបានវាយផ្តួលរំលំរបបខ្មែរក្រហម។ តាំងពីកកើតបក្សប្រឆាំងនៅកម្ពុជាដឹកនាំ ដោយលោក សម រង្ស៊ី ដែលបច្ចុប្បន្នមានងារជាទណ្ឌិត និងកំពុងរត់គេចពីសំណាញ់ច្បាប់កម្ពុជា គណបក្សនេះតែងតែប្រឆាំងយ៉ាងប្តូរផ្តាច់ចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសប្រឆាំង លោកនាយករដ្ធមន្ត្រី ហ៊ុន សែន ដែលជាស្ថាបនិកថ្ងៃ ៧ មករា។ ពួកគេខំកាឡៃ កែច្នៃសច្ចធម៌ ប្រវត្តិសាស្ត្រនៃថ្ងៃ ៧ មករាឲ្យទៅជារឿងផ្សេងទាំងពួកគេខ្លួនឯង និងសាច់ញាតិរបស់ពួកគេ សុទ្ធតែបានរួចរស់ជីវិតដោយសារថ្ងៃ ៧ មករា ក៏ដោយ។ ពួកគេហារមាត់ជេរថ្ងៃ ៧ មករា និងជេរ ស្ថាបនិកថ្ងៃ ៧ មករាដោយឥតកោតក្រែង។ ពួកគេខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីបំផ្លាញអ្នក នាំមកនូវថ្ងៃ ៧ មករា។ ពួកនេះក៏បានធ្វើឲ្យមានអរិយភាពជាមួយប្រទេសជិតខាងតាមរយៈការ ចាត់ទុកប្រទេសវៀតណាមជាសត្រូវ និងជាគោលដៅនៃការបញ្ឆេះកំហឹងស្អប់ខ្ពើមជាតិសាសន៍ យ៉ាងជ្រាលជ្រៅ។ គេនៅចាំបានថា លោក កឹម សុខា ធ្លាប់បានហារមាត់និយាយទៅរួចថា គាត់ មិនជឿថាឆ្អឹងលលាដ៏ក្បាលដែលបន្សល់ទុកពីរបបខ្មែរក្រហមនោះថាជារឿងពិតទេ តែកឹម សុខា បានហៅឆ្អឹងលលាដ៏ក្បាលទាំងនោះថា ជារបស់សិប្បនិមិ្មត្តទៅវិញ។ ពាក្យសម្តីបែបនេះបានធ្វើ ឲ្យជនរងគ្រោះក្នុងរបបខ្មែរក្រហមខឹងសម្បារយ៉ាងខ្លាំង។
ចំណែក សម រង្ស៊ី និងបក្សពួកក៏តែងតែបង្កបញ្ហាប្រទូសរាយជារៀងរាល់ឆ្នាំ នៅពេលដែល កម្ពុជាប្រារព្ធទិវារម្លឹកខួប ៧ មករា។ ឆ្នាំនេះ សម រង្ស៊ី, អេង ឆៃអ៊ាង និងបក្សពួកមួយដំបរស្វា ផ្សេងទៀតបានលេចមុខសារជាថ្មីប្រឆាំងការរស់រានមានជីវិតឡើងវិញរបស់ប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែដោយសារសកម្មភាពទាំងនេះជាអំពើរមិលគុណ ទើបបានជាបាបកម្មបានតាមផ្តន្ទាពួកនេះ យ៉ាងទាន់ហន់។ ពួករមិលគុណប្រឆាំងថ្ងៃ ៧ មករា បានជួបក្តីវិនាសជាបន្តបន្ទាប់។ វិនាសគ្មាន ថ្ងៃបានឃើញពន្លឺរស្មីឡើងវិញជាដាច់ខាត។ សូមកុំភ្លេចថា ប្រទេសកម្ពុជាកាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ហើយក៏សូមកុំភ្លេចដែរថា បុព្វបុរសខ្មែរប្រកាន់ទសពិតរាជធម៌ និង ប្រកាន់សច្ចៈធម៌។ លោកតាមការពារតែអ្នកមានគុណ និងប្រព្រឹត្តធម៌តែប៉ុណ្ណោះ ចំណែកអ្នក រមិលគុណដូច សម រង្ស៊ី កឹម សុខា អេង ឆៃអ៊ាង និងបក្សពួកដែលមានភ្នែកប្រៀបដូចមនុស្សខ្វាក់ មានត្រចៀក ប្រៀបដូចមនុស្សថ្លង់ និងមានមាត់ពូកែកាឡៃការពិត នឹងទទួលកម្មពៀរវេរាតាម យថាកម្មរបស់ខ្លួនហើយ។
អ្វីដែលបាននិងកំពុងកើតមានទៅលើពួកគេនាពេលនេះ គឺជាឧទាហរណ៍យ៉ាងជាក់ស្តែង ដែលមិនអាចប្រកែកបានឡើយ។ ប្រជាពលរដ្ឋខ្មែរដែលបានឆ្លងកាត់របបខ្មែរក្រហម និងបានរួច រស់ជិវិតដោយសារថ្ងៃ ៧ មករា នៅតែចងចាំគ្មានថ្ងៃភ្លេចឡើយនូវគុណូបការៈរបស់ថ្ងៃ ៧ មករា ដោយចាត់ទុកថា ជាថ្ងៃប្រវត្តិសាស្ត្រមិនអាចភ្លេចបាន។ មានតែពពួកមនុស្សដែលមានឈាមខ្មៅ របស់មេដឹកនាំរបបខ្មែរក្រហមដែលមិនអាចលាងជម្រះបានទេ ដែលហ៊ានហារមាត់ប្រឆាំងថ្ងៃ ៧មករា។ ប៉ុន្តែពាក្យពេចន៍ដែលពួកគេហារនិយាយគ្រប់ម៉ាត់ គឺជាបណ្តាសារទៅលើពួកគេវិញ ប្រៀបបាននឹងការបាចអង្កាមបញ្ច្រាសខ្យល់ដូច្នោះដែរ។ ទោះបីជាពួកគេអាចកុហកខ្លួនឯងបាន តែពួកគេមិនអាចកុហកសាក្សីរស់រាប់លាននាក់ដែលកំពុងរស់នៅមានជីវិតនៅឡើយ។
ពិសេសជាងនេះទៅទៀត ពួកគេមិនអាចកុហកព្រលឹងដូនតា និងវេតាដែលមានភ្នែកទិព្វ ត្រចៀកទិព្វបានឡើយ។ សូមស្មារតី ៧មករា ស្ថិតនៅជាអមតៈ! សូមសច្ចៈធម៌ប្រវត្តិសាស្ត្រក្លាយជា ពរជ័យចំពោះអ្នកដែលបានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន លះបង់អាយុជីវិតដើម្បីនាំមកនូវសេចក្តី សុខ សន្តិភាពជូនប្រទេសជាតិ និងប្រជាជន! និងសូមឲ្យស្មារតី ៧មករា បរាមុខអ្នករមិលគុណ ទាំងឡាយឲ្យវិនាសពីដែនដីនេះជារៀងរហូតតទៅ៕ កូនខ្មែរ