ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ដំរីងាប់ យកចង្អេរទៅបាំង!!

ចែករំលែក៖

នៅលើលោកនេះ គ្មានអ្វីជាអាថ៌កំបាំងឡើយ! នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ អង្គការ ANFREL(បណ្តាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ) ដែលមានមូលដ្ឋាននៅទីក្រុងបាងកកបានចេញសេចក្តីប្រកាសព័ត៌មានមួយគួរឱ្យអស់សំណើចថាខ្លួនមិនបានដឹងពីការរៀបចំបង្កើតបន្ទប់ស្ថានភាព និងអះអាងថាខ្លួនមិនលូកលាន់ក្នុងកិច្ចការបោះឆ្នោតកម្ពុជាឡើយ។ ប្រសិនបើការអះអាងនេះជាការពិតនោះគឺជាការលាងជម្រះខ្លួន និងបង្ហាញពីការមិនចុះសម្រុងគ្នានៅក្នុងចំណោមសមាជិកនៃអង្គការនេះនិងប្រកាសដកខ្លួនចេញពីគម្រោងផែនការទុច្ចរិតដែលសមាជិកក្រុមប្រឹក្សាភិបាលខ្លះនៃអង្គការនេះ បានឃុបឃិតគ្នារៀបចំ ហើយសមាជិកផ្សេងទៀតនៃអង្គការនេះដែលមានឯករាជភាពនិងអព្យាក្រឹត្យភាពពិតប្រាកដមិនចង់ឱ្យជនឱកាសនិយមមួយចំនួនយកឈ្មោះអង្គការអាន់ហ្វ្រែល មកប្រឡូកប្រឡាក់ជាមួយផលប្រយោជន៍នយោបាយដូចដែលសមាជិកខ្លះនៃអង្គការនេះបានធ្វើនាពេលកន្លងមកនោះទេ។ នៅក្នុងរចនាសម្ព័ន្ធរបស់ខ្លួនអង្គការអាន់ហ្វ្រែលមានសមាជិកជាអង្គការសង្គមស៊ីវិលមកពីប្រទេសនានាក្នុងទ្វីបអាស៊ីក្នុងនោះកម្ពុជាមានអង្គការខុម ហ្វ្រែល និងអង្គការនិកហ្វិកដែលធ្វើការងារនៅការតានដានដំណើរការបោះឆ្នោតជាសមាជិក។

ថ្មីៗនេះ មានព័ត៌មានលេចធ្លាយចេញពីចំណោមមន្ត្រីអង្គការ ANFREL ថា ដោយសារតែបន្ទប់ស្ថានភាពតាមដានការបោះឆ្នោតដែលបានបង្កើតឡើងក្នុងអំឡុងពេលនៃការបោះឆ្នោតនៅឆ្នាំ២០១៣ និងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧ នឹងមិនមានវត្តមាននៅកម្ពុជាទៀតដោយសារតែក្រសួងមហាផ្ទៃអះអាងថាខុសច្បាប់និងមិនអនុញ្ញាតឱ្យបន្តសកម្មភាព ដូច្នេះបន្ទប់ស្ថានភាពនេះនឹងត្រូវផ្លាស់ប្តូរទៅតាំងទីនៅទីក្រុងបាងកក។ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែលត្រូវបានតែងតាំងជាប្រធានថ្មីនៃអង្គការ ANFREL បន្ថែមលើតួនាទីជានាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល ហើយអង្គការនេះក៏បានសម្រេចផ្តល់ការិយាល័យមួយឱ្យអង្គការសង្គមស៊ីវិលកម្ពុជាធ្វើជាទីស្នាក់ការសម្រាប់បន្ទប់ស្ថានភាពផងដែរ។មិនមែនត្រឹមតែលោក គល់ បញ្ញា តែម្នាក់ប៉ុណ្ណោះទេដែលធ្វើសកម្មភាពនេះ គឺលោក គួយ ប៊ុនរឿន អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវបានប្រភពព័ត៌មានទម្លាយឱ្យដឹងថា កំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយលោក គល់ បញ្ញា និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំផែនការសម្រាប់អុកឡុកដំណើរការបោះឆ្នោតនាពេលខាងមុខ ក្រោមខ្សែញាក់របស់ចៅហ្វាយបរទេសរបស់ខ្លួន ក្រុមអ្នកនយោបាយក្រៅច្បាប់ និងក្រុមក្បត់ជាតិមួយចំនួននៅឯក្រៅប្រទេស ដែលកំពុងដើរបំផ្លាញផលប្រយោជន៍ជាតិនិងប្រជាជន។

ប្រសិនបើអង្គការអាន់ហ្វ្រែលថាខ្លួនមិនមានពាក់ព័ន្ធណាមួយក្នុងផែនការដែលធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតនៅកម្ពុជាទេ តើមិនពាក់ព័ន្ធនៅក្នុងកម្រិតណា? ចុះលោក គល់ បញ្ញា ដែលគេបានដឹងថាជាអ្នកបង្កបញ្ហាជាច្រើនក្នុងបំណងរំខាន បំផ្លាញនិងបង្ខូចការបោះឆ្នោតនាពេលកន្លងទៅដែលជាប្រធាននៃអង្គការ អាន់ហ្វ្រែលនាពេលនេះ និងអង្គការនិកហ្វិកជាសមាជិកដែលបានសហការជាមួយអង្គការខុមហ្វ្រែលចេញនូវរបាយការណ៍ប្រឌិតអំពីការបោះឆ្នោតនៅកម្ពុជា តើមេដឹកនាំនិងសមាជិកនៃអង្គការទាំងពីរនេះ ពិតជាច្បាស់ទេថានឹងមិនប្រើប្រាស់ឥទ្ធិពលរបស់អង្គការអាន់ហ្វ្រែលក្នុងការបំពេញកិច្ចការរបស់ខ្លួន និងដើម្បីធ្វើជាឡប់ឡែបិទបាំងនូវគម្រោងការដ៏អាក្រក់ទាំងឡាយដែលខ្លួនបានរៀបចំដើម្បីរំខានបង្ខូចនិងបំផ្លាញការបោះឆ្នោតនៅដែលកម្ពុជាគ្រោងធ្វើនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះក្នុងនោះរួមទាំងការគាំទ្រឱ្យមានការបង្កើតបន្ទប់ស្ថានភាពតាមដានការបោះឆ្នោតដែលពួកគេធ្លាប់បានបង្កើតដោយជោគជ័យនៅក្នុងអំឡុងពេលនៃការបោះឆ្នោតសភាអាណត្តិទី៥នាខែកក្កដាឆ្នាំ២០១៣និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧។

គេនៅចាំបានថា នៅក្នុងការបោះឆ្នោតនាពេលកន្លងទៅ គល់ បញ្ញា និងអង្គការខុមហ្វ្រែលព្រមទាំងក្រុមអង្គការសង្គមស៊ីវិលបរទេសមួយចំនួនដែលអះអាងថា ខ្លួនជាស្ថាប័នឯករាជ្យ អព្យាក្រឹត និងធ្វើការប្រកបដោយវិជ្ជាជីវៈ ប៉ុន្តែជាក់ស្តែងអង្គការនេះធ្លាប់ប្រើឧបាយកលទុច្ចរិត បម្រើមហិច្ឆតានយោបាយឱ្យគណបក្សប្រឆាំង ដោយមានការឃុបឃិតជាមួយអង្គការបរទេសមួយចំនួនទៀតក្នុងការបំភ្លៃការពិតនិងប្រឌិតទិន្នន័យ ដើម្បីបំពុលនិងបង្ខូចបរិយាកាសបោះឆ្នោត និងបដិសេធលទ្ធផលនៃការបោះឆ្នោត នាពេលកន្លងមក ដូចជាបានប្រឌិតទិន្នន័យថា អ្នកបោះឆ្នោតជាង ១,២៥ លាននាក់ពុំមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ចំណែកវិទ្យាស្ថាន NDIក៏បានប្រឌិតថា អ្នកបោះឆ្នោតជាង១,០៤ លាន នាក់ពុំមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលទិន្នន័យនេះបង្ហាញពីភាពស៊ីសង្វាក់គ្នារវាងអង្គការទាំងពីរ។ ជាងនេះទៀត មួយថ្ងៃមុនថ្ងៃបោះឆ្នោតដែលជាថ្ងៃស្ងប់ស្ងាត់ អង្គការ COMFREL បានបញ្ចេញព័ត៌មានបំផ្លើសថា ទឹកខ្មៅសម្រាប់ជ្រលក់ម្រាមដៃសម្គាល់អ្នកបោះឆ្នោតរួច គឺជាទឹកខ្មៅដែលអាចលាងសម្អាតចេញបានក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ នេះជាលើកទីមួយហើយ ដែលបញ្ហាទឹកខ្មៅត្រូវបានលើកឡើងនៅមុនពេលបោះឆ្នោតឆ្នាំ២០១៣។

ការអះអាងនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដោយមានចេតនាធ្វើឱ្យមហាជនយល់ច្រឡំនិងសង្ស័យថា អ្នកបោះឆ្នោតម្នាក់អាចបោះឆ្នោតបានច្រើនដង។ នេះគឺជាការវាយប្រហារផ្នែកចិត្តសាស្ត្រដែលជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នកបោះឆ្នោតឱ្យមានសមានចិត្តនិងងាកមកបោះឆ្នោតឱ្យគណបក្សប្រឆាំងវិញ ឬធ្វើឱ្យមហាជនមានមន្ទិលសង្ស័យចំពោះដំណើរការនិងលទ្ធផលនៃការបោះឆ្នោតពីព្រោះពួកគេអាចជឿថា គណបក្សប្រជាជនប្រើល្បិចបន្លំសន្លឹកឆ្នោត។ កលល្បិចនេះ គឺជាផែនការរៀបចំទុកជាមុន ហើយធ្វើឡើងតែមួយថ្ងៃមុនថ្ងៃបោះឆ្នោត ដើម្បីជួយគណបក្សប្រឆាំងឱ្យទទួលបានជ័យជម្នះនៅថ្ងៃបោះឆ្នោត ឬអាចទុកប្រើប្រាស់ជាលេស ដើម្បីតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតនៅពេលចាញ់ឆ្នោត។ តាមពិតទឹកខ្មៅនេះត្រូវបានទទួលស្គាល់គុណភាពនិងប្រើប្រាស់សម្រាប់សម្គាល់អ្នកបោះឆ្នោតរួច ដោយប្រទេសជាច្រើន ដូចជា ឥណ្ឌា អាហ្វហ្គានីស្ថាន សឹង្ហបុរី ថៃ ម៉ាឡេស៊ី អាហ្រ្វិកខាងត្បូង នីហ្សេរីយ៉ា ជាដើម។

បន្ទាប់ពីថ្ងៃរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតឆ្នាំ២០១៣អង្គការ COMFREL របស់ គល់ បញ្ញាបានប្រកាសថាខ្លួនគណនាឃើញថាគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេង៤៩,៤៩% នៃសំឡេងឆ្នោតសរុបហើយគណបក្សសង្គ្រោះជាតិទទួលបានសំឡេង ៤៣,០៥%។យោងតាមការគណនានេះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៧ អាសនៈ ចំណែកគណបក្សសង្គ្រោះជាតិទទួលបាន ៥៦ អាសនៈ។ ការគណនាខុសគ្នា ០១ អាសនៈ របស់អង្គការ COMFREL គឺដោយសារមានទិន្នន័យបណ្តោះអាសន្នខុសគ្នានៅខេត្តក្រចេះ។ អង្គការ COMFREL អាចគណនាចំនួនអាសនៈសរុបទូទាំងប្រទេសរបស់គណបក្សនីមួយៗ តាមទម្រង់បែបបទ ១១០៤ ដែលអ្នកសង្កេតការណ៍របស់ខ្លួនបានទទួលពីការិយាល័យបោះឆ្នោត ឬតាមទម្រង់បែបបទ១១០២ ដែលបានបិទនៅតាមការិយាល័យបោះឆ្នោត។ អង្គការ COMFREL បានប្រកាសលទ្ធផលបោះឆ្នោត ដែលផ្ទុយនឹងផែនការបដិសេធលទ្ធផលនៃការបោះឆ្នោត ប៉ុន្តែលទ្ធផលនេះត្រូវបានចែកផ្សាយលើគេហទំព័រផ្សេងៗ ហើយកាសែត ខេម បូឌាដេលី ក៏បានចុះផ្សាយរួចហើយដែរ។ ភ្លាមៗនោះ អង្គការ COMFREL ក៏បានដកតួលេខនៃលទ្ធផលនេះចេញពីគេហទំព័ររបស់ខ្លួនភ្លាមៗនិងគាំទ្រការប្រឌិតលទ្ធផលនៃការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិដែលថាខ្លួនបានឈ្នះការបោះឆ្នោត។

នៅស្ទើរគ្រប់វេទិកាសាធារណៈបក្សប្រឆាំងបានប្រើប្រាស់ទិន្នន័យប្រឌិតរបស់អង្គការ COMFREL និងវិទ្យាស្ថាន NDI ដែលចោទថា គ.ជ.ប. បានលុបឈ្មោះអ្នកគាំទ្រគណបក្សប្រឆាំងរាប់លាននាក់ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលធ្វើឱ្យគណបក្សសង្គ្រោះជាតិចាញ់ឆ្នោត។មេដឹកនាំគណបក្សប្រឆាំង សម រង្ស៊ី និងកឹម សុខា បានបំផ្លើសការពិតនៃលទ្ធផលបោះឆ្នោតថាគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតដោយសារការលួចបន្លំហើយ តាំងខ្លួនជាអ្នករកយុត្តិធម៌ជូនម្ចាស់ឆ្នោត។ គណបក្សនេះក៏បានញុះញង់ និងកៀរគរប្រជាពលរដ្ឋ ឱ្យចូលរួមបាតុកម្មមួយ ដែលគេហៅថា »មហាបាតុកម្មសម្តែងឆន្ទៈរបស់ម្ចាស់ឆ្នោត»ដែលក្រោយមកគេដឹងថានេះ គឺជាផែនការបំផ្ទុះការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល និងមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងខ្លួនឯងឡើងដឹកនាំប្រទេសតាមបែបមធ្យោបាយមិនប្រជាធិបតេយ្យ។

ផែនការទុច្ចរិតនេះនៅតែបន្តមាន!

ក្រុមសង្គមស៊ីវិលដែលដឹកនាំមុខដោយលោក គល់ បញ្ញា គ្រោងរៀបចំចលនាប្រឆាំងឱ្យបានច្រើននិងធំ ដើម្បីជាការបន្ថែមទម្ងន់ដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការឆ្លើយតបនឹងការទាមទាររបស់ក្រុមប្រឆាំងឱ្យលុបចោលសាលដីការបស់តុលាការកំពូល អនុញ្ញាតឱ្យខ្មោចគណបក្សសង្គ្រោះជាតិរស់ឡើងវិញ និងលុបចោលការហាមឃាតអតីតសមាជិកខ្មោចគណបក្សសង្គ្រោះជាតិទាំង ១១៨ នាក់ឱ្យចូលរួមការបោះឆ្នោតវិញ។អង្គការ ANFREL ដែលដឹកនាំដោយលោក គល់ បញ្ញា ក៏នឹងប្រើប្រាស់ការរិះគន់នានា ដើម្បីស្នើកែទម្រង់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បច្ចុប្បន្ន ដោយពួកគេលើកឡើងថា មិនមែនជាស្ថាប័នដែលគួរឱ្យទុកចិត្តព្រោះគ្មានតំណាងក្រុមប្រឆាំងជាដើម។ ក្រុមសង្គមស៊ីវិលទាំងនេះ នឹងវាយតម្លៃ ដើម្បីទម្លាក់តម្លៃ និងប្រសិទ្ធភាពការងាររបស់ គ.ជ.បដែលពួកគេធ្លាប់បានធ្វើនាពេលកន្លងទៅ ដោយបានបំភ្លៃ បផ្លើស បំប៉ោង និងបំភាន់ទិន្នន័យ ក៏ដូចជាប្រឌិតព័ត៌មានអកុសលផ្សេងៗជុំវិញដំណើរការបោះឆ្នោតនៅកម្ពុជា។ ពួកគេធ្វើឫកដូចជាខ្វាយខ្វល់ និងយកចិត្តទុកដាក់លើភាពត្រឹមត្រូវយុត្តិធម៌អព្យាក្រឹត និងភាពជឿទុកចិត្តបាននៃការបោះឆ្នោតនៅកម្ពុជាណាស់ ប៉ុន្តែធាតុពិតគឺជាការអនុវត្តផែនការផ្តល់ឱកាសដល់ក្រុមគណបក្សប្រឆាំងយកលេស ដើម្បីធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត ឡាំប៉ាមិនទទួលស្គាល់ការចាញ់ការបោះឆ្នោត និងផ្តល់ឱកាសឱ្យក្រុមប្រឆាំងប្រើប្រាស់ការតវ៉ាលទ្ធផលបោះឆ្នោតទៅជាបាតុកម្មបង្កចលាចល និងឈានដល់ការផ្លាស់ប្តូររបបដឹកនាំ និងមេដឹកនាំនៃរដ្ឋាភិបាលស្របច្បាប់តាមរូបភាពបដិវត្តន៍ពណ៌ និងប៉ុនប៉ងឡើងកាន់អំណាចតាមមធ្យោបាយមិនប្រជាធិបតេយ្យ។ តាមប្រភពពីមន្ត្រីអង្គការ ANFREL នៅក្នុងការអនុវត្តផែនការទាំងនេះអង្គការមានថវិកាគ្រប់គ្រាន់ ហើយបាននិងកំពុងរៀបចំការងារទាំងនេះ។

តាមរយៈតួនាទីបន្ថែមថ្មីមួយទៀតរបស់លោក គល់ បញ្ញា ក្នុងនាមជាប្រធានអង្គការ ANFREL គឺបានបង្ហាញយ៉ាងច្បាស់ថា សកម្មភាពរបស់លោក គល់ បញ្ញា និងអង្គការខុមហ្វ្រែល នាពេលកន្លងទៅមិនបានបម្រើផលប្រយោជន៍ដល់កម្ពុជានោះឡើយ ប៉ុន្តែគឺជាការធ្វើតាមខ្សែញាក់របស់បរទេសមួយចំនួនដែលមិនចង់ឱ្យប្រជាពលរដ្ឋខ្មែរបានសុខ និងចង់ចាប់បង្ខំឱ្យកម្ពុជាទទួលយកនូវលទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះមួយ ដែលសូម្បីតែប្រទេសខ្លួនក៏មិនអនុវត្តបានផង។ នេះក៏បង្ហាញយ៉ាងច្បាស់ថា បស្ចិមប្រទេសមួយចំនួនដែលធ្លាប់បានលូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងកម្ពុជាមិនទាន់បញ្ចប់នូវផែនការដ៏អាក្រក់ក្នុងការផ្លាស់ប្តូររបបដឹកនាំ និងមេដឹកនាំដែលខ្លួនមិនពេញចិត្ត ឬមិនមាននិន្នាការគាំទ្រខ្លួននៅឡើយទេ។លោកគល់ បញ្ញាដឹកនាំអង្គការ ANFRELគឺជាបន្ទប់ស្ថានការណ៍សង្គ្រាមថ្មីមួយ។ ការគាំទ្រផ្នែកនយោបាយ និងថវិកាបង្កើតបន្ទប់ស្ថានការណ៍បោះឆ្នោតនៅក្រៅប្រទេស គឺជាការបន្តផែនការទុច្ចរិតប្រឆាំងនឹងកម្ពុជា ហើយជនជាតិកម្ពុជាដូចជាលោក គល់ បញ្ញា និងអង្គការរបស់ខ្លួនបាននិងកំពុងបម្រើមហិច្ឆតាបរទេសបំផ្លាញជាតិខ្លួនឯងយ៉ាងច្បាស់ក្រឡែតមិនអាចប្រកែកបានឡើយ។ យុទ្ធសាស្ត្រថ្មីរបស់ពួកគេគឺប្រើប្រាស់អង្គការសង្គមស៊ីវិលមួយចំនួន ដែលគាំទ្របក្សប្រឆាំងដែលមានមូលដ្ឋាន នៅប្រទេសកម្ពុជាហើយទទួលបានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍUSAID-IDI(InclusiveDevelopment International) ធ្វើឡើងក្នុងបំណងនាំឱ្យរំខានឬនាំឱ្យមានពហិការបង្ខូចការបោះឆ្នោតនិងទម្លាក់តម្លៃលើដំណើរការបោះឆ្នោតសកល ថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨។

ដូច្នេះដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់ខ្លួនមិនជាប់ពាក់ព័ន្ធនឹងការរៀបចំផែនការរំខាន បំផ្លាញ និងបង្ខូចការបោះឆ្នោតនៅកម្ពុជា អង្គការអាន់ហ្វ្រែល ត្រូវហ៊ានអារកាត់ចំពោះក្រុមជនទាំងឡាយ ឬអង្គការសង្គមស៊ីវិលណាដែលថ្លើមធំហ៊ានយកកេរ្តិ៍ឈ្មោះរបស់អង្គការនេះទៅធ្វើជាផលប្រយោជន៍បម្រើនយោបាយក្រុមខ្លួន។ តែបើអ្វីៗពិតដូចជាព័ត៌មានដែលលេចធ្លាយមែនហើយបែរជាអង្គការអាន់ហ្វ្រែលចេញមកបដិសេធការពារទាំងទទឹងទិសតាមរយៈសេចក្តីថ្លែងការណ៍រៀបចំឡើងដោយអង្គការខុមហ្វ្រែលរបស់ គល់ បញ្ញានោះប្រៀបបាននឹងសត្វដំរីងាប់យកចង្អេរទៅបាំងដូច្នោះដែរហើយការពិតផែនការរំខានបង្ខូចនិងបំផ្លាញការបោះឆ្នោតនៅតែមានក្នុងរូបភាពលាក់កំបាំងក្រោមលេសការបោះឆ្នោតត្រឹមត្រូវសេរីយុត្តិធម៌និងលទ្ធិប្រជាធិបតេយ្យហើយទង្វើនេះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់៕ ពល ពានរិន្ទ

 


ចែករំលែក៖