ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ បានបើកកិច្ចប្រជុំជាមួយ មន្ដ្រីជំនាញ ពាក់ព័ន្ធ ដើម្បី ដោះស្រាយផល ប៉ះពាល់គម្រោងផែនការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្រ្តរាជធានីភ្នំពេញ និងមានការចូលរួមពី លោកបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការ និងជាប្រធាន គណៈកម្មការអន្តរក្រសួង នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ កិច្ចប្រជុំនេះ មានគោលដៅដោះស្រាយផលប៉ះពាល់ឱ្យ បានល្អ កាត់បន្ថយឱ្យបាននូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ប្រវត្ដរាជធានីភ្នំពេញក៏កើតឡើងក្នុងតំបន់ទំនាប លិចទឹក ដោយទឹកហូរពីតំបន់ភ្នំ ពិសេសមកពីខេត្តកំពង់ស្ពឺ ហូរចូលមកភ្នំពេញ ដូច្នេះហើយនៅរដូវវស្សារាជធានីភ្នំពេញ តែងប្រឈមនិងបញ្ហាលិចលង់ បើទោះបីយើងប្រឹងប្រែងក្នុងការដោះស្រាយយ៉ាងណាក្តី។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ រាជរដ្ឋាភិ បាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់ឥទាន ដើម្បីដោះស្រាយបញ្ចប់ បញ្ហាទឹកជន់លិចនៅរាជធានីភ្នំពេញនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ គម្រោងនេះមានផលប៉ះពាល់ខ្លាំង ដែលទៀមទាឱ្យ យើងយកចិត្តទុកដាក់ក្នុងការដោះស្រាយ ពិសេស ការផ្សព្វផ្សាយនិងពន្យល់ប្រជាពលរដ្ឋអោយបានយល់ពីសារៈសំខាន់នៃគម្រោងនេះ។សម្រាប់ រដ្ឋបាលរាជធានីភ្នំពេញ ប្តេជ្ញាចិត្តថា នឹងខិតខំដោះស្រាយអោយបានល្អបំផុតជាមួយប្រជាពលរដ្ឋ។
លោកបណ្ឌិតស្តើង សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានបញ្ជាក់ថា៖ លោកសូម បន្តគាំទ្រសកម្មភាព របស់អាជ្ញាធររាជធានីភ្នំពេញក្នុងការអភិវឌ្ឍរាជធានីបន្តទៀត។ ជាធម្មតាមានការអភិវឌ្ឍគឺមានបញ្ហាប្រឈមហើយរួមនឹងបញ្ហាក កស្ទះចរាចរណ៍ផងដែរ។ ការអភិវឌ្ឍ បូករួមជាមួយការបម្រែលបម្រួលអាកាសធាតុ វាពិតជានាំមកនូវភាពលិចលង់ហើយ សូម្បីប្រទេសជឿនលឿនមួយចំនួនដូចជា នៅប្រទេសជប៉ុននិងអាមេរិកជាដើមក៏ទទួលរងការលិចលង់ដែរ ជៀសមិនផុតទេ។ ដោយដោយមើលឃើញពីបញ្ហានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញជាគម្រោងធំមួយដើម្បីដោះស្រាយ សំដៅធ្វើយ៉ាងណាកុំអោយលិចលង់រាជធានីភ្នំពេញទៀត។
-គម្រោងនេះពាក់ព័ន្ធនឹងរាជធានីភ្នំពេញ ខេត្តកណ្តាលនិងខេត្តតាកែវ ហើយម្ចាស់គម្រោង មានក្រសួងសាធារណការ និងដឹកជញ្ជូន,ក្រសួងធនធានទឹកនិងឧតុនិយម និងរដ្ឋបាលរាជធានីភ្នំពេញ។
លោក អ៊ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់. បានបញ្ជាក់ថា៖
គោលបំណងរបស់រាជរដ្ឋាភិបាលនីតិ កាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅ បញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំយ៉ាងយូរ នៅរដូវភ្លៀងធម្មតា ដោយត្រូវអនុលោមតាមផែនការមេ ច្បាស់លាស់ នៃការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធ។
លោកបានបន្ដថា៖ ដើម្បីសម្រេចបាននូវគោលបំណងនេះ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការរៀបចំ និងអនុវត្តផែនការ វិនិ យោគ លើហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដោយឈរលើមូលដ្ឋានសំខាន់ៗចំនួន ៣ ទី១) ការបញ្ចៀស និងការគ្រប់គ្រងហានិភ័យនៃការជន់លិច។ ២) ផែនការមេត្រូវមានភាពច្បាស់លាស់គ្រប់ជ្រុង ជ្រោយ ប្រទាក់ក្រឡា និងមានលំដាប់អាទិភាពច្បាស់លាស់ ព្រមទាំងមានភាពបំពេញឱ្យគ្នាទៅវិញទៅមកពីគ្រប់ប្រភពហិរញ្ញប្បទាន។ ៣) ការធានានិរន្តរភាពប្រតិបត្តិការបន្ទាប់ពីការវិនិយោគ។ ចំពោះផលប៉ះពាល់នៃគម្រោងនេះ យើងនឹងអនុវត្តទៅតាមគោល ការច្បាប់នៃផលប៉ះពាល់ ដោយកិច្ចសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឈានទៅសម្រេចឱ្យបានជោគជ័យនៃគម្រោងនេះ៕.
ដោយ៖ សំរិត