ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ដោះស្រាយបញ្ហាសណ្តាប់ធ្នាប់ផ្ទើមចេញពីគ្រឹះស្ថានសាធារណៈរបស់រដ្ឋមុនគេ

ចែករំលែក៖

ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ​យល់ឃើញថា បញ្ហាចរាចរណ៍សណ្តាប់ធ្នាប់ ដែលកំពុង​ដោះស្រាយមិនចេញនាពេលសព្វថ្ងៃនេះ មួយផ្នែក​ព្រោះតែ​គ្រឹះស្ថានសាធារណៈរបស់រដ្ឋ យកចិញ្ចើមផ្លូវធ្វើជាចំណតរថយន្ត និងម៉ូតូ ។ ជាក់ស្តែង​នៅជុំវិញមន្ទីរពេទ្យ​ព្រះកុសុមៈ, មន្ទីរពេទ្យកុមារជាតិ ក៏ដូចជាមន្ទីរពេទ្យកាល់ម៉ែតបានយកចិញ្ចើមផ្លូវ​ធ្វើជាចំណតផ្ញើ​ម៉ូតូ ក្នុងមួយថ្ងៃៗ ដែលអាចប្រមូលប្រាក់បានរាប់លានរៀល។ តាមពិតទីតាំងអគារសាធារណៈរបស់រដ្ឋមិនគួរធ្វើជាគំរូអាក្រក់​សម្រាប់​អ្នកដទៃ​នោះឡើយ ។ ផ្ទុយទៅវិញ វាគួរតែ​ជាគំរូដ៏ល្អសម្រាប់ឲ្យប្រជាពលរដ្ឋយកតម្រាបតាម ។

នៅខាងត្បូង​មន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ពួកគេបានយក​ចិញ្ចើមផ្លូវព័ទ្ធធ្វើជាកន្លែងផ្ញើម៉ូតូ និងមួយផ្នែកនៅលើ​ផ្លូវ ជាកន្លែងដាក់រថយន្តរបស់ភ្ញៀវ ដែលចូលក្នុងមន្ទីរពេទ្យ ។ គ្មានទេចិញ្ចើមផ្លូវសម្រាប់អ្នកធ្វើដំណើរ ។ ដូចគ្នានេះដែរ នៅជុំវិញ​មន្ទីរពេទ្យ​កុមារជាតិ (ពេទ្យកុមារមជ្ឈិម) ក្រៅពីការលក់ដូររបស់ប្រជាពលរដ្ឋ នៅជុំវិញមន្ទីរពេទ្យនេះ ក៏ជាចំណត​សម្រាប់ក្រុមហ៊ុន ឬសាលារៀន ដែលនៅក្បែរៗនោះដែរ ។ អគារមួយនៅជាប់ខាងលិច​របងមន្ទីរពេទ្យកុមារជាតិគ្មានចំណតសម្រាប់បុគ្គលិកក្រុមហ៊ុននោះ​ឡើយ ។ គេបានយករបងមន្ទីរពេទ្យធ្វើជាចំណតម៉ូតូសម្រាប់បុគ្គលិក ។ នៅខាងក្រោយមន្ទីរពេទ្យកុមារជាតិ​ជាចំណតរថយន្ត​សម្រាប់​សាលាអប់រំ បណ្តុះបណ្តាលអូរស្ត្រាលី(ACE)… ។ ដូច្នេះ នៅជុំវិញមន្ទីរពេទ្យនេះគ្មានឡើយ​ចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ។

ដូចគ្នានេះដែរ នៅ​ឯមន្ទីរពេទ្យកាល់ម៉ែត មិនត្រឹមតែចំណតម៉ូតូដែល​យកចិញ្ចើមផ្លូវប្រមូលបានប្រាក់រាប់លានរៀលក្នុងមួយថ្ងៃៗនោះ នៅខាងជើង​មន្ទីរពេទ្យ ជាប់ស្ថានទូតបារាំង ក៏ជាកន្លែងផ្ញើរថយន្ត​រាប់សិបគ្រឿងផងដែរ ។ មួយថ្ងៃៗ នៅឯមន្ទីរពេទ្យកាល់ម៉ែត គ្រាន់តែចំណូលពីការផ្ញើម៉ូតូ រថយន្ត គេអាចរកប្រាក់បានរាប់សិបលានរៀល ។ នៅទីនេះ គេមិននិយាយអំពី​បញ្ហា​តម្លៃនៃការផ្ញើម៉ូតូ​ស្របតាមសៀវភៅបន្ទុកអ្វីទេ ។ ម៉ូតូ១គ្រឿង​មួយពាន់រៀល ដោយមិនអាចតវ៉ា​បានឡើយ ។ ដូច្នេះគេប្រមូលប្រាក់ពីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋក្នុងមួយថ្ងៃៗ រាប់សិបលានរៀលដោយមិនខ្វល់ពីការកកស្ទះចរាចរណ៍អ្វីនោះឡើយ ។

រួមចំណែកដោះស្រាយបញ្ហានេះបាន ទាល់តែអាជ្ញាធរ និង​ម្ចាស់ស្ថាប័នអគារសាធារណៈរបស់រដ្ឋទាំងនោះ ប្រើស្មារតីភ្ញាក់រលឹក ឬក៏​សាលារាជធានីភ្នំពេញដាក់ផែនការច្បាស់លាស់ចំពោះបញ្ហានេះ ។ អគារសាធារណៈរបស់រដ្ឋ ជាគំរូ​ឈានមុខគេ ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហា ។ ការបន្តទុកឲ្យចិញ្ចើមផ្លូវនៅជុំវិញ​អគារសាធារណៈ​ក្លាយជាផលប្រយោជន៍របស់​មនុស្សមួយក្រុមនៅក្នុងអង្គភាពរដ្ឋទាំងនោះ វាមិនមែនជាដំណោះស្រាយដើម្បីរួមចំណែកកាត់បន្ថាយបញ្ហាការកកស្ទះចរាចរណ៍ និងសណ្តាប់ធ្នាប់នោះឡើយ ។ ដូច្នេះគេរំពឹងថា សាលារាជធានីភ្នំពេញ រៀបចំបញ្ហាសណ្តាប់ធ្នាប់ដោយចាប់ផ្តើមពីបណ្តា​អគារសាធារណៈរបស់រដ្ឋនេះជាគំរូមុនគេ ។ ពោលគឺ​នៅតាម​របងអគារសាធារណៈគួរតែមាន​ចិញ្ចើមផ្លូវសម្រាប់អ្នកធ្វើដំណើរ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖