ជារឿយៗ ខ្ញុំបាទសង្កេតឃើញថា នៅពេលដែលមានបញ្ហាកើតឡើង នគរបាលមិនចង់ទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ទាំងក្នុងរឿងជម្លោះគ្រួសារ (ហិង្សា) ឬបញ្ហាសន្តិសុខពាក់ព័ន្ធករណីចោរលួច ចោរប្លន់នោះឡើយ ។ វាក្លាយទៅជាបញ្ហារុញដាក់គ្នា ដោយសមត្ថកិច្ចខ្លះថា កើតហេតុនៅទីណា ទៅប្តឹងនៅទីនោះ? ខ្លះថា ផ្ទះសម្បែងស្នាក់នៅទីណា ទៅប្តឹងនៅទីនោះ? ទីបំផុតជនរងគ្រោះ ខ្លះខ្ជិលប្តឹង ព្រោះតែសមត្ថកិច្ចចេះតែរុញឲ្យទៅនេះ ឲ្យទៅនោះ ។ ថ្មីៗនេះ កើតមានករណីបែបនេះច្រើនមកហើយ ទាំងការស្នើសុំរកអន្តរាគមន៍ពីប្រជាពលរដ្ឋ ក្នុងជម្លោះរឿងគ្រួសារ និងករណីសន្តិសុខសណ្តាប់ធ្នាប់ជាដើម ។
នេះគឺជាការមិនទទួលខុសត្រូវរបស់សមត្ថកិច្ចមូលដ្ឋាន ជាពិសេសថ្នាក់ប៉ុស្តិ៍ ។ ថ្ងៃមុនមានករណីក្មេងទាស់គ្នានៅតាមដងផ្លូវ បែងចែកសង្កាត់មួយកន្លែង ក្នុងខណ្ឌដូនពេញ ។ នៅពេលដែលពួកគេទៅប្តឹងនៅប៉ុស្តិ៍ ត្រូវបានមន្ត្រីប៉ុស្តិ៍អះអាងថា មិនមែនជាទឹកដីប៉ុស្តិ៍របស់ខ្លួន ដូច្នេះត្រូវតែទៅប្តឹងនៅប៉ុស្តិ៍ខាងនោះទៅ ។ នៅពេលដែលទៅដល់ប៉ុស្តិ៍មួយទៀត មន្ត្រីប៉ុស្តិ៍ទាំងនោះថា កន្លែងពួកគេទាស់គ្នា ស្ថិតនៅក្នុងដែនសមត្ថកិច្ចប៉ុស្តិ៍ផ្សេងទេ ដូច្នេះទៅប្តឹងនៅប៉ុស្តិ៍នោះទៅ ។ ទីបំផុត ជនរងគ្រោះបានសម្រេចចិត្តត្រឡប់ទៅផ្ទះរបស់ខ្លួនដោយលែងចង់ទាមទាររកយុត្តិធម៌ ។ ករណីមួយទៀតបានកើតឡើងចំពោះគ្រួសារមួយ នៅគ្រាដែលពួកគាត់ឈ្លោះគ្នាតាមផ្លូវហើយរកអន្តរាគមន៍ភ្លាមៗពីមន្ត្រីនគរបាលមួយកន្លែងនៅក្នុងខណ្ឌទួលគោក ។ មន្ត្រីប៉ុស្តិ៍នៅក្នុងខណ្ឌទួលគោកសួរជនរងគ្រោះថា ផ្ទះនៅឯណា? ជនរងគ្រោះថា ផ្ទះនៅក្នុងខណ្ឌមានជ័យ ។ ពេលនោះមន្ត្រីប៉ុស្តិ៍នៅខណ្ឌទួលគោកប្រាប់ឲ្យទៅប្តឹងនៅប៉ុស្តិ៍ដែលរស់នៅក្នុងខណ្ឌមានជ័យនោះទៅ ។
ក្រៅតែពីបញ្ហានៃការមិនទទួលខុសត្រូវចំពោះបញ្ហាកំប៉ិកកំប៉ុកខាងលើនេះ សមត្ថកិច្ចក៏លំបាកក្នុងការទាក់ទងផងដែរ ។ ដូច«ឯកឧត្តម»ម្នាក់ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា លេខទូរស័ព្ទរបស់អាជ្ញាធរមូលដ្ឋានថ្នាក់សង្កាត់, ប៉ុស្តិ៍ ដែលដាក់សម្រាប់ឲ្យប្រជាពលរដ្ឋទាក់ទងនោះ គឺមិនងាយនឹងលើកទទួលនោះឡើយ ។ មានន័យថាវាជាលេខទូរស័ព្ទសាធារណៈ ដូច្នេះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៅពេលដែលទូរស័ព្ទចូលទៅនោះ ពិតជាគ្មាននរណាទទួលឡើយ ។ រឿងរ៉ាវយ៉ាងដូច្នេះ តែងតែកើតមានជារៀងរាល់ថ្ងៃ នៅតាមបណ្តា សង្កាត់-ខណ្ឌ ព្រោះតែអាជ្ញាធរទាំងពីរថ្នាក់នេះ «ខ្ជិល» និងមិនទទួលខុសត្រូវ ។ សម្រាប់យើងខ្ញុំជាប្រជាពលរដ្ឋធ្លាប់ជួបប្រទះស៊ាំភ្នែកទៅហើយ ។
រឿងរ៉ាវដែលគេអាចប្រទះឃើញជាញឹកញាប់មួយទៀតនោះគឺករណីសាកសពអណ្តែតទឹក ។ សពខ្លះអណ្តែតតាំងពីខណ្ឌជ្រោយចង្វា ហើយត្រូវបានសមត្ថកិច្ចនៅខណ្ឌនេះ «ឆ្កឹះបំប៉ើង» បន្តអណ្តែតមកដល់ខណ្ឌឫស្សីកែវ… អាជ្ញាធរខណ្ឌឫស្សីកែវ ក៏មិនប្រាថ្នាទទួលលាភសក្ការរឿងខ្មោចនេះទៀត ក៏ប្រាប់កូនចៅឲ្យរុញទម្រាក់មកដល់មុខវាំង ក្នុងទឹកដីខណ្ឌដូនពេញ ហើយជួនកាលមន្ត្រីខណ្ឌដូនពេញ ក៏រុញសាកសពឲ្យអណ្តែតទឹករហូតដល់ខណ្ឌច្បារអំពៅ ឬខណ្ឌមានជ័យ… ។ រឿងខ្មោចអណ្តែតទឹកគ្មាននរណាចង់បានទទួលខុសត្រូវ? ប៉ុន្តែបើឈើអណ្តែតទឹក ពិតជាមិនបណ្តោយឲ្យហួសទៅទេ ។ ដូចគ្នានេះដែរ គ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ដែលជាព្រំដែន ខណ្ឌ-សង្កាត់ ក៏ពិបាករកសមត្ថកិច្ចចុះមកដោះស្រាយណាស់ដែរ ។ នៅពេលសួរទៅខ្លះថាក្នុងទឹកដីខណ្ឌនេះ ព្រោះវានៅម្ខាងផ្លូវ ខ្លះថានៅខណ្ឌនោះ ព្រោះនៅចិញ្ចើមផ្លូវទឹកដីខណ្ឌនោះ… ។ ករណីនេះ អាជ្ញាធរថ្នាក់លើ គួរដាក់វិធានការផង ៕ ប្រជាពលរដ្ឋម្នាក់