លោក សម រង្ស៊ី ដែលអួតខ្លួនថា កំពុងចង់ស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះ តាមពិតគាត់ ជាអ្នកជាន់ឈ្លីប្រជាធិបតេយ្យ និងជាពិសេស គឺជាន់ឈ្លីសិទ្ធិប្រជាពលរដ្ឋយ៉ាងចំហ។ ចុងក្រោយនេះ នៅពេល ដឹងថាគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលសម្រេចរំលាយចោលនោះមិនអាចចូលរួមបោះឆ្នោត បានលោក សម រង្ស៊ី ក៏បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។ ទស្សនៈ និងការអំពាវនាវរបស់លោក សម រង្ស៊ី គឺជាការឈាន់ឈ្លីដំណើរការលទ្ធិប្រជាធិបតេយ្យ និងរារាំងប្រជាពលរដ្ឋមិនឲ្យប្រើសិទ្ធិតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យនោះឡើយ។ ដើម្បីស្វែងយល់ពីទស្សនៈ និងផ្នត់គំនិតប្រឆាំងលទ្ធិប្រជាធិបតេយ្យរបស់ លោក សម រង្ស៊ី យើងអាចពិនិត្យមើលហេតុផលដូចខាងក្រោម៖
ហេតុផលទី១៖ លោក សម រង្ស៊ី បានយកគណបក្សរបស់ខ្លួនតែមួយគត់ធ្វើជាចំណាប់ខ្មាំងនៃដំណើរ ការលទ្ធិប្រជាធិបតេយ្យទាំងមូលនៅក្នុងប្រទេសកម្ពុជា។ គាត់ជាមនុស្សអាត្មានិយមហួសហេតុ និងមិនទទួល ស្គាល់តម្លៃប្រជាធិបតេយ្យ និងតម្លៃនៃការចូលរួមឡើយ។ បើចូលរួមជាមួយគណបក្សរបស់គាត់ទើបគាត់ហៅ ថា ជាអ្នកប្រជាធិបតេយ្យទោះជាអ្នកនោះជាអ្វីក៏ដោយ និងបានប្រព្រឹត្តអំពើបែបណាក៏ដោយ។ ដូច្នេះហើយ បាន ជាពេលគណបក្សរបស់គាត់មិនអាចចូលរួមបោះឆ្នោតបាន គាត់ចង់ឲ្យបក្សផ្សេងកុំចូលរួមបោះឆ្នោតដែរ។
ហេតុផលទី២៖ លោក សម រង្ស៊ី មិនដែលទទួលស្គាល់ថា ការបង្កើតបក្សនយោបាយជាសិទ្ធិប្រជាធិប តេយ្យនោះទេ។ គាត់តែងប្រមាថមាក់ងាយគណបក្សនយោបាយផ្សេង និងមើលងាយអ្នកនយោបាយផ្សេង ដែលបង្កើតគណបក្សនយោបាយដោយចាត់ទុកថាអត់បានការ និងគ្រាន់តែចង់ធ្វើអាយ៉ងរបស់គេតែប៉ុណ្ណោះ។ គាត់ភ្លេចគិតថា គាត់មានសិទ្ធិបង្កើតបក្សនយោបាយគេក៏មានសិទ្ធិដូចគាត់ដែរ។ ហើយលោក សម រង្ស៊ី ក៏ភ្លេច គិតដែរថា មិនមែនមនុស្សគ្រប់គ្នាស្រឡាញ់និងចូលចិត្ត ហើយដើរតាមគាត់នោះទេ។ ដោយសារមិនចូលចិត្ត មិនដើរតាមគាត់ ទើបគេទៅបង្កើតគណបក្សនយោបាយថ្មី។
ហេតុផលទី៣៖ លោក សម រង្ស៊ី បាននិងកំពុងជាន់ឈ្លីសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងលទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយសេរីក្នុងការចូលរួមក្នុង ជីវភាពនយោបាយ។ ប៉ុន្តែបុគ្គល លោក សម រង្ស៊ី បែរជាព្យាយាមរារាំងដាក់សម្ពាធទៅលើ ប្រជាពលរដ្ឋកុំឲ្យ ប្រើប្រាស់សិទ្ធិនយោបាយរបស់ខ្លួនស្របតាមឆន្ទៈរបស់ពួកគេឡើយ។ ម្តងហើយម្តងទៀត ពេលដឹងថាគណបក្ស របស់គាត់មិនអាចចូលរួមបោះឆ្នោតបាន គាត់បានអំពាវនាវដោយប្រើមធ្យោបាយប្រមាថ បំភិតបំភ័យពលរដ្ឋ កុំឲ្យទៅបោះឆ្នោតដែលជាសិទ្ធិស័្វយសម្រេចរបស់បុគ្គលម្នាក់ៗ។
ហេតុផលទី៤៖ លោក សម រង្ស៊ី មិនដែលទទួលយកការរិះគន់ឡើយទាំងពីមជ្ឈដ្ឋានខាងក្រៅ និងខាង ក្នុងគណបក្ស។ ពីខាងក្រៅ បើបុគ្គលណា អ្នកនយោបាយណា ឬអង្គការសង្គមស៊ីវិលណាហ៊ានរិះគន់ នឹងត្រូវ លោក សម រង្ស៊ី វាយបកវិញយ៉ាងចាស់ដៃ ហើយលាបពណ៌ថាជាអ្នកគាំទ្រគណបក្សកាន់អំណាចជាមិនខាន។ បើនៅក្នុងគណបក្សរបស់គាត់វិញ អ្នកហ៊ានបញ្ចេញមតិផ្ទុយពីគាត់នឹងត្រូវគាត់លាបពណ៌ថា ក្បត់បក្សជាជន បង្កប់ ឬក៏លក់ឧត្តមគតិជាដើម។
ចំណុចទាំង៤យ៉ាងដូចបាន លើកឡើងខាងដើម គឺជាសកម្មភាពជាក់ស្តែងបំផុតរបស់លោក សម រង្ស៊ី ដែលមិនអាចមានអ្នកណាប្រកែកបានឡើយ ឬក៏បដិសេធថាមិនដែលបានដឹង និងបានឃើញឡើយពីព្រោះ ជាសកម្មភាពជាប្រចាំរបស់លោក សម រង្ស៊ី ដែលបានធ្វើអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ដូច្នេះ តើចំណុចត្រង់ណាមួយដែលឆ្លុះបញ្ចាំងថា លោក សម រង្ស៊ី ជាអ្នកប្រជាធិបតេយ្យ ឬជាអ្នក ស្រឡាញ់ប្រជាធិបតេយ្យ? គឺគ្មានសូម្បីតែបន្តិច។ ឥឡូវនេះ បុគ្គល សម រង្ស៊ី កំពុងប្រព្រឹត្តខុសច្បាប់បោះឆ្នោត ខុសរដ្ឋធម្មនុញ្ញ និងបំពានគោលការណ៍ប្រជាធិបតេយ្យទាំងស្រុងតាមរយៈការមិនទទួលស្គាល់សិទ្ធិធ្វើនយោបាយ របស់គណបក្សដទៃ និងការរារាំងសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ គោលការណ៍ប្រជាធិបតេយ្យបានទទួល ស្គាល់យ៉ាងទូលំទូលាយសិទ្ធិបង្កើតបក្សនយោបាយ, សិទ្ធិចូលរួមបោះឆ្នោត និងសិទ្ធិស្វ័យសម្រេច របស់ប្រជា ពលរដ្ឋដោយចៀសផុតពីសម្ពាធគ្រប់បែបយ៉ាង។ រដ្ឋធម្មនុញ្ញកម្ពុជាក៏ទទួលស្គាល់យ៉ាងទូលំទូលាយនូវសិទ្ធិ នយោបាយរបស់ប្រជាពលរដ្ឋ ខណៈដែលច្បាប់ស្តីពីការបោះឆ្នោតចាត់ទុកការរារាំងមិនឲ្យពលរដ្ឋទៅបោះឆ្នោត ជាអំពើខុសច្បាប់។
តើអ្នកណាដែលលឺទេថា ក្នុងមួយជីវិតនយោបាយរបស់គាត់ លោក សម រង្ស៊ី ដែលហារមាត់ស្វាគមន៍ អ្នកបង្កើតបក្សនយោបាយថ្មីឬទេ? តើអ្នកណាដែលលឺទេថា លោក សម រង្ស៊ី ដែលទទួលស្គាល់កំហុសនិង ទទួលយកការរិះគន់ពីអ្នកដទៃ? តើអ្នកណាដែលលឺទេថា លោក សមរង្ស៊ី ធ្លាប់ដែលទទួលស្គាល់សិទ្ធិពលរដ្ឋ ដែលមិនបោះឆ្នោតឲ្យគណបក្សរបស់គាត់? គឺសូន្យ។ ទាំងអស់នេះជាហេតុផលគ្រប់គ្រាន់ និងលើសពីគ្រប់ គ្រាន់ដែលបញ្ជាក់ថា លោក សម រង្ស៊ី មិនមែនជាអ្នកប្រជាធិបតេយ្យ ឬស្រឡាញ់ប្រជាធិបតេយ្យដូចមាត់គាត់ និយាយឡើយ។ តែបុគ្គលរូបនេះគឺជាអ្នកប្រឆាំងប្រជាធិបតេយ្យ និងជាអ្នកជាន់ឈ្លីសិទ្ធិនយោបាយរបស់ ពលរដ្ឋយ៉ាងច្បាស់ក្រឡែតមិនអាចប្រកែកបានឡើយ៕ កូនខ្មែរ