ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ចិនអុកឡុកផ្លូវពេលយប់

ចែករំលែក៖

កាន់កាសែតអាន ក៏ដូចជាមើល​ព័ត៌មានតាមទូរទស្សន៍ពេលព្រឹក ខ្ញុំបាទតែងតែប្រទះឃើញករណីជនជាតិ​ចិន​បង្កគ្រោះថ្នាក់ចរាចរណ៍ នាពេលរាត្រីជាញឹកញាប់ ។ ជួនកាលពួកគាត់បង្កហិង្សាថែមទៀត ។ ក្នុងមួយយប់ៗ ទាំងនៅភ្នំពេញ និងនៅតាមបណ្តាខេត្ត (ពិសេសក្រុងព្រះសីហនុ) តែងតែមានព័ត៌មានស្តីពីជនជាតិចិន ដែលបង្ក​ហិង្សា ឬបង្កបញ្ហា​ដល់ការរស់នៅប្រចាំថ្ងៃ ។ ទាំងការបង្កគ្រោះថ្នាក់ចរាចរណ៍ ការលួច ឆក់ ប្លន់ ដែលមើលទៅ​ហាក់ដូចជាអសន្តិសុខហួសហេតុពេកហើយ ។ នៅលើដងផ្លូវ ជនជាតិបើករថយន្តបង្កគ្រោះថ្នាក់ពេលខ្លះ មិនទាំងនិយាយស្តីរកសមត្ថកិច្ចខ្មែរ ដែលចុះទៅដោះស្រាយបញ្ហានោះទៀតផង ។

ក្រៅពីបញ្ហានៃការបើកបរ ដែលបង្កគ្រោះថ្នាក់ហើយនោះ បណ្តាជនជាតិចិនមួយចំនួន ថែមទាំង​មានសិទ្ធិប្រើប្រាស់រថយន្តពាក់ស្លាកលេខ ខ.ម, ន.ប និងខ្លះរហូតដល់​មានស្លាកលេខ រាជការប្រើប្រាស់ទៀតផង ។ នេះជាសិទ្ធិសេរីភាពហៀរហូរក្លាយជាអនាធិបតេយ្យរបស់បណ្តាជនជាតិចិន ដែលកំពុង​រស់នៅ​ប្រទេសកម្ពុជា ។ សិទ្ធិសេរីភាពទាំងនោះ ហាក់បីដូចជាត្រូវបាននិងកំពុងជាន់ឈ្លីពលរដ្ឋខ្មែរម្ចាស់ស្រុកយ៉ាងធ្ងន់ធ្ងរ ។ ទាំងនេះ ធ្វើឲ្យ​ប្រជាពលរដ្ឋខ្មែរ​មួយចំនួន មិនហ៊ានធ្វើដំណើរក្នុងប្រទេសរបស់ខ្លួន​ ព្រោះខ្លាចជួបប៉ះជនជាតិចិន​បង្កគ្រោះថ្នាក់ ។

វានៅតែជាចម្ងល់ ក្នុងស្រទាប់ប្រជាពលរដ្ឋ ដូចជាខ្ញុំបាទ ថា តើ ពួកជនជាតិចិន ទាំងនោះបានចូលបម្រើកងទ័ព ឬកងនគរបាលពីពេលណា បានជាមានសិទ្ធិប្រើប្រាស់រថយន្តពាក់ស្លាកលេខ ខ.ម. និង ន.ប. យ៉ាងដូច្នេះ? មិនតែប៉ុណ្ណោះ នៅពេលដែលជួបគ្រោះថ្នាក់ ពួកជនជាតិចិនទាំងនោះ មិនខ្ចីនិយាយរកសមត្ថកិច្ចខ្មែរ ឬសហការជាមួយ​សមត្ថកិច្ច​ដើម្បីដោះស្រាយបញ្ហានោះឡើយ ។ មិនតែប៉ុណ្ណោះ នៅពេលមានបញ្ហា​បណ្តាជនជាតិចិន​មួយចំនួនបានទូរស័ព្ទ​ទៅរកមន្ត្រីខ្មែរ ឲ្យជួយអន្តរាគមន៍ថែមទៀតផង ។ ជាញឹកញាប់​នៅពេលបង្កគ្រោះថ្នាក់ហើយ ពួកជនជាតិចិនទាំងនោះ មិននៅដោះស្រាយបញ្ហា​នោះទេ ផ្ទុយទៅវិញ តែងតែរត់ចោល ទីកន្លែងកើតហេតុ ព្រោះអាងមានសមត្ថកិច្ចខ្មែរជាអ្នកកាង និងដោះស្រាយ ។

ក្នុងនាមប្រជាពលរដ្ឋខ្មែរម្ចាស់ស្រុកម្នាក់ ខ្ញុំបាទហាក់បីដូចជាតូចចិត្ត ព្រោះមើលទៅជនជាតិចិន ហាក់ដូចជាមានសេរីភាព និងមានអំណាចឥទ្ធិពលជាងខ្មែរម្ចាស់ស្រុកទៅទៀត ។ នៅពេលយប់ ពួកគេបង្កគ្រោះថ្នាក់ចរាចរណ៍ស្ទើររៀងរាល់យប់ ។ នៅពេលមានបញ្ហា​មន្ត្រីខ្មែរ ជាអ្នកចេញមុខជួយដោះស្រាយ និងសម្របសម្រួល​។ ជួនកាលពួកជនជាតិចិនទាំងនោះបោះលុយឲ្យជនរងគ្រោះ​ក្នុងករណីគ្រោះថ្នាក់ចរាចណ៍នោះទៀតផង ។ ករណីបែបនេះ បានកើតមានជាញឹកញាប់ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ បានត្រឹមតែឆ្ងល់ រាប់ខែ រាប់ឆ្នាំមកហើយ អំពីករណីដែលជនជាតិចិន មានសិទ្ធិប្រើប្រាស់រថយន្តពាក់ស្លាកលេខ ខ.ម និងន.ប. … ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖