ជនរងគ្រោះជាច្រើនដែលស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្តាខេត្តនិងរាជធានីភ្នំពេញ តែងទទួលភាពអយុត្តិធម៌ពីសំណាក់អ្នកបើកបររថយន្តដែលបង្កឲ្យគ្រោះថ្នាក់ដោយបើករថយន្តបុកទាំងកំរោល ហើយក្រោយកើតហេតុតែងរត់គេចបាត់ ដោយទុកឲ្យខាងក្រុមហ៊ុនធានារ៉ាប់រងជិវិតជាអ្នកដោះស្រាយជាមួយជនរងគ្រោះជំនួសរហូតមានការតថ្លៃផ្តល់សំណងតថ្លៃគ្នាដូចតថ្លៃត្រីនៅផ្សារ ដែលនេះហាក់មើលងាយជីវិតមនុស្សខ្លាំងណាស់។ថ្វីបើច្បាប់មិនបានកំណត់សំណងសម្រាប់អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ប៉ុន្មានក៏ដោយ ខ្ញុំតែងសង្កេតឃើញថារាល់ដំណោះស្រាយក្នុងស្ថាប័ននគរបាលចរាចរណ៍ឬតុលាការមានភាពអវិជ្ជមានខ្លះ ដោយជនរងគ្រោះខ្លះមានសែស្រឡាយ ទុយយោអ្នកមានអំណាច អាចទទួលសំណងរាប់ពាន់ឬរាប់ម៉ឺនដុល្លារឯណោះ។ ចំណែកអ្នកក្រីក្រ គ្មានសែស្រឡាយនិងគ្មានបងប្អូនជាអ្នកមានអំណាចជួយបានត្រឹម៥០០-១០០០ដុល្លារច្រើនពេកហើយ ។ ត្រង់នេះហើយដែលខ្ញុំចង់និយាយថា ជីវិតមនុស្សតែមួយដូចគ្នា ហេតុអីមានវាសនាខុសគ្នា? នេះមិនទាន់និយាយពីអ្នកគ្មានទីពឹង អ្នកមានសតិមិនល្អត្រូវរថយន្តបុកស្លាប់ដូចខ្មោចឆ្កែគ្មានទទួលសំណងមួយរៀលនិងយកទៅដុតឬកប់ចោលទទេផង ។
ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់រស់នៅសង្គមខ្មែរនាពេលបច្ចុប្បន្ននេះតែងកត់សម្គាល់ឃើញថា មនុស្សស្លាប់និងរបួសក្លាយខ្លួនជាជនពិការដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួនច្រើនក្នុងមួយថ្ងៃៗ ហើយសាហាវជាងអ្នកកើតជំងឺអេដស៍ទៅទៀត ។ មានកត្តាជាច្រើនដែលបណ្តាលឲ្យមនុស្សស្លាប់និងរងរបួសដោយរថយន្តបុក ដោយទី១ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ ទី២បើកបរលើសល្បឿនកំណត់ ទី៣ អ្នកបើកបរមានភាពស្រវឹង និងទី៤ បើកបរប្រជែងនៅកន្លែងគ្រោះថ្នាក់ខ្វះការប្រុងប្រយត័្ន និងខ្វះការយោគយល់គ្នា ។
អ្វីដែលខ្ញុំចង់និយាយពេលនេះគ្រាដែលខ្ញុំតែងពិនិត្យឃើញជារឿយៗ គឺការគ្រោះថ្នាក់ដោយអ្នកបើកបររថយន្តក្នុងភាពស្រវឹងស្រា ជាពិសេសស្រវឹងគ្រឿងញៀនដែលអ្នកទាំងនោះមើលងាយជីវិតអ្នកដទៃផុយស្រួយដូចជីវិតសត្វ។ កន្លងមកក្រសួងសាធារណការនិងដឹកជញ្ជូនក៏ដូចជាមន្រ្តីជំនាញនគរចរាចរណ៍មានផែនការឲ្យក្រុមហ៊ុនដឹកជញ្ជូនឬអ្នកបើកបររថយន្តឈ្នួលត្រូវត្រួតពិនិត្យជាតិអាល់កុលនិងធ្វើតេស្តទឹកនោមរកសារធាតុញៀនរាល់អ្នកបើកបររថយន្តទាំងអស់ប្រយោជន៍បញ្ចៀសគ្រោះថ្នាក់ដល់អ្នកដទៃគ្រាដែលបើកបរមានជាតិស្រវឹង ។ ប៉ុន្តែ ផែនការមួយនេះហាក់គ្មានប្រសិទ្ធភាពទាល់តែសោះប្រៀបបានដូចភ្លើងឆេះចំបើងឆេះមួយភ្លែត រលត់ទៅវិញ ព្រោះរាល់ថ្ងៃនេះករណីរថយន្តបុកមនុស្សស្លាប់កើតមានច្រើនតែចេញពីអ្នកបើកបររថយន្តមានភាពស្រវឹងស្រា ស្រវឹងគ្រឿងញៀន បើកបរព្រហើន មើលងាយជីវិតអ្នកដទៃដូចសំរាម ។
សម្រាប់ខ្ញុំផ្ទាល់ពពួកមនុស្សបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃដោយគ្រឿងស្រវឹង ឬដោយចេតនាតុលាការគួរផ្តន្ទាទោសឲ្យធ្ងន់ធ្ងរ បូកជាមួយទោសមួយទៀតគឺស្រវឹងបើកបរ គួបផ្សំពិន័យម្ចាស់ក្រុមហ៊ុនសហគ្រាសដែលជ្រើសរើសអ្នកបើកបរមិនបានតាមដានឬត្រួតពិនិត្យអ្នកស្រវឹងខួប ឬធ្វើតេស្តទឹកនោមរកសារធាតុញៀននោះផង? ។ គួរយល់ថា ជីវិតមនុស្សមិនមានដាក់លក់នៅលើទីផ្សារទេ ៕ ប្រជាពលរដ្ឋម្នាក់