ព័ត៌មានទាន់ហេតុការណ៍៖

កសិករ នៅខេត្តមួយចំនួនបាននាំគ្នាងាកមកដាំដំណាំដូងខ្ទិះ ដែលមានទីផ្សារល្អប្រសើជាងតម្លៃដូងធម្មតា នឹងអាចជួយបង្កើនប្រាក់ចំណូលបានច្រើន

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្ននេះយើងសង្កេតឃើញថា ប្រជាកសិករ នៅខេត្តមួយចំនួនបាននាំគ្នាងាកមកដាំដំណាំដូងខ្ទិះ ព្រោះជាប្រភេទដំណាំកម្រដែលមានទីផ្សារល្អប្រសើជាងតម្លៃដូងធម្មតា នឹងអាចជួយបង្កើនប្រាក់ចំណូលបានច្រើន ដើម្បីយកទៅដោះស្រាយជីវភាពគ្រួសារផងដែរ

បើតាមសម្តីលោក គៀង កុសល កសិករម្នាក់ ជាអ្នកដាំដូងខ្ទិះលើផ្ទៃដីជាង២ហិកតាក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ បានឲ្យដឹងថា លោកបានចាប់មុខរបរដាំដំណាំដូងខ្ទិះនេះជាង៧ឆ្នាំមកហើយ ដោយបានជួយលើកកម្ពស់ សេដ្ឋកិច្ចគ្រួសារអោយមានការរីកចំរើនជាបន្តបន្ទាប់ លោកបញ្ជាក់ថា ដំណាំដូងខ្ទិះក្នុងមួយធ្លាយអាចមានផ្លែខ្ទិះតែមួយឬគ្មានផ្លែខ្ទិះតែម្តងក៏មាន ហើយក្នុងចំណោមដើមដូងដែលលោកដាំជាង៣៤០ដើម អាចប្រមូលផលបានចន្លោះពី ៤០ទៅ៥០ផ្លែប៉ុណ្ណោះក្នុង១ខែ

កសិកររូបនេះបន្ថែមថា ដោយសារតែដំណាំប្រភេទនេះមានលក្ខណៈកម្របានធ្វើឲ្យមានតម្លៃថ្លៃគួរសម ដោយក្នុង១ផ្លែអាចលក់បានតម្លៃប្រមាណ១២ដុល្លារ លោកបានបន្តទៀតថា ដូងខ្ទិះនេះយើងអាចបរិភោគសាច់ដូងខ្ទិះធម្មតា ឬអាចយកធ្វើជាបង្អែមបានយ៉ាងច្រើនប្រភេទរួមជាមួយនឹងការធ្វើទឹកក្រឡុកជាដើម

លោក គៀង កុសល គូសបញ្ជាក់ថា៖ «ជាទូទៅដូងខ្ទិះហ្នឹង គឺយកអត់មានយកទៅធ្វើម្ហូបបានទេ គឺទី១យើងយកទៅហូបលេងធម្មតា ទី ចង់យកទៅធ្វើបង្អែម ទី យើងយកទៅក្រឡុក អញ្ចឹងយើងធ្វើបានតែបីប្រភេទហ្នឹងទេ ប្រភេទដូងខ្ទិះហ្នឹង គឺវាពិបាកដោយសារវាជាដំណាំកម្រ អញ្ចឹងវាអត់ទៀងទេ ពេលខ្លះវាឲ្យផលយើងច្រើន តែជាទូទៅមួយហិកតា ពេលខ្លះយើងអត់បាន ៤០ ទៅ ៥០ ទៅ ៦០ផ្លែ និយាយរួមទៅចាប់ពី ៣០ផ្លែឡើងទៅ គឺអត់ទៀងតែម្ដង ហើយខ្លះក៏អត់ទៅ គឺវាអត់មានកន្លែងណាបញ្ជាក់ថា រាល់ពេលដែលយើងបេះ គឺត្រូវបានឃើញផលនោះទេ»

ដោយឡែកលោកស្រី សាវរី ជាអាជីវករលក់ដូងខ្ទិះនៅខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងមួយសប្តាហ៍អាចលក់បានចំនួន៥០ផ្លែ ខណៈដែលអតិថិជនសួររកទិញច្រើន ប៉ុន្តែមិនអាចផ្គត់ផ្គង់តាមតម្រូវការ

លោកស្រីបន្តថា ដូងខ្ទិះជាប្រភេទដូងដែលមានលក្ខណៈពិសេសត្រង់ថា វាមានខ្ទិះ សាច់ក្រាស់ ទន់ មានក្លិនក្រអូប និងទឹករបស់វាខាប់អន្ធិលៗខុសពីដូងធម្មតា ចំពោះ អត្ថប្រយោជន៍ដូងខ្ទិះ គឺជំនួយទៅដល់សន្លាក់ដៃជើងជំនួយខួរក្បាល ហើយវាជួយផ្នែកសក់របស់យើងហ្នឹងព្រោះវាជារបស់ធម្មជាតិវាមានជាតិប្រេងនៅក្នុងហ្នឹង ហើយណាមួយអ្វីដែលពិសេសនោះគឺវាជំនួយទៅដល់អ្នកមានផ្ទៃពោះ ហើយនឹងមនុស្សចាស់ ព្រោះមនុស្សចាស់យើងកាយសម្បទារបស់គាត់គឺមិនដូចក្មេងទេ អញ្ចឹងគឺវាជួយទៅតាមសន្លាក់ដៃសន្លាក់ជើង ហើយពិសេសគឺសម្រាប់អ្នកមានផ្ទៃពោះនិងមនុស្សចាស់

គួរបញ្ជាក់ថា បើតាមការដំណាលតៗគ្នារបស់កសិករ គឺដំណាំដូងខ្ទិះមានដើមកំណើតមកពីខេត្តបាត់ដំបងប្រទេសកម្ពុជា ដែលកាលពីឆ្នាំ១៩៤២មានព្រះសង្ឃមួយអង្គនិមន្តមកសិក្សានៅខេត្តបាត់ដំបង ហើយបានឆាន់ដូងខ្ទិះ ដោយសារដូងប្រភេទនេះមានរសជាតិឆ្ងាញ់ខុសពីដូងធម្មតា ទើបព្រះសង្ឃបានយកពូជទៅដាំក្នុងវត្តឯស្រុកកំណើតរបស់ព្រះអង្គ ហើយក្រោយមកព្រះសង្ឈបានចែកពូជទៅដល់ប្រជាពុទ្ធបរិស័ទ ដែលរស់នៅជុំវិញវត្តដាំទាំងអស់គ្នា ដែលបច្ចុប្បន្ននេះស្រុកកំពង់ស្ពាន ល្បីឈ្មោះទូទាំងប្រទេសវៀតណាមថាជាស្រុកដូងខ្ទិះឆ្ងាញ់ពិសារ

ដោយ៖ស តារា


ចែករំលែក៖