ភ្នំពេញ៖ សមាគមវាយនភណ្ឌ ស្បែកជើងសម្លៀក បំពាក់ និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) បានរំពឹងថា នៅពេលស្ថានភាពអតិផរណាធូរស្រាល ហើយតម្រូវការអ្នកទិញកើនឡើងក្នុងវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ កម្ពុជាអាចនឹងមានកំណើនឡើងវិញសន្សឹមៗចាប់ពីឆមាសទី២ ឆ្នាំ ២០២៤។
សមាគមវាយនភណ្ឌ ស្បែកជើងសម្លៀក បំពាក់ និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC)ឱ្យដឹងថា វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាមានវន្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ ២០២២ ជាមួយកំណត់ត្រាថ្មីនៃការនាំចេញផលិតផលកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរដែលស្មើនឹងទឹកប្រាក់សរុប ១២,៨ប៊ីលានដុល្លារអាមេរិក។
ព្រឹត្តិបត្រព័ត៌មានសមាគមខាងលើនេះបានឲ្យដឹងថា សម្រាប់ឆ្នាំ២០២៣ កំណើនខ្ពស់ទាំងនេះ នឹងមានការធ្លាក់ចុះដោយក្តីព្រួយបារម្ភជុំវិញបញ្ហាអតិផរណាដែលកំពុងបន្ត គួបផ្សំនឹងបញ្ហាការផ្គត់ផ្គង់លើសលប់នៅក្នុងទីផ្សារ។ ទោះបែបនេះក្តី នៅពេលស្ថានភាពអតិផរណាធូរស្រាល ហើយតម្រូវការអ្នកទិញកើនឡើងវិស័យកាត់ ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរកម្ពុជាអាចនឹងមានកំណើនឡើងវិញសន្សឹមៗចាប់ពីឆមាសទី២ ឆ្នាំ ២០២៤។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកកត្តា អ៊ន បានឱ្យដឹងថា រាជរដ្ឋាភិបាលនឹងខំប្រឹងបន្ថែមទៀតក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍ក្នុងវិស័យ ស្បែកជើង សម្លៀកបំពាក់ វាយនភណ្ឌ និងផលិតផលធ្វើដំណើរ ក្នុងគោលដៅបង្កើនការងារធ្វើជូនកម្មករនិយោជិត និងបង្កើនការនាំចេញរបស់កម្ពុជា។
លោកមានប្រសាសន៍ថា៖«រាជរដ្ឋាភិបាលក៏ បានប្រឹង ប្រែងផងដែរ នូវគោលនយោបាយកាបរទេសរបស់ខ្លួន ក៏ដូចជា គោលនយោបាយសេដ្ឋកិច្ចធ្វើយ៉ាងណាយើងពង្រីកការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី យើងពង្រីកការនាំចេញទៅកាន់បណ្តាប្រទេសផ្សេងៗទៀត ឱ្យកាន់តែកើនឡើងនូវផលិតផលវាយនភណ្ឌ សម្លៀក បំពាក់ ស្បែក ជើង និងកាបូប។ នៅពេលនោះឯងការ នាំចេញកាន់តែច្រើនចង្វាក់នៃផលិតកាន់តែច្រើន បង ប្អូនកម្មករកាន់តែមានការធ្វើ ហ្នឹងឯងគឺជាគោលនយោ បាយនៃការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច គោលនយោបាយនៃការអភិវឌ្ឍន៍រោងចក្រ សហគ្រាស ក្នុងវិស័យកាត់ដេររបស់យើង»។
ព្រឹត្តិបត្រព័ត៌មាននេះ បានឱ្យដឹងទៀតថា អត្រាការងារក្នុងវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ក៏បំបែកឯកត្តកម្មខ្ពស់ ផងដែរ ដោយមានកម្មករធ្វើការសរុប ៨៨៤ ១៥១នាក់ ហើយ ក្នុងឆ្នាំ២០២៣ វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ បានផ្តល់ការងារដល់កម្មករចំនួន ៨៥៥ ០២១នាក ធ្លាក់ចុះ ៣,៤ ភាគរយ បើធៀបនឹងតួលេខខ្ពស់ក្នុងឆ្នាំ២០២២។
ប្រទេសកម្ពុជាមានចំណែកទីផ្សារនាំចេញផលិតផលកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរក្នុងទីផ្សារពិភពលោកប្រមាណ ៤,៥ ភាគរយ។ កម្ពុជាបាននាំ ចេញផលិតផលទាំងនេះ ចម្បងៗទៅកាន់អាមេរិក, សហភាពអឺរ៉ុប,ជប៉ុន,អង់គ្លេស និងបណ្តាប្រទេសនៅតំបន់អាស៊ានមួយចំនួន។
វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរដើរតួនាទីយ៉ាងសំខាន់ក្នុង ផ.ស.ស របស់កម្ពុជា ដោយបានរួមចំណែកដល់ ៦២,២៦% នៃការនាំចេញសរុបក្នុងឆ្នាំ២០២២។ បើទោះជា មានកំណើនយ៉ាងឆាប់រហ័សក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរក៏ដោយ ក៏ចំណែកនៃវិស័យនេះនៅតែបន្តខ្ពស់ជាង ៥០% នៃមូលដ្ឋាននាំចេញសរុប។
គេមើលឃើញថា ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បានបង្ហាញភាពធន់ខ្លាំង ដោយសារការចូលរួមមួយចំណែកពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ សូរិយា