ព័ត៌មានទាន់ហេតុការណ៍៖

លោក ខៀវ កាញារីទ្ធ ៖ «យុទ្ធសាស្ត្រមួយចានទឹក មួយចានគោក» របស់សម្តេចតេជោ ភាគ ៥ និង ជាភាគបញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម បានមានប្រសាសន៍បន្តទៀតថា ៖ បើយើងមើលមួយភ្លែត ហាក់ដូចជាកម្មាភិបាលថ្នាក់ខ្ពស់ រួមទាំងមជ្ឈឹមបក្សប្រជាជនកម្ពុជា ផង មានគំនិតតឹងតែងណាស់ តែបើយើងពិនិត្យលើកត្តាសត្យានុម័តនៅពេលនោះទើបយើងយល់បាន ។ ក្រោយពីសម័យរំដោះ ១៩៧៩ ទាំងគេទាំងខ្ញុំសុទ្ធតែមិនដែលជាអ្នកធ្លាប់កាន់ការធំ ( មានតែប្រហែល ១ % ប៉ុណ្ណោះដែលធ្លាប់ ដូចជាបង ចែម ស្ងួន បង ហោ ណាំហុង លោកតា ឡេង សាកលវិទ្យាធិការសាលាវិចិត្រសិល្បៈ … ) ។ មួយវិញទៀត យើងមានប្រភពចេញខុសៗគ្នា ។ ខ្លះជាអ្នកធ្លាប់រស់នៅភាគខាងជើងវៀតណាមតាំងពី ១៩៥៤ ខ្លះជាអ្នកតស៊ូនៅក្នុងស្រុក ខ្លះជាកសិករ ខ្លះជានិស្សិត ហេតុនេះ យើងត្រូវធ្វើបណ្តើរ រៀនបណ្តើរ ហើយការខ្លាចខុសជារឿងប្រចាំថ្ងៃ ព្រោះឥទ្ធិពលខ្លាចសម័យប៉ុល ពត មិនទាន់រលប់បាត់ពីពួកយើងទេ ។ រៀនផង ធ្វើផង មានតែមើលគំរូប្រទេសគេខ្លះ មើលក្បួនខ្លះ ស្តាប់យោបល់ទីប្រឹក្សាវៀតណាម សូវៀតខ្លះ…. ។ ស្ថានភាពពេលនោះមិនដូចស្ថានភាពនីតិកាលទី ៧ នៃរដ្ឋសភានេះទេ ។ ថ្នាក់ដឹកនាំបច្ចុប្បន្នដែលពិតមែនតែមានវ័យក្មេង ( ក្នុងស្តង់ដាពិភពលោក ) តែធ្លាប់កាន់ការងារទទួលខុសត្រូវមួយរយៈ មានចំណេះដឹងជ្រៅជ្រះ ហើយ ចេញពីប្រភពតែមួយ ដែលធានាបាននូវស្ថិរភាពនយោបាយមួយរឹងមាំ ។

នៅក្នុងសម័យសាធារណរដ្ឋកម្ពុជា រាល់គោលការណ៍ធំៗត្រូវឆ្លងការពិភាក្សា និង សម្រេចរបស់គណៈកម្មាធិការមជ្ឈឹមបក្សជាមុន ហើយ បើមានលក្ខណៈសំខាន់ខ្លាំង ត្រូវឆ្លងសន្និបាតកម្មាភិបាលទូទាំងប្រទេស និង បន្ទាប់មករដ្ឋសភា លើកជាសេចក្តិសម្រេចជាលក្ខណៈច្បាប់នានា ឬ គណៈរដ្ឋមន្ត្រីចេញជាសេចក្តីសម្រេចមានលក្ខណៈណែនាំជាទូទៅតាមក្រោយ។

នៅក្នុងការជំរុញអោយទទួលស្គាល់កម្មសិទ្ធិឯកជនលើដីធ្លីកសិកម្ម សម្តេចតេជោ យល់ច្បាស់ថា បើលោកលើកគំនិតនេះនៅក្នុងសម័យប្រជុំគណៈកម្មាធិការមជ្ឈឹមបក្សលោកនឹងត្រូវទទួលបានការជំទាស់ ហើយនៅពេលដែលមជ្ឈឹមបក្សជំទាស់ លោកនឹងមិនមានសិទ្ធិលើកបញ្ហានេះនៅខាងក្រៅទៀតទេ ។  តែបើលោកលើកបញ្ហានេះនៅក្នុងសភា លោកមានសំណាងទទួលបានការគាំទ្រច្រើនជាង ព្រោះនៅក្នុងសភាមានបញ្ញវន្ត និង លេខាខេត្តច្រើនដែលសុទ្ធតែទទួលអនុវត្តការងារផ្ទាល់ជាជាងខ្វល់ខ្វាយនឹងទ្រឹស្តី ។

ហើយដូចលោកបានស្មានមែន សភាបានគាំទ្រគំនិតផ្តួចផ្តើមរបស់លោក ហើយ នេះជាការចាប់ផ្តើមលេចចេញនូវយុទ្ធសាស្ត្រ«មួយចានទឹកមួយចានគោក»របស់លោក ។ ចប់ជាស្ថាពរ ! 

ដោយ ៖ សិលា


ចែករំលែក៖