ព័ត៌មានទាន់ហេតុការណ៍៖

បារាំងដង្ហែក្បួនព្យុហយាត្រា ក្នុងថ្ងៃទិវាឯករាជ្យជាតិ បង្ហាញពីសមគ្គី បង្កើតកងទ័ពស្វាយភាពការពារខ្លួន

ចែករំលែក៖

ប្រធានាធិបតីបារាំង លោក​ Emmanuel Macron ​បានបង្ហាញពីកិច្ចសហប្រតិបត្តិការ យោធាជាមួយបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប នាទិវាឯករាជ្យជាតិបារាំង​នៅថ្ងៃ ទី​១៤ ខែកក្កដា ។

សារព័ត៌មាន​ AFP ​បានផ្សាយថា​ ពិធីដង្ហែក្បួនព្យុហយាត្រាឆ្នាំនេះ គឺជាការបង្ហាញសមគ្គីភាព រវាងទាហានបារាំង នឹងអឺរ៉ុប ។ ប្រមុខដឹកនាំអឺរ៉ុប ក្នុងនោះ មានលោកស្រី អធិការបតីអាល្លឺម៉ង់ Angela Merkel ​និងនាយករដ្ឋមន្ត្រីហុល្លង់ លោក​ Mark Rutte ​ក៏បានចូលរួមនៅក្នុងពិធីនោះដែរ ។

នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា អធិការបតីអាល្លឺម៉ង លោកស្រី Merkel ​បានលើកឡើងថា «ទាំងនោះជាសកម្មភាព បង្ហាញ​ពីគោលនយោបាយ ការពាររួមរបស់អ៊ឺរ៉ុប ហើយ អាល្លឺម៉ង មានកិត្តិយស បានចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ​ ។

នៅក្នុងពិធីនោះមាន ភ្ញៀវឥស្សរជន ទាំង១១នាក់ ដែលលោកម៉ាក្រុងអញ្ជើញ​ជាកិត្តិយសនៅថ្ងៃនោះ គឺ លោកម៉ាក្រុង មានបំណងផ្តោតខ្លឹមសារនៃទិវា ១៤​កក្កដា ឆ្នាំនេះ ទៅលើចំណងសហប្រតិបត្តិការអឺរ៉ុប ក្នុងវិស័យ​ការពារជាតិ ។ ភ្ញៀវរបស់លោក​ម៉ាក្រុង គឺមានតំណាងស្ថាប័ន​សហភាពអឺរ៉ុប លោក Jean-Claude Juncker និងប្រមុខ ឬតំណាងរដ្ឋាភិបាលនៃប្រទេសអឺរ៉ុបចំនួន​៩ ។ ក្នុងនោះមាន​ អាល្លឺម៉ង់ បែលហ្ស៊ិក អង់គ្លេស ដាណឺម៉ាក ហូឡង់ អេស្តូនី អេស្ប៉ាញ​ ព័រទុយហ្កាល់ និងហ្វាំងឡង់ ។ ប្រទេសទាំង៩នេះ សុទ្ធសឹងជាប្រទេស ដែលចង់ចូលរួម កម្មវិធីសហប្រតិបត្តិការ​កងទ័ពអឺរ៉ុប ដែលលោកម៉ាក្រុងបានផ្តួចផ្តើម ។ តែលោកម៉ាក្រុង ក៏មិនបានភ្លេច​អញ្ជើញ​ លោកប្រធានអង្គការសម្ព័ន្ធមិត្តអូតង់​ឲ្យចូលរួមនោះទេ ។

មុននេះមួយថ្ងៃ លោកម៉ាក្រុងបានមានប្រសាសន៍ថា “ចាប់តាំងពីចប់សង្រ្គាមលោកលើកទី២មក មហាគ្រួសារអឺរ៉ុប មិនដែលមានសារៈសំខាន់ដូ​ចពេលនេះទេ ។ ការស្ថាបនាចំណងសហប្រតិបត្តិការ​ផ្នែកកងទ័ព នៅក្នុងក្របខណ្ឌអឺរ៉ុប ព្រមជាមួយ​ចំណងដែលមានក្នុងក្របខណ្ឌអូតង់ គឺជារឿងអាទិភាព​បំផុត សម្រាប់បារាំង ហើយវាគឺជាស្នូលនៃការដើរដង្ហែក្បួន​ព្យុហយាត្រា ១៤កក្កដា ឆ្នាំ២០១៩នេះ ។ យ៉ាងណាមិញ ដើម្បីបង្ហាញ​​ពី​កិច្ចសហការគ្នានេះ អាល្លឺម៉ង់ បានបញ្ជូន​យន្តហោះ​ដឹកជញ្ជូនយោធាធនធំ A400M មួយគ្រឿង ឲ្យមកចូលរួមក្នុងពិធីដង្ហែក្បួន ។ អេស្ប៉ាញ ក៏បានបញ្ជូនយន្តហោះ C130 មួយគ្រឿង ហើយអង់គ្លេសវិញ បានបញ្ជូនឧត្ថភាគចក្រ Chinook ២គ្រឿងផងដែរ ។

គំនិតនៃការបង្កើត កិច្ចសហប្រតិបត្តិការកងទ័ពអឺរ៉ុបនេះ គឺបានចាប់បដិសន្ធិបាន​១ឆ្នាំហើយ ។ លោកម៉ាក្រុង ចង់បង្កើតឲ្យមាន​ការអភិវឌ្ឍន៍ វប្បធម៌យុទ្ធសាស្ត្រចែករំលែកគ្នា រវាងប្រទេសអឺរ៉ុបដែលចូលរួម ។ តាំងតែពីចប់សង្រ្គាមលោកលើកទី២មក អឺរ៉ុបរំពឹងទាំង​ស្រុង​ទៅលើអង្គការអូតង់ ដែល​ដឹកនាំដោយអាមេរិក មិនថាក្នុងក្របខណ្ឌការពារខ្លួន ឬក្របខណ្ឌបេសកកម្មអន្តរាគមន៍ខាងក្រៅទេ ។

ការបង្កើតចំណងសហប្រតិបត្តិការដាច់ដោយឡែកក្នុងក្របខណ្ឌអឺរ៉ុបនេះ មិនមែនមានន័យថា បារាំងចង់ឲ្យអឺរ៉ុបដោះដៃចោលអូតង់និងអាមេរិកទេ តែលោកម៉ាក្រុង ចង់អឺរ៉ុបមានស្វ័យភាព​ផ្នែកកងទ័ព​ និងយុទ្ធសាស្ត្រផ្ទាល់ខ្លួន កុំរំពឹងអាមេរិកទាំងស្រុង ។ គំនិតនេះ បានទទួលការគាំទ្រពីបណ្តាប្រទេសអឺរ៉ុបមួយចំនួនធំ ដោយសារ​ពួកគេបានសង្កេតឃើញថា អាមេរិក ក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ មិនអាចឲ្យគេទុកចិត្តបានទៀតទេ ។ បន្ថែមពីនេះទៀត រុស្ស៊ីដឹកនាំដោយលោកពូទីន ដែលនៅជាប់អឺរ៉ុប គឺកាន់តែបង្ហាញមហិច្ឆិតា កាន់តែខ្លាំងទៅៗ ។

នៅអឺរ៉ុប បារាំងមានសមត្ថភាពកងទ័ព និងបច្ចេកទេសគ្រាន់បើជាងគេ ។ សម្រាប់លោក​ម៉ាក្រុង ចង់ឲ្យ​បារាំងដើរតួនាទី​ធំ ​ក្នុងនាមជាមហាអំណាច​ឡើងវិញ គឺត្រូវតែ​ឆ្លងកាត់សមត្ថភាព​ផ្នែកកងទ័ពនេះ ជាចាំបាច់ ។ តែលោកម៉ាក្រុងយល់ថា បារាំងមិនអាចដើរតួតែម្នាក់ឯងទេ គឺត្រូវតែមាន​ប្រទេសអឺរ៉ុបចូលរួម ពោលគឺត្រូវមាន​សមត្ថភាព​កម្លាំងកងទ័ព និងយុទ្ធសាស្ត្រក្នុងក្របខណ្ឌអឺរ៉ុបតែម្តង ។

ប៉ុន្តែ នៅក្នុងទិវាឯករាជ្យជាតិបារាំង ធ្វើឡើង​ដោយមិនមានការរលូត​ឡើយចំពោះប្រធានាធិបតី Emmanuel Macron ​ដោយមានបាតុកររាប់រយនាក់ ធ្វើបាតុកម្មទាមទារឲ្យលោកចុះចេញពីតំណែង មុនពេលក្បួនព្យុហយាត្រាមចាប់ផ្តើមនៅកណ្តាលទីក្រុង ប៉ារីស​ ។

តាមសារព័ត៌មាន​ RT ពលរដ្ឋជាច្រើនបង្ហាញការខឹងសម្បាយ៉ាងខ្លាំងដោយស្រែកពាក្យ​ស្លោត ទាមទារ ប្រធានាធិបតី ម៉ាក្រុង លាលែងចេញពីតំណែង ។ ក្រុមបាតុកជាច្រើនត្រូវបានចាប់ខ្លួន មុនពេល​ ពិធីដង្ហែក្បួនចាប់ផ្តើមឡើង នៅមហាវិថី Champs Elysees នារសៀលថ្ងៃទី​១៤ខែកក្កដា ។

រូបភាពដែលសារព័ត៌មាន​ RT បង្ហោះ ឲ្យឃើញថា ពលរដ្ឋបានស្រែកខ្លាំងៗថា​«ម៉ាក្រុង លាលែងពីតំណែង​» ។ ក្រុមបាតុករបានប្រមូលផ្តុំគ្នាច្រើនឡើង នៅមហាវិថី​ Champs Elysees ​ដោយមានដុត វត្ថុមួយចំនួនបង្កឲ្យមានផ្សែងទៀតផង ។ ក្រុមបាតុករមានគម្រោង គ្រប់គ្រងមហាវិថីខាងលើតែមិនបានសម្រេច ។

មិនតែប៉ុណ្ណោះ ក្រុមបាតុករ ក៏បានគប់ដុំថ្ម ដបទឹក ទៅលើប៉ូលិសប្រឆាំងបាតុកម្ម បង្ខំឲ្យកម្លាំងសន្តិសុខប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ ។ ជាមួយគ្នានោះ ប៉ូលិសក៏បានចាប់ខ្លួនបាតុករ ១៥០នាក់ដែលបង្កឲ្យមានអំពើហិង្សា​ ៕


ចែករំលែក៖