ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញយល់ឃើញថា បញ្ហាចរាចរណ៍សណ្តាប់ធ្នាប់ ដែលកំពុងដោះស្រាយមិនចេញនាពេលសព្វថ្ងៃនេះ មួយផ្នែកព្រោះតែគ្រឹះស្ថានសាធារណៈរបស់រដ្ឋ យកចិញ្ចើមផ្លូវធ្វើជាចំណតរថយន្ត និងម៉ូតូ ។ ជាក់ស្តែងនៅជុំវិញមន្ទីរពេទ្យព្រះកុសុមៈ, មន្ទីរពេទ្យកុមារជាតិ ក៏ដូចជាមន្ទីរពេទ្យកាល់ម៉ែតបានយកចិញ្ចើមផ្លូវធ្វើជាចំណតផ្ញើម៉ូតូ ក្នុងមួយថ្ងៃៗ ដែលអាចប្រមូលប្រាក់បានរាប់លានរៀល។ តាមពិតទីតាំងអគារសាធារណៈរបស់រដ្ឋមិនគួរធ្វើជាគំរូអាក្រក់សម្រាប់អ្នកដទៃនោះឡើយ ។ ផ្ទុយទៅវិញ វាគួរតែជាគំរូដ៏ល្អសម្រាប់ឲ្យប្រជាពលរដ្ឋយកតម្រាបតាម ។
នៅខាងត្បូងមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ពួកគេបានយកចិញ្ចើមផ្លូវព័ទ្ធធ្វើជាកន្លែងផ្ញើម៉ូតូ និងមួយផ្នែកនៅលើផ្លូវ ជាកន្លែងដាក់រថយន្តរបស់ភ្ញៀវ ដែលចូលក្នុងមន្ទីរពេទ្យ ។ គ្មានទេចិញ្ចើមផ្លូវសម្រាប់អ្នកធ្វើដំណើរ ។ ដូចគ្នានេះដែរ នៅជុំវិញមន្ទីរពេទ្យកុមារជាតិ (ពេទ្យកុមារមជ្ឈិម) ក្រៅពីការលក់ដូររបស់ប្រជាពលរដ្ឋ នៅជុំវិញមន្ទីរពេទ្យនេះ ក៏ជាចំណតសម្រាប់ក្រុមហ៊ុន ឬសាលារៀន ដែលនៅក្បែរៗនោះដែរ ។ អគារមួយនៅជាប់ខាងលិចរបងមន្ទីរពេទ្យកុមារជាតិគ្មានចំណតសម្រាប់បុគ្គលិកក្រុមហ៊ុននោះឡើយ ។ គេបានយករបងមន្ទីរពេទ្យធ្វើជាចំណតម៉ូតូសម្រាប់បុគ្គលិក ។ នៅខាងក្រោយមន្ទីរពេទ្យកុមារជាតិជាចំណតរថយន្តសម្រាប់សាលាអប់រំ បណ្តុះបណ្តាលអូរស្ត្រាលី(ACE)… ។ ដូច្នេះ នៅជុំវិញមន្ទីរពេទ្យនេះគ្មានឡើយចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ។
ដូចគ្នានេះដែរ នៅឯមន្ទីរពេទ្យកាល់ម៉ែត មិនត្រឹមតែចំណតម៉ូតូដែលយកចិញ្ចើមផ្លូវប្រមូលបានប្រាក់រាប់លានរៀលក្នុងមួយថ្ងៃៗនោះ នៅខាងជើងមន្ទីរពេទ្យ ជាប់ស្ថានទូតបារាំង ក៏ជាកន្លែងផ្ញើរថយន្តរាប់សិបគ្រឿងផងដែរ ។ មួយថ្ងៃៗ នៅឯមន្ទីរពេទ្យកាល់ម៉ែត គ្រាន់តែចំណូលពីការផ្ញើម៉ូតូ រថយន្ត គេអាចរកប្រាក់បានរាប់សិបលានរៀល ។ នៅទីនេះ គេមិននិយាយអំពីបញ្ហាតម្លៃនៃការផ្ញើម៉ូតូស្របតាមសៀវភៅបន្ទុកអ្វីទេ ។ ម៉ូតូ១គ្រឿងមួយពាន់រៀល ដោយមិនអាចតវ៉ាបានឡើយ ។ ដូច្នេះគេប្រមូលប្រាក់ពីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋក្នុងមួយថ្ងៃៗ រាប់សិបលានរៀលដោយមិនខ្វល់ពីការកកស្ទះចរាចរណ៍អ្វីនោះឡើយ ។
រួមចំណែកដោះស្រាយបញ្ហានេះបាន ទាល់តែអាជ្ញាធរ និងម្ចាស់ស្ថាប័នអគារសាធារណៈរបស់រដ្ឋទាំងនោះ ប្រើស្មារតីភ្ញាក់រលឹក ឬក៏សាលារាជធានីភ្នំពេញដាក់ផែនការច្បាស់លាស់ចំពោះបញ្ហានេះ ។ អគារសាធារណៈរបស់រដ្ឋ ជាគំរូឈានមុខគេ ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហា ។ ការបន្តទុកឲ្យចិញ្ចើមផ្លូវនៅជុំវិញអគារសាធារណៈក្លាយជាផលប្រយោជន៍របស់មនុស្សមួយក្រុមនៅក្នុងអង្គភាពរដ្ឋទាំងនោះ វាមិនមែនជាដំណោះស្រាយដើម្បីរួមចំណែកកាត់បន្ថាយបញ្ហាការកកស្ទះចរាចរណ៍ និងសណ្តាប់ធ្នាប់នោះឡើយ ។ ដូច្នេះគេរំពឹងថា សាលារាជធានីភ្នំពេញ រៀបចំបញ្ហាសណ្តាប់ធ្នាប់ដោយចាប់ផ្តើមពីបណ្តាអគារសាធារណៈរបស់រដ្ឋនេះជាគំរូមុនគេ ។ ពោលគឺនៅតាមរបងអគារសាធារណៈគួរតែមានចិញ្ចើមផ្លូវសម្រាប់អ្នកធ្វើដំណើរ ៕ ប្រជាពលរដ្ឋម្នាក់