ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ អាជ្ញាធរខណ្ឌទួលគោក​ដើរវែកចក​រឿងសណ្តាប់ធ្នាប់

ចែករំលែក៖

ប្រជាពលរដ្ឋច្រើនលើសលប់​គាំទ្រចំណាត់ការរបស់អាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ដើម្បីចៀសវាង​ការកកស្ទះចរាចរណ៍ ។ ទាំងនោះ គឺដោយសារ​តែ​ចិញ្ចើមផ្លូវ និងទ្រូងផ្លូវត្រូវបានយកធ្វើជាចំណត​អចិន្ត្រៃយ៍សម្រាប់ការលក់ដូររកស៊ី ។ អាជ្ញាធរខណ្ឌទួលគោកបានធ្វើឲ្យប្រជាពលរដ្ឋគាំទ្រ​មួយពេលៗចំពោះចំណាត់ការ​នៃការរៀបចំសណ្តាប់ធ្នាប់ ពីព្រោះថា ក្រោយការដើរចេញនៃក្រុមសណ្តាប់ធ្នាប់​អ្វីៗបានវិលមករកសភាពដើម​ដូចពាក្យចាស់​លោកពោលថា «វែកចក» ។ រីឯអាជ្ញាធរ​ក៏បានត្រឹមបោសដៃដើរចេញដោយមិនខ្វល់អំពីផលប្រយោជន៍​ដែលបាន​ពីការចុះរៀបចំសណ្តាប់ធ្នាប់នោះឡើយ ។

ក្នុងនាមប្រជាពលរដ្ឋមួយរូបមើលឃើញថា បើអាជ្ញាធរ​រៀបចំ​សណ្តាប់ធ្នាប់​ដោយការអនុវត្តច្បាប់តឹងរ៉ឹង​នោះពួក​អ្នក​រកស៊ី​ពឹងផ្អែក​លើចិញ្ចើមផ្លូវ​សាធារណ​ មុខជាត្រង់ជើង​មិនខាន ។ ប៉ុន្តែអាជ្ញាធរ​ បានត្រឹមតែធ្វើ​ឲ្យឃើញ​ថា ធ្វើតែប៉ុណ្ណោះ ។ កាលពីប៉ុន្មានសប្តាហ៍មុន អាជ្ញាធរខណ្ឌទួលគោក​បានចុះ​រៀបចំសណ្តាប់ធ្នាប់​នៅមុខ​វិទ្យាស្ថានភាសាបរទេស​ និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះមកផ្លូវកម្ពុជាក្រោម ។ ប៉ុន្តែក្រោយការ​ចាក​ចេញ​របស់ក្រុមសណ្តាប់ធ្នាប់ទាំងនោះ​ ទាំងរថយន្ត និងម៉ូតូ ត្រូវបានចតត្រៀបត្រាលើផ្លូវដដែល ។ ហាងភាគច្រើន​នៅ​តំបន់នោះ យក​ផ្លូវធ្វើជាចំណត ។ ហាង​កាហ្វេពីរកន្លែង​នៅចន្លោះផ្លូវ បានយកចំណែកផ្លូវធ្វើជាចំណត​រថយន្ត និងម៉ូតូ ។ ហាងកាហ្វេទាំងពីរនោះ គឺអាជ្ញាធរ​ជាអ្នកអនុញ្ញាត​ឲ្យដំណើរការរកស៊ី ប៉ុន្តែអាជ្ញាធរមិនបានកំណត់ថា ត្រូវមានចំណត​សម្រាប់អតិថិជន ឬយ៉ាងណានោះឡើយ ។ នៅក្បែរនោះ មានហាង​ផឹកស៊ីមួយកន្លែង ដែលរថយន្តត្រូវបានចតពីរជួរនៅលើផ្លូវ ។

អាជ្ញាធរខណ្ឌទួលគោកអាចគិតថា វាជាជោគជ័យធំសម្បើមហើយ​ក្រោយការចុះទៅរៀបចំសណ្តាប់ធ្នាប់នៅតំបន់នោះ ។ ប៉ុន្តែក្រោយការចាកចេញតែ​ប៉ុន្មានវិនាទី គឺរថយន្ត និងម៉ូតូត្រូវបានចតនៅលើផ្លូវវិញដដែល ។ រៀងរាល់ល្ងាច​ រថយន្តម៉ូតូ ចតនៅលើផ្លូវ ដែលធ្វើ​ឲ្យមានការកកស្ទះចរាចរណ៍យូរម៉ោង ។ កុំថាឡើយដល់ការបើកបររថយន្ត សូម្បីតែម៉ូតូរបស់សិស្សសាលាឆ្លងកាត់តំបន់នោះ ក៏មិនអាចទៅរួចផង ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ដែលតែងតែប្រទះភ្នែកចំពោះបញ្ហានេះ មើលឃើញថា ផលប្រយោជន៍របស់បុគ្គល​ធ្វើ​ឲ្យប៉ះពាល់​ដល់សណ្តាប់ធ្នាប់សាធារណៈជាខ្លាំង ។ ចំណុចនេះ អាជ្ញាធរគួរតែមានវិធានការ​ដើម្បី​ធ្វើ​ឲ្យប្រសើរឡើង ឬធានាបាន​ច្រើនម៉ោងថា ក្រោយការធ្វើសណ្តាប់​ធ្នាប់ មិនមាន​រថយន្ត ម៉ូតូចតនៅលើផ្លូវទៀតនោះទេ ឬយ៉ាងហោចណាស់ ក៏ក្រោយការចកចេញរបស់កងសណ្តាប់ធ្នាប់ យ៉ាងហោចណាស់​មួយថ្ងៃ ឬពីរថ្ងៃ ទើបបញ្ហា​ដដែល​កើតឡើងទៀត ។ ប៉ុន្តែរយៈពេលកន្លងមក កម្លាំងសណ្តាប់ធ្នាប់មិនទាន់ត្រឡប់ទៅដល់ខណ្ឌវិញផង គឺបញ្ហា​បានកើតឡើងវិញដដែលទៅហើយ ។

រឿងសណ្តាប់ធ្នាប់ មិនមែនតែខណ្ឌទួលគោកប៉ុណ្ណោះទេ ។ អ្វីដែលសំខាន់គឺស្ថិតនៅលើការតាំងចិត្ត​របស់ថ្នាក់ដឹកនាំខណ្ឌនីមួយៗថា ត្រូវធ្វើ​ឲ្យបានជាដាច់ខាត​ចំពោះ​បញ្ហានេះ ។ មិនមែនតែផ្លូវច្រើនខ្សែ​កាត់ទទឹង​ផ្លូវសហព័ន្ធរុស្ស៊ីនោះទេ ដែលក្លាយជាចំណតសម្រាប់ការរកស៊ី ។ ផ្លូវជាច្រើនទៀត​នៅ​ក្នុងសង្កាត់ផ្សារ​ដេប៉ូទី២ និងទី៣ សុទ្ធតែជាកន្លែងចតរថយន្តសងខាងផ្លូវ ឬជាចំណតអចិន្ត្រៃយ៍​នៃ​យានដ្ឋានជួសជុលរថយន្ត​ដ៏ច្រើនស្អេកស្កះ ។ កន្លែងខ្លះ យកចំណែកផ្លូវធ្វើជាទីតាំងនៃការជួសជុលរថយន្តតែម្តង ។ អាជ្ញាធរហាក់ដូចជាមិនហ៊ាន​ ឬខ្លាចការថ្នាំងថ្នាក់ពីក្រុមអ្នក​រកស៊ីទាំងនោះ? ប៉ុន្តែប្រសិនបើអាជ្ញាធរមិនពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយ​អ្នករកស៊ីមានបានដោយសារចិញ្ចើមផ្លូវទេនោះ មិនគួរខ្លាច​នឹងការដែលត្រូវយកច្បាប់មកអនុវត្ត​ឲ្យស្មើភាព​នោះឡើយ​។ ពោលគឺ​ការអនុវត្តច្បាប់​ឲ្យមានប្រសិទ្ធភាពគ្រប់ពេលវេលា គ្រប់ទីកន្លែង​ នោះគេជឿថា ប្រជាពលរដ្ឋនឹងគាំទ្រ​ដើម្បីរៀបចំសណ្តាប់ធ្នាប់​ឲ្យមានប្រសិទ្ធភាព ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖