ព្រឹកមិញនេះទៀត រថយន្តដឹកទំនិញ សណ្តោងកុងតឺន័រធំមួយគ្រឿង ត្រូវគេប្រទះឃើញធ្វើដំណើរក្បែររបងស្ថានទូតចិន ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។ គេមិនដឹងថា តើរថយន្តដឹកទំនិញធុនធំមួយគ្រឿងនេះចេះលេងសៀក បំបាំងខ្លួនឬយ៉ាងណានោះទេ បានជាអាចធ្វើដំណើរចូលដល់កណ្តាលទីក្រុងបានយ៉ាងស្រួលៗដូច្នេះ ។ នៅតាមគ្រប់ច្រកផ្លូវចូលទីក្រុង គេឃើញអាជ្ញាធរ មានសមត្ថកិច្ច ជាពិសេសកងកម្លាំងនគរបាលដាក់ត្រៀបត្រាតាមដងផ្លូវ ប៉ុន្តែហេតុអ្វីបានជាបណ្តោយឲ្យរថយន្តធុនយក្សអាចធ្វើដំណើរចូលកណ្តាលបេះដូងទីក្រុងបាន?
រឿងរ៉ាវរថយន្តធំៗ ចូលមកដល់កណ្តាលទីក្រុង គឺជារឿង ដែលងាយចាត់វិធានការ ។ ងាយចាត់វិធានការ ក៏ព្រោះតែកម្លាំងប្រដាប់អាវុធ ជាពិសេសនគរបាលគ្រប់ច្រកល្ហក, គ្រប់ច្រកផ្លូវ ពិតជាមានលទ្ធភាពទប់ស្កាត់ ហាមឃាត់រថយន្តទាំងនោះ មិនឲ្យចូលកណ្តាលក្រុងបាន ។ ប៉ុន្តែហេតុអ្វីបានជា មិនឃើញក្រុមមន្ត្រីមានសមត្ថកិច្ចឃាត់រថយន្តទាំងនោះ? ចំណុចនេះ ក្នុងនាមប្រជាពលរដ្ឋខ្ញុំបាទ នៅតែមានចម្ងាយ និងស្នើឲ្យអាជ្ញាធរចាត់វិធានការឲ្យមានប្រសិទ្ធភាព និងជាក់លាក់ ចៀសវាងមានគ្រោះថ្នាក់ ហើយបន្តស្តីបន្ទោសទៅលើប្រជាពលរដ្ឋ ឬគោបាត់ទើបធ្វើរបង ។ ថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញបានប្រកាសអំពីវិធានការក្តៅដោយបានហៅម្ចាស់ក្រុមហ៊ុនរថយន្តដឹកទំនិញធំៗ មកទូន្មានទៀតផង ។ ក្រោយការទូន្មាន គេនៅតែឃើញរថយន្តធំៗ ធ្វើដំណើរចូលមកកណ្តាលក្រុងដដែលជាដដែល ។
តើអាជ្ញាធរគួរចាត់វិធានការចំពោះកម្លាំងប្រដាប់អាវុធ ជាពិសេសនគរបាល ដែលនៅតាមដងផ្លូវបណ្តែតបណ្តោយឲ្យមានរថយន្តធំៗចូលទីក្រុងបានដែរឬទេ? តាមយោបល់របស់ខ្ញុំបាទ ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសអនុវត្តវិធានការទប់ស្កាត់រថយន្តធំចូលកណ្តាលក្រុង គឺកម្លាំងមានសមត្ថកិច្ចគ្រប់ដងផ្លូវគឺជាអ្នកទទួលខុសត្រូវ ។ នរណាដែលបណ្តោយឲ្យរថយន្តធំចូលទីក្រុងតាមដែនសមត្ថកិច្ចរបស់ខ្លួន បុគ្គលនោះត្រូវទទួលទោស ។ បានជាថា យ៉ាងដូច្នេះ ពីព្រោះមានមន្ត្រីមួយចំនួន ដែលឈរនៅតាមដងផ្លូវ ទទួលបានលាភសក្ការពីអ្នកបើកបររថយន្តធុនធំទាំងនោះ ទើបបណ្តោយឲ្យរថយន្តទាំងនោះបើកបរចូលទីក្រុងដោយសេរី ៕ ប្រជាពលរដ្ឋម្នាក់