ខេត្តបន្ទាយមានជ័យ៖ ស្រូវបង្កើនរដូវជាង២ម៉ឺនហិកតារបស់ប្រជាកសិករ នៅក្នុងស្រុកក្រុងចំនួន២ នៃខេត្តបន្ទាយមានជ័យ គឺស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ បាន និងកំពុងប្រឈមរងការខូចខាត ក្នុងរយៈពេល១០ថ្ងៃខាងមុខនេះ បើសិនគ្រោះរាំងស្ងួតនៅតែហូសបន្លាយគ្មានទឹកភ្លៀងធ្លាក់មកនោះ ។
អភិបាលស្រុកមង្គលបូរី លោក រ័ត្ន ដាស៊ីណង់ ប្រាប់អ្នកយកព័ត៌មាននៅរសៀលថ្ងៃទី១៧ ខែកក្កដា ឲ្យដឹងថា ស្រុកមង្គលបូរីមានផ្ទៃដីដំណាំស្រូវបង្កើនរដូវនៅឆ្នាំនេះសរុប៥ម៉ឺនហិកតា ក្នុងនោះស្រូវប្រមាណ២ម៉ឺន២៤៤ហិកតា នៅក្នុងឃុំទាំង១៣ទូទាំងស្រុក បាន និងកំពុងប្រឈមរងការខូចខាត ដោយភាពរាំងស្ងួត គ្មានទឹកសម្រាប់ជួយសង្រ្គោះនោះឡើយ ។
លោកប្រាប់ទៀតថា បើតាមការចុះត្រួតពិនិត្យជាក់ស្តែងពីមន្រ្តីកសិកម្ម និងអាជ្ញាធរស្រុកមង្គលបូរីគឺស្រូវជាង២ម៉ឺនហិកតាជាពូជស្រូវសែនក្រអូបមានអាយុកាល៩០ថ្ងៃដែលត្រូវប្រមូលផល និងអាចខូចខាតបើក្នុងរយៈពេល១០ថ្ងៃខាងមុខនេះគ្មានភ្លៀងធ្លាក់ទេនោះ ។ ចំណែកប្រភពទឹកស្ទឹងមង្គលបូរីសម្រាប់ផ្គត់ផ្គង់នៃការផលិតស្រូវរបស់កសិករក្នុងស្រុកមង្គលបូរីក៏បានរីងស្ងួតដោយប្រជាកសិករនាំគ្នាសម្រុកបូមទឹកពីស្ទឹងមង្គលបូរីជួយសង្រ្គោះស្រូវរបស់ពួកគាត់រៀងខ្លួនៗនៅតាមបំបន់នានាក្នុងស្រុកមង្គលបូរី ។
លោកបញ្ជាក់ទៀតថា នៅស្រុកមង្គលបូរីដើម ខែមិថុនា មានភ្លៀងធ្លាក់ស្រោចស្រពស្ទើរគ្រប់ទីកន្លែងដោយឡែកចាប់តាំងពីដើម ខែកក្កដាទឹកភ្លៀងក្រខ្សត់មិនសូវមាននោះទេ ទើបបានជួបគ្រោះរាំងស្ងួតបណ្តាលឲ្យស្រូវប្រជាកសិករប្រមាណជាង២ម៉ឺនហិកតាគ្មានទឹកផ្គត់ផ្គង់ និងរងការខូចខាត ។ លោកថា បញ្ហានេះអាជ្ញាធរស្រុកបានរាយការណ៍ជូនដល់អាជ្ញាធរខេត្ត និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហ្តរាយដើម្បីរកវិធីសាស្រ្តចាត់វិធានការដោះស្រាយ ។
ចំណែកនៅក្រុងសិរីសោភ័ណឯណោះវិញ ស្រូវប្រមាណ២០០ហិកតា របស់ប្រជាកសិករចំណិចភូមិប្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បានជួបគ្រោះរាំងស្ងួតខ្វះទឹកផ្គត់ផ្គង់ ។ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា គេឃើញ អភិបាលក្រុងសិរីសោភ័ណ លោក ហ៊ឹល រ៉ាយ៉ា បានដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យដើម្បីដាក់ចេញនូវវិធានការជួយសង្រ្គោះ ។ លោកអភិបាលក្រុងសិរីសោភ័ណបញ្ជាក់ថា អាជ្ញាធរក្រុង និងបញ្ជូនម៉ាស៊ីនបូមទឹក២គ្រឿងដើម្បីជួយបូមទឹកសម្រាប់ស្រោចស្រពដោះស្រាយឲ្យទាន់ពេលវេលា ។
សូមបញ្ជាក់ថា ជុំវិញនៃអាកាសធាតុនោះវិញបើយោងតាមសេចក្តីជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយមឲ្យដឹងថាចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ កម្ពុជា និងរងឥទ្ធិពលព្យុះទី៥ឈ្មោះ ដាណាស់ លក្ខណៈបែបនេះ និងធ្វើឲ្យបណ្តាខេត្តជាប់មាត់សមុទ្រ និងមានភ្លៀងធ្លាក់កម្រិតពីមធ្យមទៅច្រើន ខ្យល់ខ្លាំងបង្កើនជារលកទឹកសមុទ្រធំៗ ។ ចំណែកបណ្តាខេត្តរាជធានី តំបន់ទំនាបកណ្តាលភាគខាងត្បូង ភាគកណ្តាល និងភាគខាងកើតជាប់ព្រំដែនប្រទេសវៀតណាមអាច និងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គូរ ។ បណ្តាខេត្តនៅទិសភាគពាយ័ព្យ ប្រទេស និងតំបន់ខ្ពង់រាប និងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ។ ទន្ទឹមនោះក៏មានតំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំងផងដែរ ៕ សំ វិច្ឆិកា