ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​ ស្នើក្រសួងផែនការ មេត្តាពិនិត្យលទ្ធភាពរុញច្រានវិនិយោគិនវៀតណាមស្វែងរកឱកាសវិនិយោគសំដៅធ្វើយ៉ាងណាតភ្ជាប់ខ្សែច្រវាក់ផលិតកម្មប្រទេសទាំងពីរ ដើម្បីរួមគ្នាកែច្នៃនាំចេញទៅកាន់ទីផ្សារតំបន់ និងសកល

ចែករំលែក៖

រដ្ឋធានីហាណូយ៖ ឆ្លៀតក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកកាន់រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ​ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំគណៈប្រតិភូ គ.វ.ក. ចូលជួបលោកស្រី Nguyen Thi Bich Ngoc អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម ដើម្បីពិភាក្សាការងារស្តីពីការជំរុញការវិនិយោគទ្វេទិសរវាងកម្ពុជា និងវៀតណាម។

មានប្រសាសន៍ក្នុងជំនួបនេះ លោកស្រី​អនុរដ្ឋមន្ត្រី​ បានសម្តែងនូវអំណរគុណជូនគណៈប្រតិភូ គ.វ.ក. ដែលបានចំណាយពេលវេលាដ៏មមាញឹកអញ្ជើញមកកាន់ទីស្តីការក្រសួងផែនការ និងវិនិយោគវៀតណាម។ ក្រៅពីប្រសាសន៍ថ្លែងអំណរគុណ លោកស្រី​ បានលើកសំណូមពរជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បន្តកិច្ចសហការល្អជាមួយក្រសួងផែនការ និងវិនិយោគវៀតណាម ដើម្បីជំរុញការវិនិយោគរបស់ប្រទេសយើងទាំងពីរ។

ជាការឆ្លើយតប លោកអគ្គលេខាធិការ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីមិត្តដែលបានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូកម្ពុជាយ៉ាងកក់ក្តៅ។ លោកអគ្គលេខាធិការ​ បានបង្ហាញជំហរគាំទ្រប្រសាសន៍របស់លោកជំទាវអនុរដ្ឋមន្ត្រី ដោយបានសំណូមពរភាគីមិត្តរួមគ្នាក្នុងការជំរុញការវិនិយោគបង្កើតខ្សែច្រវាក់តម្លៃក្នុងតំបន់ នៃប្រទេសយើង រួមទាំងប្រទេសឡាវផងដែរ។ ក្នុងន័យនេះ លោកអគ្គលេខាធិការ​ មានសំណូមពរឱ្យភាគីមិត្តជួយជំរុញការបង្កើតមូលដ្ឋានផលិតកម្មកែច្នៃវត្ថុធាតុដើមដូចជាជ័រកៅស៊ូរជាដើមក្នុងប្រទេសកម្ពុជាហើយនាំចេញតាមប្រទេសវៀតណាម។ លោក​អគ្គលេខាធិការ​ មានទំនុកចិត្តថាកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងផែនការ និងវិនិយោគវៀតណាម នឹងបន្តមានវឌ្ឍនភាពជាលំដាប់ ក្នុងគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់វិនិយោគិន ព្រមទាំងចូលរួមអនុវត្តប្រកបដោយប្រសិទ្ធផលនូវខ្លឹមសារដូចមានចែងក្នុងកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការជំរុញ និងការការពារវិនិយោគ។ 

បន្ថែមពីនេះ​ លោកអគ្គលេខាធិការ​ ក៏បានស្នើក្រសួងផែនការ និងវិនិយោគមេត្តាពិនិត្យលទ្ធភាពរុញច្រានវិនិយោគិនវៀតណាមដើម្បីមកស្វែងរកឱកាសវិនិយោគសំដៅធ្វើយ៉ាងណាតភ្ជាប់ខ្សែច្រវាក់ផលិតកម្មកម្ពុជា-វៀតណាម ដើម្បីរួមគ្នាកែច្នៃនាំចេញទៅកាន់ទីផ្សារតំបន់ និងសកល។ ជាកិច្ចបញ្ចប់ លោក​ បានជឿជាក់ថាក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាមនឹងបន្តបំពេញភារកិច្ចពាក់ព័ន្ធ សំដៅធានាបាននូវផ្លែផ្កា និងផលជះវិជ្ជមាននៃកិច្ចសហប្រតិបត្តិការមួយនេះ៕

ដោយ៖ សហការី


ចែករំលែក៖