ព័ត៌មានទាន់ហេតុការណ៍៖

អាស៊ាន និងចិននឹងធ្វើសមយុទ្ធរួមគ្នានៅឆ្នាំ២០១៨នេះ

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការពារជាតិ១០ប្រទេស ដែលជាសមាជិកអាស៊ាន និងចិន បានព្រមព្រៀងគ្នានៅក្នុងការធ្វើសមយុទ្ធរួមនៅក្នុងឆ្នាំ២០១៨នេះ។

សារព័ត៌មានក្យូដូបានផ្សាយថា កិច្ចព្រមព្រៀងខាងលើទទួលបាននៅក្នុងកិច្ចប្រជុំ មិនផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិ អាស៊ាន នៅសិង្ហបុរីកាលពីថ្ងៃទី៦ ខែ កុម្ភៈ។

ក្នុងពេលនោះដែរ ភាគីទាំង២ អាស៊ាន និងចិន បានព្រមព្រៀង ធ្វើសមយុទ្ធ កម្លាំង ទាហានជើងទឹក ដែលមានឈ្មោះ ថា «ASEAN-China Maritime Exercise» ដែលត្រូវធ្វើឡើង២លើកនៅក្នុងឆ្នាំនេះ។

តាមគម្រោង ការធ្វើសមយុទ្ធលើកទី១ នឹងត្រូវធ្វើឡើងនៅតំបន់សមុទ្រប្រទេសចិន អាចនឹងធ្វើឡើងនៅខែតុលា។ ការធ្វើ សមយុទ្ធលើកទី២ អាចធ្វើឡើងនៅក្នុង ដែនសមុទ្រ ប្រទេសតំបន់អាស៊ាន ក្នុង នោះមានសមុទ្រហ្វុីលីពីន នឹងត្រូវធ្វើឡើង នៅខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០១៨។

តាមគម្រោង ភាគីទាំង២ នឹងមានកិច្ច ប្រជុំចំនួន៣លើកទៀត ដើម្បីពិភាក្សាឲ្យ បានល្អិតល្អន់ ពីគម្រោងខាងលើ។

លើកទី១ដែលចិនបានស្នើធ្វើសមយុទ្ធរួមជាមួយប្រទេសតំបន់អាស៊ាន គឺនៅឆ្នាំ ២០១៥ ប៉ុន្តែប្រទេសអាស៊ានមួយចំនួន មិនយល់ព្រមនៅក្នុងការធ្វើសមយុទ្ធ ដោយ សារតែប្រទេសទាំងនោះមានជាប់វិវាទ ជាមួយចិននៅលើដែនសមុទ្រ។

ចិនជាប្រទេសមហាអំណាចយោធានៅក្នុងតំបន់អាស៊ី ហើយកម្លាំងទាហាន ជើងទឹកចិនមានសមត្ថភាពខ្ពស់មិនចាញ់អាមេរិកនោះឡើយ។ នៅពេលនេះដែរ ចិនកំពុងតែខិតខំផលិតនាវាផ្ទុកយន្តហោះទី៣របស់ខ្លួន ដើម្បីបន្តសកម្មភាព ពង្រីក អំណាចនៅមហាសមុទ្រ។

បច្ចេកវិទ្យាអាវុធរបស់ចិនកាន់តែរីក ចម្រើន ជាបន្តបន្ទាប់ដោយកន្លងមកថ្មីៗ ចិនបានសាកល្បងមិស៊ីលវាយស្ទាក់ សម្រាប់ប្រឆាំងនឹងមីស៊ីលរបស់សត្រូវ បានដោយជោគជ័យ។

នៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបមួយរបស់ ក្រសួងការពារជាតិបាននិយាយថា បច្ចេកវិទ្យាស្ទាក់ ចាប់ប្រឆាំងមីស៊ីល មាន មូលដ្ឋាននៅលើគោកនេះ ត្រូវបានបាញ់ តេស្តសាកល្បង កាលពីថ្ងៃចន្ទ ទី៥ ខែ កុម្ភៈ ឆ្នាំ២០១៨ នៅក្នុងព្រំដែនប្រទេសចិន ហើយការធ្វើតេស្តនោះ បានសម្រេចតាម គោលដៅដែលរំពឹងទុក ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតអ្វីដទៃទៀតនោះទេ។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ប្រទេស ចិនបានបង្កើនការស្រាវជ្រាវ លើគ្រប់ ប្រភេទមីស៊ីល ទាំងអស់ គឺចាប់តាំងពីពពួក មីស៊ីល ដែលអាចកម្ទេចផ្កាយរណបក្នុង លំហអវកាស រហូតដល់មីស៊ីលផ្លោង បំពាក់នុយក្លេអ៊ែរដ៏ទំនើប ហើយនេះ គឺជាផ្នែកនៃគម្រោង ការទំនើបកម្មប្រកបដោយមហិច្ឆតាខ្ពស់ ដែលត្រួតត្រាដោយ ប្រធានាធិបតី ស៊ី ជីនពីង៕ ម៉ែវ សាធី

 


ចែករំលែក៖