ព័ត៌មានទាន់ហេតុការណ៍៖

កេរតំណែលដ៏អសោចរបស់សម រង្ស៊ី​៖ ការញុះញង់ឱ្យស្អប់ខ្ពើមរើសអើងប្រកាន់ពូជសាសន៍ និងបែងចែកវណ្ណៈសង្គមនៅកម្ពុជា!

ចែករំលែក៖

នៅក្នុងជីវិតនយោបាយរយៈពេលជិត ៣០ ឆ្នាំរបស់ខ្លួននៅកម្ពុជា សម រង្ស៊ី គ្មានបានធ្វើអ្វីឱ្យចម្រើន ដល់ជាតិនិងប្រជាជនកម្ពុជាឡើយ គឺមានតែការបំផ្លិចបំផ្លាញ ការបង្កចលាចលសង្គម ភូតភរ កុហកបោកប្រាស់ បំផ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តសភាពការណ៍ពិត អង្វរបរទេសកុំឱ្យវិនិយោគ កុំផ្តល់ជំនួយ និងកុំទិញទំនិញ ពីកម្ពុជា ឱនក្បាលចំពោះបរទេសនិងយកឯករាជភាព និងអធិបតេយ្យជាតិខ្មែរដាក់ក្រោមបាតជើងជនបរទេស ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននិងក្រុមបក្ខពួក។ ជាងនេះទៅទៀតនៅពេលមានការរៀបចំការបោះឆ្នោតម្តងៗ សម រង្ស៊ី រួមនឹងក្រុមរបស់ខ្លួនតែងតែបានប្រើប្រាស់នូវការញុះញង់ប្រជាពលរដ្ឋខ្មែរឱ្យស្អប់ខ្ពើមរើសអើង ប្រកាន់ ពូជសាសន៍ដែលផ្ទុយស្រឡះពីគោលការណ៍ស្តីអំពីសិទ្ធិមនុស្ស ដែលមិនអនុញ្ញាតឱ្យមានការរើសអើងជាតិសាសន៍ ពណ៌សម្បុរឋានៈឡើយ។ បើដឹងថាបំពានច្បាប់ ហេតុអ្វីបានជា សម រង្ស៊ី និងគូកនខ្លួននៅតែបន្តប្រើប្រាស់ ការញុះញង់រើសអើងប្រកាន់ពូជសាសន៍ ធ្វើជាឈ្នាន់ដើម្បីស្វែងរកការគាំទ្រ និងបង្កើនប្រជាប្រិយភាពនយោបាយ របស់ខ្លួនទៀត?

ទី១) ធ្វើនយោបាយប្រជាភិថុតិ និងប្រជោបាយនិយម៖ ចាប់តាំងពីដើមតរៀងមក សម រង្ស៊ី និងបក្ខពួក បានធ្វើនយោបាយប្រជាភិថុតិ លួងលោម បោកប្រាស់ និងភូតកុហកប្រជាជនតាមរយៈការសន្យាខ្យល់នៅ រៀងរាល់រដូវបោះឆ្នោតម្តងៗ។ ពួកគេយកប្រាក់ធ្វើជានុយដើម្បីទាញយកការគាំទ្រ ដោយដឹងថាមនុស្សត្រូវការ លុយជាចាំបាច់ ប៉ុន្តែពួកគេមិនបានបញ្ជាក់ថា លុយដ៏ច្រើនសន្ធឹកសន្ធាប់ដែលពួកគេសន្យានោះបានមកពី ណាឡើយ។ ជាមួយគ្នានេះ សម រង្ស៊ី និងគូកន បាននិងកំពុងអនុវត្តនយោបាយប្រជោបាយនិយមមានន័យថា ពួកគេញុះញង់ប្រជាពលរដ្ឋឱ្យមានការស្អប់ និងមានកំហឹងនឹងរដ្ឋអំណាច មិនស្តាប់រដ្ឋអំណាច និងប្រឆាំង នឹងរដ្ឋអំណាច ហើយធ្វើនយោបាយលើកំហឹងនេះ។ សម រង្ស៊ី និងបក្ខពួកបានឃោសនាបែបអកុសលអំពី កម្ពុជា និងលាបពណ៌ការពិតរបស់កម្ពុជាទៅជាអាក្រក់ជូរជាតិ និងបានបំភ្លៃ និងក្លែងខ្លួនពីជនល្មើសច្បាប់មក ជាជនរងគ្រោះអាជីព។

ពួកគេខិតខំញុះញង់ប្រជាពលរដ្ឋឱ្យដកជំនឿទុកចិត្តពីអាជ្ញាធរ និងដុតរោលកំហឹងពលរដ្ឋនៅលើបញ្ហា សង្គម បញ្ឆេះកំហឹងពលរដ្ឋទៅលើរឿងរ៉ាវគ្រប់គ្រងប្រទេសដោយទាញយកតែចំណុចអវិជ្ជមាន និងបំភ្លេច ចោលនូវចំណុចវិជ្ជមាន និងភាពត្រឹមត្រូវនៃការដឹកនាំប្រទេស។ ពួកគេចង់ឈ្នះជ្រុលពេក ជាពិសេសមហិច្ឆតា គំនុំសងសឹករបស់ត្រកូល សម នាំឱ្យបាត់បង់គោលការណ៍ និងមនសិការ «រិះគន់ដើម្បីស្ថាបនា»។ អ្វីដែល សម រង្ស៊ី និងបក្ខពួកបាន និងកំពុងធ្វើ គឺជាសញ្ញាប្រកាសអាសន្នមួយដែលធ្វើឱ្យគ្រោះថ្នាក់ដល់សន្តិភាព និង សេចក្តីសុខរបស់ពលរដ្ឋខ្មែរបច្ចុប្បន្ន ព្រមទាំងដំណើរលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សផងដែរ ព្រោះ នយោបាយប្រជោបាយនិយមនេះ នឹងនាំឱ្យមានការបែកបាក់ជាតិ និងបង្កភាពវឹកវរចលាចលសង្គម និងឈាន ទៅរកសង្គ្រាមស៊ីវិលសារជាថ្មី។

ទី២) យកការរើសអើងប្រកាន់ពូជសាសន៍ដើម្បីបង្កើនប្រជាប្រិយ និងការគាំទ្រនយោបាយ៖ មេដឹកនាំ ខ្មែរក្រហម ប៉ុល ពត បានប្រើប្រាស់ជម្លោះជាតិសាសន៍ ការរើសអើងប្រកាន់ពូជសាសន៍ ជាពិសេសបញ្ឆេះកំហឹង ឱ្យពលរដ្ឋខ្មែរស្អប់ជនជាតិវៀតណាមធ្វើជាលេស ដើម្បីទាក់ទាញកម្លាំងប្រជាជនចូលរួមក្នុងចលនាប្រដាប់ អាវុធខុសច្បាប់របស់ខ្លួន និងបានញុះញង់ថាវាយប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់វៀតណាមកុំឱ្យលេប យកទឹកដីកម្ពុជាជាដើម។
ចុងក្រោយលេសនេះគ្មានប្រយោជន៍មិនអាចបន្តបោកប្រាស់ភូតកុហកពលរដ្ឋបានទៀតឡើយ ព្រោះ នៅពេលដែលកងទ័ពស្ម័គ្រចិត្តវៀតណាមដកចេញអស់ពីកម្ពុជានៅឆ្នាំ ១៩៨៩ ពលរដ្ឋដឹងថាការវាយប្រយុទ្ធ ជាបន្តបន្ទាប់ គឺជាការច្បាំងរវាងខ្មែរ និងខ្មែរប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានជា ប៉ុល ពត បាត់បង់ការគាំទ្រ ហើយកម្លាំងខ្មែរក្រហមបានរត់ចោលជួរ និងធ្វើសមាហរណកម្មចូលរួមរស់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោម ការអនុវត្តនយោបាយ «ឈ្នះ-ឈ្នះ» ផ្តួចផ្តើមគំនិតដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អង្គការចាត់តាំង នយោបាយ និងយោធាខ្មែរក្រហមក៏ត្រូវបានរំលាយ និងកម្ពុជាមានសុខសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨។ មិនខុសពីខ្មែរក្រហម ប៉ុល ពត ប៉ុន្មានទេ សម រង្ស៊ី ដែលពោរពេញដោយគំនុំគ្រួសារដោយសារតែ ឪពុកខ្លួនត្រូវបានចាត់ទុកថាជាជនក្បត់ជាតិ បានប្រើប្រាស់នយោបាយញុះញង់រើសអើងប្រកាន់ពូជសាសន៍ នេះ ដើម្បីបង្កើនប្រជាប្រិយភាព និងទាក់ទាញជំនឿទុកចិត្តពីប្រជាពលរដ្ឋ ព្រោះការយល់ដឹងរបស់ពួកគាត់ នៅមានកម្រិត និងដក់ជាប់នូវមនោគមវិជ្ជាជម្លោះជាតិសាសន៍ដែលជាការងាយស្រួលបំភ្លៃការពិត។ ចាប់តាំង ពីឆ្នាំ ១៩៩២ មក សម រង្ស៊ី បានប្រើនយោបាយស្អប់ខ្ពើមជាតិសាសន៍នេះ ដើម្បីយកឈ្នះលើការប្រកួតប្រជែង នយោបាយរបស់ខ្លួន រហូតដល់អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (អ៊ុនតាក់) ព្រមាន សម រង្ស៊ី ផងដែរ។ សម រង្ស៊ី នៅតែបន្តប្រើការរើសអើងប្រកាន់ជាតិសាសន៍ ដើម្បីផលប្រយោជន៍នយោបាយ ខ្លួន ហើយបច្ចុប្បន្នមិនមែនត្រឹមតែញុះញង់ស្អប់ខ្ពើមប្រកាន់ពូជសាសន៍លើជនជាតិវៀតណាមទេ ប៉ុន្តែជនជាតិ ចិន គឺជាគោលដៅទី២ ដើម្បីចំណេញនយោបាយ។ សូម្បីតែអ្នកគាំទ្រ សម រង្ស៊ី ក៏បានស្ទាត់ជំនាញនៅក្នុងការ លាបពណ៌ និងញុះញង់រើសអើងប្រកាន់ជាតិសាសន៍ដែរដោយអ្នកដែលមិនយល់ដូចខ្លួន មិនគាំទ្របក្ស នយោបាយដូចខ្លួន និងរិះគន់ដើម្បីស្ថាបនា គឺសុទ្ធតែក្លាយជា «ជនជាតិយួន» ទាំងអស់។ ទង្វើរំលោភបំពាន សិទ្ធិមនុស្សរបស់ សម រង្ស៊ី និងអ្នកគាំទ្ររបស់ខ្លួន មិនដែលឃើញមានប្រតិកម្មឬការណែនាំណាមួយពីក្រុម អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ឬតំណាងពិសេសទទួលបន្ទុកសិទ្ធិមនុស្សក្នុងនោះមានលោកស្រី រ៉ូណា ស្មីត ដែលពោរពេញដោយភាពលម្អៀងនយោបាយ ឬប្រទេសជាចៅហ្វាយនាយពួកគេឡើយ។ ប៉ុន្តែ ពួកគេ បានដំឡើងសំឡេងរិះគន់រាជរដ្ឋាភិបាលកម្ពុជា នៅពេលកម្ពុជាអនុវត្តច្បាប់ដើម្បីការពារសុខសន្តិភាព និងការ អភិវឌ្ឍជូនប្រជាជនកម្ពុជា ប្រឆាំងនឹងការគំរាមកំហែង បំផ្លាញផែនការបដិវត្តន៍ពណ៌ដែលមាន សម រង្ស៊ី និង កឹម សុខា បក្សសង្គ្រោះជាតិជាអ្នកអនុវត្តយ៉ាងសកម្មក្រោមការបង្គាប់បញ្ជាពីចៅហ្វាយនាយបរទេសពួកគេ។ អង្គការនិងប្រទេសដែលតាំងខ្លួនជាអ្នកគោរពសិទ្ធិមនុស្សក៏អនុវត្តស្តង់ដារពីរដែរ ដើម្បីការពារផលប្រយោជន៍ របស់ពួកគេ។

៣) បម្រើឱ្យភូមិសាស្ត្រនយោបាយរបស់ចៅហ្វាយនាយបរទេសពួកគេ៖ សម រង្ស៊ី និងបក្ខពួកពិតជា បាន និងកំពុងបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់បរទេស តាមរយៈការបន្ទោសបង្អាប់ជាតិសាសន៍ ម្ខាងទៀត និងលើកតម្កើងជាតិសាសន៍ ដែលជាចៅហ្វាយនាយរបស់ខ្លួន។ សម រង្ស៊ី បានញុះញង់ប្រជាពលរដ្ឋ ខ្មែរឱ្យរើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម និងជនជាតិចិននៅកម្ពុជា នៅក្នុងចេតនាបម្រើផល ប្រយោជន៍នយោបាយខ្លួន តាមរយៈការបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យក្តៅក្រហាយនឹងជាតិសាសន៍ទាំងនោះ និងបម្រើផលប្រយោជន៍ភូមិសាស្ត្ររបស់ម្ចាស់ពួកគេដែលមានការប្រកួតប្រជែងជាមួយចិន។ ពួកគេមិនបាន ធ្វើនយោបាយសន្តិភាពនិយមឡើយ ហើយក៏មិនខ្ចីរវីរវល់នឹងពន្យល់ប្រជាពលរដ្ឋថាជនជាតិវៀតណាម និង ជនជាតិចិនដែលមានវត្តមាននៅកម្ពុជាក្នុងនាមជាវិនិយោគិនគឺមានច្បាប់ត្រឹមត្រូវ និងអ្នកខ្លះបានរស់នៅ និង កើតនៅលើទឹកដីកម្ពុជាជាយូរមកហើយ និងរស់នៅស្របតាមច្បាប់ស្តីពីសញ្ជាតិ។ ពួកគេមិនបានប្រៀបធៀប ការរស់នៅរបស់ពលរដ្ឋខ្មែរដែលភៀសខ្លួនពីសង្គ្រាមទៅរស់នៅប្រទេសផ្សេងៗ រាប់ទាំងក្រុមអ្នកកំពុងញុះញង់ ស្អប់ខ្ពើមជាតិសាសន៍មួយចំនួនផងថា មិនចំលែកឡើយដែលប្រទេសមួយមានជាតិសាសន៍ច្រើនរស់នៅ និង ត្រូវស្ថិតក្រោមច្បាប់នៃម្ចាស់ប្រទេស។ ប៉ុន្តែគ្មានអ្វីដែលលំបាកជាងគេដែលដាស់មនុស្សធ្វើពុតជាដេកលក់ឱ្យ ភ្ញាក់ឡើងវិញនោះទេ។ សម រង្ស៊ី និងបក្ខពួកគួរឈប់លេងល្បែងដុតបញ្ឆេះកំហឹងជាតិសាសន៍ដ៏គ្រោះថ្នាក់នេះ ទៅ វានឹងមិនចំណេញអ្វីដល់ជាតិនោះទេ គឺមានតែបែកបាក់ជាតិ ជម្លោះជាតិសាសន៍ និងហិង្សាតែប៉ុណ្ណោះ។

សរុបមកវិញសមិទ្ធិផលធំៗរបស់ សម រង្ស៊ី គឺមានតែការបំផ្លាញជាតិ និងបង្កចលាចលសង្គម និងបង្កឱ្យ បែកបាក់សាមគ្គីជាតិខ្មែរតែប៉ុណ្ណោះ គ្មានសមិទ្ធិផលជាប្រយោជន៍សម្រាប់ប្រជាជនទេ។ ក្នុងមួយជីវិតនយោបាយ របស់ សម រង្ស៊ី ដែលបានឈានដល់ទីបញ្ចប់ ហើយនេះបានបន្សល់ត្រឹមតែកេរតំណែលដ៏អសោចជូរជាតិ គឺ បង្កើតឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ដល់អ្នកដែលដើរតាមនយោបាយខ្លួន។ ក្រៅពីមានឈ្មោះជាជនក្បត់ជាតិ សម រង្ស៊ី នឹងជាប់ឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រគឺជាអ្នករើសអើងស្អប់ខ្ពើមជាតិសាសន៍ដ៏សកម្មម្នាក់ដែល រំលោភបំពានច្បាប់ និងសេក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សសកល៕ ចៅ ចាក់ស្មុក

 


ចែករំលែក៖