ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ ៖ បើនិយាយថា អរគុណសន្តិភាព! គួរតែនិយាយថាអរគុណសម្តេចតេជោផងទើបសម

ចែករំលែក៖

នាយជាលគិតថា ច្រើនទសវត្សមកហើយពោលគឺនៅមុនឆ្នាំ១៩៩៨ ដែលកម្ពុជាដ៏កម្សត់ នៃយើងធ្លាប់បានហែលឆ្លងកាត់សង្គ្រាមឈ្លានពាន ការស្ថិតនៅក្រោមអនានិគមបរទេស ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ការរងឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយ រងគ្រោះដោយការទម្លាក់គ្រាប់បែក រហូតដល់ធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមធ្វើឲ្យពលរដ្ឋខ្មែរយ៉ាងហោចជាង ២ លាននាក់បានស្លាប់បាត់បង់ជីវិតទាំងអយុត្តិធម៌ ។ ទាំងនេះគឺកើតចេញពីកម្ពុជាគ្មានសន្តិភាព ។

ចំណែកសន្តិភាពដែលកម្ពុជាទទួលបានមានរយៈពេល២១ឆ្នាំមកនេះ គឺបានមកពីការយកជីវិតធ្វើជាដើមទុនរបស់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ក្នុងនោះមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានចាប់ពីការតស៊ូរំដោះជាតិ និងសង្គ្រោះជីវិតប្រជាជនខ្មែរនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតដល់ការចរចា សន្តិភាពទីក្រុងប៉ារីស និងការនាំយកនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដីនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន ដែលបានតស៊ូលះបង់សាច់ស្រស់ឈាមស្រស់ លះបង់ក្រុមគ្រួសារ ដើម្បីសង្គ្រោះជាតិឲ្យរស់ រហូតដល់សព្វថ្ងៃនេះ ។

ប្រសិនបើគ្មានការលះបង់ និងមានគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនទេ នោះកម្ពុជានឹង បន្តធ្លាក់ក្នុងសង្គ្រាមស៊ីវិល ការបំផ្លិចបំផ្លាញ និងគ្មានឱកាសស្តារ និងកសាងជាតិឲ្យរីកចម្រើនដល់សព្វថ្ងៃនោះទេ ខណៈមានក្រុមប្រឆាំងមួយក្តាប់តូចតែងតាមយាយីមិនចង់ឲ្យមានសន្តិភាពនោះ ។

ការពិតទៅសន្តិភាពដែលកម្ពុជាមាននៅពេលនេះគឺធ្វើឲ្យកម្ពុជាមានឱកាសគ្រប់គ្រាន់នៅក្នុងការកសាងជាតិឡើងវិញ ពីគំនរផេះផង់ឈាម និងទឹកភ្នែក ហើយពេលនេះដើមឈើសន្តិភាពដែលបានដុះចាក់ឫសក្នុងទឹកដីកម្ពុជា ក៏បានផ្តល់ផ្លៃផ្កាជាទីពេញចិត្តនៃ ពលរដ្ឋរបស់ខ្លួន ខណៈរកបានមកដោយពិបាក ។

ដូច្នេះ ប្រជាជាតិខ្មែរបើអរគុណសន្ត្តិភាព ក៏គួរកុំរំលងនឹងការសម្តែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលនាំយកសុខសន្តិភាពពេញលេញ តាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និងធ្វើឲ្យមានឯកភាពជាតិ និងឯកភាពទឹកដីជាលើកទី១ ក្នុងរយៈប្រវត្តិសាស្ត្រកម្ពុជា ៥០០ ឆ្នាំចុងក្រោយនេះ ។

បើអរគុណសន្តិភាព សូមកុំភ្លេចអរគុណសម្តេចតេជោផងទើបសម ព្រោះសម្តេចតេជោនេះហើយ ដែលដឹកនាំធ្វើឲ្យកម្ពុជាមានសន្តិភាព មានឱកាសស្តារ និងកសាងអភិវឌ្ឍជាតិឲ្យរីកចម្រើនលើគ្រប់វិស័យទាំងអស់ដូចសព្វថ្ងៃនេះ ជាពិសេសវាយកម្ទេចផែនការផ្តួលរំលំរបបរាជានិយម ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត របស់អតីតគណបក្សសង្រ្គោះជាតិដែលមានទណ្ឌិត សម រង្ស៊ី ជាអ្នកដឹកនាំចង់ឲ្យកម្ពុជាធ្លាក់ក្នុងសង្រ្គាមដូចមុន និងគ្មានសន្តិភាពនោះ ៕ នាយជាល

 


ចែករំលែក៖