ភ្នំពេញ៖ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលលើកទី៧ ក្រោមប្រធានបទ«សេចក្ដីផ្ដើម ស្ដីពីការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ» ដែលសហការរៀបចំឡើងដោយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្រ្ដី, ក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីខាងកើត ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្ត្រីក្រុមប្រឹក្សាអ្នកច្បាប់, ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, អគ្គនាយកដ្ឋានចំណុះទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួង-ស្ថាប័ន, សភាពាណិជ្ជកម្ម, វិស័យឯកជន, អង្គការសង្គមស៊ីវិល, ស.ស.យ.ក. និង និស្សិតសរុបប្រមាណ៥០០នាក់ក្នុងគោលដៅ ពង្រឹងសមត្ថភាព, ចែករំលែក, ផ្លាស់ប្ដូរចំណេះដឹងនិងបទពិសោធពាក់ព័ន្ធនានា។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានចាត់ទុកប្រធានបទស្តីពី «ការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ» ពិតជាមានសារសំខាន់សម្រាប់រាជរដ្ឋាភិបាល ជាពិសេសសម្រាប់ទីស្តីការគណៈរដ្ឋមន្ត្រីដែលជាសេនាធិការក្នុងការសម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រី លើការងារពិនិត្យ និងកែសម្រួលការតាក់តែងសេចក្ដីព្រាងច្បាប់, លិខិតបទដ្ឋានគតិយុត្ដ, គោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ក្នុងនោះ, រាជរដ្ឋាភិបាលផ្ដោតសំខាន់លើការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌, ការលើកកម្ពស់ប្រសិទ្ធភាព, សង្គតិភាព និងអនុលោមភាពគតិយុត្តនៃការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សំដៅធានាបាននូវភាពមានប្រយោជន៍ ភាពជឿទុកចិត្តបាន តម្លាភាព ភាពស្មើគ្នានៅចំពោះមុខច្បាប់ និងភាពដែលអាចអនុវត្តបាន ដែលជាគោលការណ៍សំខាន់ នៃការកសាងនីតិរដ្ឋក៏ដូចជាការរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសក្នុងរយៈពេលយូរអង្វែង។
សម្រាប់ លោក វង្សី វិស្សុត ការតាក់តែង និងការអនុវត្ដបទប្បញ្ញត្ដិមានកម្មវិបាក ឬបច្ច័យដល់ភាពប្រកួតប្រជែងនិងកំណើនសេដ្ឋកិច្ច សុខុមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបធុរកិច្ចរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុន។ ជាក់ស្ដែង, ការអនុវត្ដបទប្បញ្ញត្តិល្អ នឹងផ្ដល់បច្ច័យវិជ្ជមានដល់សង្គម-សេដ្ឋកិច្ច ដូចជាប្រសិទ្ធភាពសេដ្ឋកិច្ចជួយការពារសិទ្ធិ និងផលប្រយោជន៍ដល់សាធារណជន ព្រមទាំងគាំទ្រដល់អន្ដរអំពើក្នុងសង្គម ដើម្បីធានាភាពច្បាស់លាស់, ភាពអាចប៉ាន់ប្រមាណបាន និងភាពយុត្ដិធម៌។ ផ្ទុយទៅវិញ ការដាក់ឱ្យអនុវត្ដបទប្បញ្ញត្តិ ដែលមិនមានលក្ខណៈអំណោយផលនឹងបង្កើនជាបន្ទុកចំណាយអនុលោមភាព, ការរឹតត្បិតសេរីភាព, និងជាពិសេសការបន្ទុចបង្អាក់នវានុវត្ដន៍ និងការបង្កើតជាវិបាកមិនល្អដល់សង្គម-សេដ្ឋកិច្ចជាយថាហេតុ។
ឆ្លៀតក្នុងឱកាសនេះ លោក ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយភាពស្វាហាប់, ថាមវន្ដ និងវាងវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានបន្ដ និងជំរុញលើកកម្ពស់ការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ ដោយបានរៀបចំបង្កើតគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ ដែលជាយន្ដការដឹកនាំសម្របសម្រួល និងជំរុញការអនុវត្ដការងារកែទម្រង់ច្បាប់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្ដិសុខគតិយុត្ដ ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃជារួមថា ការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិទាមទារឱ្យមានការចូលរួម និងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ,ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងអនុលោមតាមនិយាមស្ដង់ដាអន្ដរជាតិ ក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយនានា។ ក្នុងន័យនេះ លោក វង្សី វិស្សុត បានបន្តលើកឡើងថា ការពង្រឹងការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ ត្រូវផ្ដោតលើចំណុចសំខាន់ៗ មានដូចជា៖
ទី១.ទីស្ដីការគណៈរដ្ឋមន្រ្ដី ត្រូវពង្រឹងមុខងារស្នូលគឺជាស្ថាប័នសម្របសម្រួលត្រួតពិនិត្យ និងវាយតម្លៃការតាក់តែង, ការធ្វើវិសោធនកម្ម, និរាករណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ជាសេនាធិការ តាមរយៈការបង្កើតប្រព័ន្ធការងារដែលមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។
ទី២.គ្រប់ក្រសួង-ស្ថាប័ន ត្រូវអនុវត្ដវិធីសាស្រ្ដការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ តាមរយៈការបង្កើនការយកចិត្ដដាក់លើការចូលរួមពីភាគីពាក់ព័ន្ធ, ការពិគ្រោះយោបល់ជាសាធារណៈ, ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងអនុលោមតាមស្ដង់ដាអន្ដរជាតិ ក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយនានា ដើម្បីធានាដល់តម្លាភាពនៃការអភិវឌ្ឍបទប្បញ្ញត្តិ ព្រមទាំងអនុវត្ដលិខិតបទដ្ឋានគតិយុត្ដ ប្រកបដោយតម្លាភាព, ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
ទី៣. គ្រប់ក្រសួង ស្ថាប័ន ត្រូវពង្រឹង និងបង្កើនសមត្ថភាពរបស់អង្គភាព និងធនធានមនុស្ស ដែលមានសមត្ថភាពស្វែងយល់អំពីការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ, ការតាក់តែងសេចក្ដីព្រាងច្បាប់, លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយនានា និងការវិភាគសេដ្ឋកិច្ច និងសង្គម។
ទី៤. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរផ្ដោតការយកចិត្ដទុកដាក់ក្នុងការវិភាជថវិកាគ្រប់គ្រាន់សម្រាប់ក្រសួង ស្ថាប័ន ដើម្បីធានាដល់ការអនុវត្ដការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិតាមបណ្ដាក្រសួង ស្ថាប័នទាំងអស់ និងទី៥. គ្រប់ក្រសួង-ស្ថាប័ន ត្រូវពង្រឹងយន្ដការសម្រេចចិត្ដបទប្បញ្ញត្តិដោយផ្អែកលើវិទ្យាសាស្រ្ដ ដើម្បីធានាថារាល់ការតាក់តែងសេចក្ដីព្រាងច្បាប់, លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយបែបវិទ្យាសាស្រ្ដផ្ដល់នូវសង្គតិភាព, និងភាពដែលអាចប៉ាន់ប្រមាណបាននូវលទ្ធផលនៃច្បាប់, លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយទាំងនេះ។
មុននឹងបញ្ចប់ ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងថា ច្បាប់អាចដើរតួជាឃ្នាស់ដែលអាចលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោះស្រាយបញ្ហាសេដ្ឋកិច្ច និងលើកកម្ពស់សេដ្ឋកិច្ច ប៉ុន្តែក៏អាចដើរតួជាបន្ទុកសម្រាប់ប្រជាពលរដ្ឋ ដែលនាំឱ្យរាំងស្ទះដល់ការអភិវឌ្ឍផងដែរក្នុងករណីរៀបចំមិនបានល្អ។ ហើយអ្នករៀបចំច្បាប់ក៏ត្រូវប្រកាន់ខ្ជាប់នូវម្ខាងគឺគោលការណ៍នីតិរដ្ឋ ដែលយកច្បាប់ជាធំ ហើយម្ខាងទៀតគឺគោលការណ៍ផលប្រយោជន៍នៃច្បាប់ក្នុងសង្គម-សេដ្ឋកិច្ច ដើម្បីធានាថារាល់ច្បាប់ដែលត្រូវបានដាក់ឱ្យអនុម័ត និងអនុវត្តពិតជាជះឥទ្ធិពលល្អដល់ប្រទេសជាតិ។ ជាមួយគ្នានេះ ការរៀបចំច្បាប់នីមួយៗត្រូវមានការគិតគូរច្បាស់លាស់នៅគ្រប់ដំណាក់កាល ដោយចាប់ផ្តើមពីការយល់ដឹងអំពីគោលដៅនៃច្បាប់ ការរៀបចំ តាក់តែង អនុម័ត អនុវត្ត និងតាមដានការអនុវត្តច្បាប់៕
ដោយ ៖ សិលា