ប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនមានការយឺតយ៉ាងក្នុងសកម្មភាពទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ដោយសារតែខ្លាចប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសរបស់ខ្លួន ។ នៅពេលនេះអង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយអាកាសធាតុធ្ងន់ធ្ងរ បើពិភពលោកបន្តពន្យារពេលទប់ស្កាត់។
ពេលនេះអាចនិយាយបានថា បញ្ហាអាកាសធាតុជាបញ្ហាសកលដែលមានចំណែកទទួលខុសត្រូវទាំងអស់គ្នា។ ដូច្នេះជាពេលវេលាមួយដែលគ្រប់គ្នាត្រូវយកចិត្តទុកដាក់ និងរួសរាន់នាំគ្នាចូលរួមចាត់វិធានការទាំងអស់គ្នា ព្រោះអ្វីៗនៅមិនទាន់យឺតពេលនៅឡើយទេ ។ ផ្ទុយទៅវិញ បើគ្រប់គ្នាមិនផ្តើមចាត់វិធានការជាបន្ទាន់ចាប់ពីឥឡូវ និងនៅបន្តពន្យារពេលថែមទៀត វានឹងយឺតពេលមែនទែនដោយមិនអាចត្រឡប់ក្រោយវិញបានឡើយ ។ អង្គការសហប្រជាជាតិបានធានាថា បើមានវិធានការ និងឆន្ទៈពិតប្រាកដមែន គេអាចកម្រិតសីតុណ្ហភាពលើភពផែនដីឲ្យនៅក្រោម ២% និងអាចនៅក្រោម ១,៥% អង្សារទៀតផង។
ត្រង់ចំណុចនេះ និងនៅចំពោះមុខ របាយការណ៍របស់អង្គការសហប្រជាជាតិមិនចង់បានអ្វីឲ្យលើសពីការគោរពត្រឹមត្រូវលើកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុកាលពីឆ្នាំ ២០១៥ ទេ។ ចូរកុំភ្លេចថាមកទល់ពេលនេះ កិច្ចព្រមព្រៀងជាគោលមួយនេះនៅមិនទាន់បានគោរពពេញលេញពីប្រទេសហត្ថលេខីមួយចំនួននៅឡើយទេ។ ម្យ៉ាងទៀត កិច្ចព្រមព្រៀងក្រុងប៉ារីសដដែលនេះក៏គ្រោងឲ្យមានការពិនិត្យមើលឡើងវិញនូវកិច្ចសន្យារបស់ប្រទេសនីមួយៗនៅក្នុងកិច្ចប្រជុំថ្មីនាដំណាច់ឆ្នាំ ២០២០ ដែរ។ តែមកទល់ពេលនេះ មានតែ ៦៨ប្រទេសប៉ុណ្ណោះដែលបានសន្យាឲ្យពិនិត្យមើលឡើងវិញ ក្នុងនោះ គ្មានប្រទេសសមាជិកនៃក្រុម G២០ ណាមួយឡើយ ហើយក្នុងចំណោមក្រុមប្រទេសសមាជិក G២០ ទៀតសោត មានប្រទេសខ្លះបានចាក់ចោលឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេទៅក្នុងបរិយាកាស ដូចយ៉ាងចិន និងឥណ្ឌាជាដើម។
កាលពីថ្ងៃទី២៦ វិច្ឆិកា កម្មវិធីអង្គការសហប្រជាជាតិដើម្បីបរិស្ថានបានចេញផ្សាយរបាយការណ៍មួយស្តីពីស្ថានភាពអាកាសធាតុក្នុងលោក។ របាយការណ៍បានព្រមានត្រង់ៗថា បើពិភពលោកបន្តពន្យារពេលចាត់វិធានការបន្ទាន់ដើម្បីកាត់បន្ថយការចាក់ចោលឧស្ម័នពុលក្នុងបរិយាកាស គ្រោះមហន្តរាយអាកាសធាតុអាចនឹងកើតមានដោយចៀសមិនរួច។
របាយការណ៍ព្រមាននេះបានធ្លាក់មក ក្នុងពេលដែលអង្គការសហប្រជាជាតិត្រៀមរៀបចំសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ (COP២៥) ពីថ្ងៃទី២ ដល់ថ្ងៃទី១៣ ធ្នូនៅក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។ ទន្ទឹមគ្នានេះ របាយការណ៍ដដែលបានធ្វើឡើង មួយថ្ងៃបន្ទាប់ពីអង្គការឧតុនិយមពិភពលោកបានទាញសញ្ញាអាសន្នពីកំហាប់ឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាសឡើងដល់កំរិតកំពូលកាលពីឆ្នាំ ២០១៨។
នេះមិនមែនជាលើកទី១ ទេដែលក្តីបារម្ភស្តីពីអាកាសធាតុត្រូវបានគេលើកយកមកនិយាយ។ តែសំណុំរឿងមួយនេះនៅបន្តជាបច្ចុប្បន្នភាព និងជារឿងសំខាន់ជាងគេសម្រាប់មនុស្សជាតិ។ មនុស្សគ្រប់រូបកំពុងដកដង្ហើមស្រូបខ្យល់អុកស៊ីសែននៅក្នុងបរិយាកាស តែបើខ្យល់នៅក្នុងបរិយាកាសបែរជាសំបូរខ្យល់ពុលកាបូនិកទៅវិញនោះ តើផលវិបាកនឹងមានអ្វីខ្លះ?។ គឺយុទ្ធនាការសំដៅកាត់បន្ថយឧស្ម័នកាបូនិកក្នុងបរិយាកាសដែលជាអាទិភាពចម្បងនៅចំពោះមុខរបស់អង្គការសហប្រជាជាតិ។ តែដើម្បីអាចសម្រេចគោលដៅមួយនេះបាន អង្គការសហប្រជាជាតិបានអំពាវនាវឲ្យមានការចូលរួមពីគ្រប់គ្នាទាំងអស់។
គួររម្លឹកថាមកដល់ពេលនេះ និងបើយោងតាមកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុឆ្នាំ ២០១៥ ពិភពលោកបានប្តេជ្ញាចិត្តមិនឲ្យសីតុណ្ហភាពក្នុងភពផែនដីឡើងលើសពី ១,៥អង្សារ។ តែដើម្បីអាចសម្រេចកម្មវត្ថុ ១,៥អង្សារបាន របាយការណ៍របស់កម្មវិធីអង្គការសហប្រជាជាតិដើម្បីបរិស្ថានបានតម្រូវឲ្យកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសចំនួន ៧,៦% ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០។ បើគ្មានវិធានការណាមួយចាប់ពីឆ្នាំ ២០២០ ទៅទេ នោះកម្មវត្ថុ ១,៥អង្សារនឹងទទួលបរាជ័យ។ តាមរបាយការណ៍ដដែល ឧស្ម័នផ្ទះកញ្ចក់ដែលភាគច្រើនកើតចេញពីការប្រើធ្យូងថ្មបានកើនចំនួន ១,៥% ក្នុងមួយឆ្នាំក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។
កម្មវិធីអង្គការសហប្រជាជាតិដើម្បីបរិស្ថានបានព្រមានទុកជាមុនថា បើកម្រិតនៃការចាក់ចោលឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសនៅបន្តមានដូចសព្វថ្ងៃ នោះភពផែនដីនឹងឡើងកម្តៅពី ៣,៤អង្សារទៅ ៣,៩អង្សារចាប់ពីពេលនេះដល់ដំណាច់សតវត្សនេះ។
កម្មវិធីអង្គការសហប្រជាជាតិដើម្បីបរិស្ថានបានផ្តល់អនុសាសន៍ចំពោះក្រុមប្រទេសសមាជិក G២០។ គឺជាអនុសាសន៍សម្រាប់ប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅនៅក្នុងបរិយាកាសដែលរួមមាន បញ្ឈប់ការសាងសង់មជ្ឈមណ្ឌលថាមពលប្រើធ្យូងថ្មថ្មីៗទៀតនៅក្នុងប្រទេសចិន អភិវឌ្ឍន៍បណ្តាញដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសឥណ្ឌា ឬមួយផលិតរថយន្តថ្មីៗដែលគ្មានបញ្ចេញឧស្ម័នកាបូនិកពីពេលនេះទៅឆ្នាំ ២០៣០ នៅសហរដ្ឋអាមេរិកជាដើម។ តែរបាយការណ៍បានទទួលស្គាល់ថា វិធានការកំណែទម្រង់ស៊ីជម្រៅ និងមានទ្រង់ទ្រាយធំមួយនេះនឹងត្រូវជួបឧសបគ្គ និងការប្រឈមផ្នែកសេដ្ឋកិច្ចដោយចៀសមិនរួច។
បន្ទាប់មកនៅក្នុងសេណារីយ៉ូកម្រិតកម្តៅក្នុងបរិយាកាសមិនឲ្យលើសពី ១,៥អង្សារ កម្មវិធីអង្គការសហប្រជាជាតិដើម្បីបរិស្ថានស្នើឲ្យធ្វើវិនិយោគក្រោមទ្រង់ទ្រាយនៅក្នុងវិស័យថាមពល។ វិនិយោគក្នុងវិស័យមួយនេះត្រូវការចំណាយលុយយ៉ាងច្រើនពី ១ ៦០០ ០០០ ទៅ ៣ ៨០០ ០០០លានដុល្លារក្នុងមួយឆ្នាំក្នុងចន្លោះពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០៥០។ កម្មវិធីអង្គការសហប្រជាជាតិដើម្បីបរិស្ថានបានបញ្ជាក់ជាមុនថា បើមានការពន្យារពេលជាបន្តទៀត ទឹកប្រាក់ដែលត្រូវចំណាយនឹងអាចកើនច្រើនជាងនេះ។ អ្វីដែលអង្គការសហប្រជាជាតិចង់មានន័យគឺថា បើគ្រប់គ្នាបានចូលរួមគិតគូរពីបញ្ហាអាកាសធាតុតាំងពីយូរហើយ ម្ល៉េះក៏គ្មានភាពស្លន់ស្លោដូចពេលនេះទេ មានន័យថា ពិភពលោកបានទុកជំងឺមួយនេះឲ្យដុនដាបជ្រុលហួសដែលគេត្រូវចំណាយលុយច្រើនដើម្បីព្យាយាមព្យាបាលវា៕