ប៉ោយប៉ែត៖ ដោយមើលឃើញថា ក្នុងឆ្នាំ២០១៨ តម្លៃដំឡូងមីស្រស់មានថ្លៃ ពលរដ្ឋបានសម្រុកនាំគ្នាដក លក់ បើទោះជាផលដំណាំមិនទាន់គ្រប់ខែក៏ដោយ ។ ដំឡូងមីស្រស់រាប់សិបតោន និងជាច្រើនរថយន្ត គេឃើញឈ្មួញដឹកចូលលក់នៅស្តង់ទិញដំឡូងមួយកន្លែង ក្នុងស្រុកម៉ាឡៃខេត្តបន្ទាយមាជ័យ ។
ឈ្មួញកណ្តាលម្នាក់សុំមិនបញ្ចេញឈ្មោះនិយាយថា គាត់ដើរប្រមូលទិញដំឡូងមីស្រស់ ពីគេនៅ ក្នុងស្រុកព្រះនេត្តព្រះ ក្នុង១គីឡូក្រាម តម្លៃ២០១រៀល ហើយថា ឆ្នាំនេះ ខុសពីបណ្តាឆ្នាំមុនៗ គឺ អ្នកស្រុកមិនពិបាកកាប់ចិញ្ច្រាំហាលលក់ចេញដំឡូងមីស្ងួតទេ ព្រោះតែដំឡូងមីស្រស់លក់បានថ្លៃ ។
ចំណែកឈ្មួញខ្លះអះអាងថា ដើរប្រមូលទិញដំឡូងមីស្រស់ពីខេត្តសៀមរាប និងខ្លះថា ប្រមូល ទិញក្នុងខេត្តបន្ទាយមានជ័យ ដូចជាក្នុងស្រុកអូរជ្រៅ/ ស្វាយចេក និងថ្មពួក ។ បើទោះជាការដឹកជញ្ជូនទៅរកទីផ្សារមានចម្ងាយឆ្ងាយ ប៉ុន្តែអ្នកស្រុកសប្បាយចិត្តដោយលើក ឡើង ថា ឆ្នាំនេះដំឡូងមីស្រស់ លក់ចេញបានថ្លៃ១គីឡូក្រាម ២;៣៥បាត គិតជាប្រាក់ខ្មែរជិត ៣០០រៀល ពិសេសពួកគាត់មិនពិបាកកាប់ហាលព្រួយបារម្ភពីទឹកភ្លៀងទៀតផង ។
លោក សោម យ៉ិន ប្រធានក្រុមហ៊ុនទទួលទិញដំឡូងមី ក្នុងស្រុកម៉ាឡៃ ប្រាប់តាមទូរស័ព្ទថា ឆ្នាំនេះ ដំឡូងមីស្រស់ បានថ្លៃជាងឆ្នាំមុនៗ ដោយលោកលើកឡើងថា ឆ្នាំមុន ក្នុងខែនេះ (តុលា) តម្លៃ១គីឡូក្រាម ១ ;២ ឬ ១;៥០បាត ប្រាក់ថៃ តែប៉ុណ្ណោះ ។ ដោយឡែក ឆ្នាំនេះ ខែនេះ លោកថា ក្រុមហ៊ុនលោកទទួលទិញ ពីពលរដ្ឋ១គីឡូក្រាម ២;៣៥បាតប្រាក់ថៃ ។
ប្រធានក្រុមហ៊ុនខាងលើបន្តថា ជាធម្មតាក្រុមហ៊ុន លោកទទួលទិញ១ថ្ងៃតែ២០០ទៅ៣០០តោនតែប៉ុណ្ណោះ ប៉ុន្តែដោយសារពលរដ្ឋសម្រុកដឹកចូលទៅលក់ច្រើនខ្លះក៏អាចដេករង់ចាំដែរ ។
លោកបន្តថា ជាការពិតដំឡូងមីអ្នកព្រំដែនក្នុងស្រុកម៉ឡៃមិនទាន់ដកលក់បានទេព្រោះតែដីក្នុងស្រុកមួយនេះខុសពីដីស្រុកដទៃគឺដីស្អិតហើយស្ថានភាពផ្លូវដឹកចេញពីតាមចំការក៏លំបាក ហើយដំឡូងមីស្រស់ដែលទទួលទិញបច្ចុប្បន្ន គេដឹកពីខេត្តសៀមរាប និងតាមស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យដូចជាស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក ។
លោកសំណូមពរសុំ៣យ៉ាង ទី១ សុំឱ្យដំឡូងស្អាតកុំជាប់ដី ទី២កុំដកទុកយូរពេក និងទិ៣កុំដក ដំឡូង ដែលនៅខ្ចីពេក អាចមិនសូវមានម្សៅ ខាងរោងចក្រដែលទទួលទិញគេមិនយក ។
លោកបន្ត ទៀតថាក្នុងស្រុកម៉ាឡៃឆ្នាំនេះ ពលរដ្ឋដាំដំឡូងមីថយចុះជាងឆ្នាំមុនៗ ព្រោះនាំគ្នាងាកទៅដាំពោតច្រើនគួរសម្យ ហើយថាដីដែលដំពោតហើយមិនអាចដាំដំឡីងមីបានទេ ព្រោះវាហួសពេល ៕ វណ្ណា