ព័ត៌មានទាន់ហេតុការណ៍៖

អនាគតក្រុមហ៊ុនតូយូតា នឹងមានយន្តហោះតាក់ស៊ី សុវត្ថិភាព រហ័សទាន់ចិត្ត

ចែករំលែក៖

ដោយសារតែតម្រូវការធ្វើដំណើររបស់មនុស្ស ជួបបញ្ហាកាន់តែច្រើន​ពីមួយឆ្នាំទៅមួយ​ឆ្នាំ ដោយកំណើនប្រជាជន ការកកស្ទះចរាចរណ៍​ជាដើម​ ។ កត្តាទាំងនោះ ទើបក្រុមហ៊ុនផលិតយន្តលំដាប់ពិភពលោក Toyota របស់ប្រទេសជប៉ុន បានប្រកាសថា ខ្លួននឹងវិនិយោគជិត៤០០លានដុល្លារទៅ​ក្នុងក្រុមហ៊ុនមួយនៅអាមេរិក ដែលចង់ផ្តល់សេវាកម្មធ្វើដំណើរតាមយន្តហោះតាក់ស៊ី ។

នៅក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុន​តូយូតា​នៅថ្ងៃទី​១៦ ខែមករា​​ ថា ក្រុមហ៊ុន «បុត្រសម្ព័ន្ធ» នៅអាមេរិកនោះមានឈ្មោះថា Joby Aviation ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៩ ។ បច្ចុប្បន្នក្រុមហ៊ុន Joby Aviation កំពុង​តែអភិវឌ្ឍយានជំនិះដែលដំណើរការដោយថាមពលអគ្គិសនី អាចផ្ទុកអ្នកដំណើរបាន០៤នាក់ ព្រមទាំងអាចហោះឡើង និងចុះត្រង់ដូចទៅ​នឹងឧទ្ធម្ភាគចក្រ ប៉ុន្តែមានម៉ូទ័រស្លាបចក្រច្រើនជាង ។ ក្រុមហ៊ុន Joby Aviation មានគោលដៅចង់ប្រែក្លាយ យានជំនិះនេះ ទៅជាការផ្តល់​សេវាកម្មមធ្យោបាយធ្វើដំណើរបែបពាណិជ្ជកម្ម គឺដូចជាសេវាតាក់ស៊ីយ៉ាងដូច្នោះ ជាជាងការផលិតដើម្បីលក់ទៅឲ្យបុគ្គលម្នាក់ៗ ។

គួរជម្រាបថា ក្រុមហ៊ុន Job Aviation កន្លងមកនេះ ក៏បានចាប់ដៃគូជាមួយក្រុមហ៊ុនតាក់ស៊ី Uber ដើម្បីរួមគ្នាអភិវឌ្ឍសេវាតាក់ស៊ីផ្លូវអាកាស​នៅទីប្រជុំជនផងដែរ ។ សម្រាប់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota វិញ ក៏ធ្លាប់បានបោះទុនវិនិយោគក្នុងវិស័យតាក់ស៊ីផ្លូវអាកាសបែបនេះ ទៅក្នុងគម្រោងដទៃទៀត ដូចជាគម្រោងរបស់ក្រុមហ៊ុនជប៉ុន SkyDrive ដើម្បីអភិវឌ្ឍនូវយានជំនិះ នឹងក្លាយជាយន្តហោះតាក់ស៊ីតូចបំផុត​នៅលើពិភពលោក៕


ចែករំលែក៖