កម្លាំងទាហានឥណ្ឌានិងចិន បានសម្រេចដកទ័ពចេញពីតំបន់ព្រំដែន Gogra-Hotsprings ភាគខាងលិចជើងភ្នំហិមពាន្ត(Himalaya)នៅថ្ងៃទី ៨ខែកញ្ញា ក្រោយរយៈពេល២ឆ្នាំ ប៉ះទង្គិចគ្នានៅព្រំដែនធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរធ្លាក់ចុះ។
សារព័ត៌មាន Reuters នៅថ្ងៃសុក្រទី៩ ខែកញ្ញា ឆ្នាំ២០២២ ការសម្រេចដកកងទ័ពចេញខាងលើនេះ ធ្វើឡើងមុនពេលកិច្ចប្រជុំនៅប្រទេសអ៊ូបេគីស្ថាន ជាទីដែលប្រធានាធិបតីចិន លោក ស៉ី ជីនពីង (Xi Jinping) និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយគ្នានៅទីនោះ។ ភាគីទាំងពីរបានឱ្យដឹងថាដំណើរការចាកចេញរបស់កងទ័ព កំពុងប្រព្រឹត្តទៅតាមច្រករបៀងដែលបានព្រមព្រៀងគ្នា និងតាមការគ្រោងទុក ផ្អែកលើការរក្សាសន្តិភាពនៅព្រំដែន។
មន្រ្តីការពារជាតិឥណ្ឌាបាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការប្រឈមមុខដាក់គ្នាត្រូវបានបញ្ចប់ បើទោះបីជាវត្តមានទាហានរាប់ពាន់នាក់នៃប្រទេសទាំងពីរនៅតែមាននៅព្រំដែនរៀងៗខ្លួនក្តី។ រីឯក្រសួងការពារជាតិចិន នៅថ្ងៃសុក្រនេះបានឱ្យដឹងដែរថា ទាហានពីភាគីទាំងពីរបានចាប់ផ្តើមដកខ្លួនចេញក្នុងពេលជាមួយគ្នា និងតាមការគ្រោងទុក។
ឥណ្ឌានិងចិនមានព្រំដែនជាប់គ្នាប្រវែង៣,៨០០គីឡូម៉ែត្រ ដែលកាលពីមុនកងទ័ពរបស់ពួកគេបានប្រកាន់ខ្ជាប់នូវការបញ្ចៀសនូវការប្រើប្រាស់អាវុធណាមួយ។ កាលពីខែមិថុនា ឆ្នាំ២០២០ កងទ័ពឥណ្ឌានិងចិនបានប៉ះទង្គិចគ្នា នៅក្នុងតំបន់ Galwan នៃតំបន់Ladakh ដែលបណ្ដាលឱ្យទាហានឥណ្ឌាយ៉ាងហោចណាស់ក៏២០នាក់ និងចិន៤នាក់ត្រូវបានសម្លាប់នៅក្នុងវាយប្រយុទ្ធដោយដៃទល់នឹងដៃ និងបង្កភាពតានតឹងយ៉ាងខ្លាំងរវាងប្រទេសទាំង២ ដែលសុទ្ធសឹងតែមានអាវុធនុយក្លេអ៊ែរ៕
ដោយ៖ ធីរីណា(រូបថត៖ AFP)